កីឡាអន្តរជាតិ
អន្តរជាតិ
Iniesta ៖ ខ្ញុំពិតជាឈឺចាប់ពេលឃើញ Messi លេងឲ្យក្លិប PSG
11, Aug 2021 , 4:37 pm        
រូបភាព
Andre Iniesta អតីតកីឡាករក្លិប Barcelona និងជាអតីតមិត្តរួមក្រុមដ៏ជិតស្និទ្ធជាមួយ Lionel Messi អះអាងថា ខ្លួនពិតជាមានការឈឺចាប់នៅពេលឃើញ Messi លេងឲ្យក្លិប PSG ។ វិរៈបុរសរបស់ក្លិបអ្នកមានបុណ្យ មិនដែលស្រមៃបានទេថា Messi នឹងលេងឲ្យក្លិបដទៃឡើយ។



ក្រោយពីទទួលបានដំណឹងថាតារាឆ្នើម Messi បានចុះកុងត្រាជាមួយក្រុមអ្នកមានបារាំង រយៈពេល២ឆ្នាំនោះ កីឡាករ Iniesta មានអារម្មណ៍មិនសប្បាយចិត្តឡើយ។ Iniesta ដែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកគាំទ្រ Messi រំជួលចិត្តនៅពេលឃើញ Messi ពាក់អាវក្រុម PSG ។ 
 
«ខ្ញុំមិនបានដឹងនៅរឿងដែលកើតឡើង ឬក៏ដំណើររឿងដែរ ប៉ុន្តែក្លិបត្រូវការពេលវេលាបន្ទាប់ពីការដោះដូរមួយនេះ។ វាបានធ្វើឲ្យខ្ញុំឈឺចាប់នៅពេលឃើញរូបគាត់(Messi) ពាក់អាវក្រុមដទៃ។ Messi គឺជាមនុស្សរបស់ក្រុម Barcelona រូបគេពិតជាអស្ចារ្យ រូបគេជាកីឡាករកំពូលសម្រាប់ក្លិប ខ្ញុំមិនដែលឃើញកីឡាករណាដូចរូបគេឡើយ»។ Iniesta បាននិយាយប្រាប់សារព័ត៏មាន AFP បែបនេះ។
 
Iniesta ក៏រំពឹងដែរថា ក្រោយពីមិនមានតារាឆ្នើមដូចជា Messi បន្តទៀត ក្លិបត្រូវខិតខំប្រឹងប្រែង ដើម្បីបន្តជាក្រុមដ៏ខ្លាំងមួយសម្រាប់ពិភពលោក នៅក្នុងចំណោមក្លិបកំពូលៗដទៃទៀត។
 
Lionel Messi សម្រេចទៅចូលរួមជាមួយ Paris Saint Germain ដោយយល់ព្រមចុះកិច្ចសន្យា២ឆ្នាំ និងលក្ខខណ្ឌ១ឆ្នាំបន្ថែមទៀត។ Messi ដែលត្រូវពាក់លេខ៣០ នឹងទទួលបានប្រាក់ឈ្នួល ៤១លានដុលា្លរក្នុងមួយឆ្នាំ ក្រោយបង់ពន្ធរួច។
 
៤១លានដុល្លារក្នុងមួយឆ្នាំ ជាប្រាក់ឈ្នួលដែល Messi ទទួលបានខ្ពស់ជាងគេលើលោក ដោយលើស Neymar ដែលរកបាន៣៦លានដុល្លារមួយឆ្នាំ។
 
គួរបញ្ជាក់ថា Messi ត្រូវបានចាត់ទុកជាកីឡាករដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រ ដោយបានស៊ុតបាល់បញ្ចូលទី៦៧២គ្រាប់ ក្នុង៧៧៨ប្រកួតនៃក្លិប Barcelona ចាប់តាំងពីអាយុ១៣ឆ្នាំមក។ គេបានឈ្នះ Ballon d’Or ៦លើក និងលើកពានរង្វាន់៣៥ដងជាមួយក្លិបនៅកាតាឡូនីមួយនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com