ជាតិ
កម្ពុជា-ព្រុយណេ ចុះអនុស្សរណៈយោគយល់គ្នា លើវិស័យវប្បធម៌ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាហត្ថលេខី តំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងភាគីព្រុយណេ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១១ សីហា ២០២១
× ភ្នំពេញ៖ កម្ពុជា និងព្រុយណេ បានចុះអនុស្សរណៈយោគយល់គ្នា លើវិស័យវប្បធម៌ ដើម្បីពង្រឹងទំនាក់ទំនងវប្បធម៌ រវាងប្រជាជន និងប្រទេសទាំងពីរ។ អនុស្សរណៈយោគយល់គ្នានេះ នឹងជំរុញការផ្លាស់ប្ដូរក្នុងវិស័យវប្បធម៌ លើកទឹកចិត្ត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការវប្បធម៌ ដោយផ្អែកលើគោលការណ៍ស្មើភាពគ្នា និងផ្ដល់ផងប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
លោក កែវ កាន់វីរៈ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ផ្នែកវប្បធម៌ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ការផ្លាស់ប្ដូរទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ រួមមានផ្លាស់ប្ដូរបទពិសោធផ្សេងៗ ក៏ដូចជាកិច្ចការមួយចំនួនទៀត លើវិស័យវប្បធម៌ ។ ក្នុងនោះប្រទេសទាំងពីរ ក៏អាចរៀបចំព្រឹត្តិការណ៍វប្បធម៌ផ្សេងៗ ជាមួយគ្នាផងដែរ។
លោក កែវ កាន់វីរៈ ពន្យល់បន្ថែម៖«យើងអាចអញ្ជើញខាងព្រុយណេមកកម្ពុជា ឬយើងបញ្ជូនសិល្បករយើងទៅគេវិញ ដើម្បីផ្លាស់ប្ដូរបទពិសោធសិល្បៈ នេះគ្រាន់តែជាឧទាហរណ៍។ ផ្នែកផ្សេងៗនៃវប្បធម៌ ដូចជាបុរាណវិទ្យា ស្ថាបត្យកម្ម ជាដើមដែលយើងគិតថា ប្រទេសទាំងពីរអាចផ្លាស់ប្ដូរជាមួយគ្នាបាន ក៏យើងអាចនឹងធ្វើដែរ»។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងរាជរដ្ឋាភិបាលកម្ពុជា និង លោក MAJOR GENERAL(Rrd) DATO PADUKA SERI HAJI AMINUDDIN IHSAN BIN PEHIN ORANG KAYA SAIFUL MULOKN DATO SERI PADUKA HAJI ABIDIN រដ្ឋមន្ត្រីក្រសួងវប្បធម៌ យុវជន និងកីឡា តំណាងព្រះចៅស៊ុលតង់ នៃរាជរដ្ឋាភិបាលព្រុយណេដារ៉ូសាឡឹម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លើវិស័យវប្បធម៌ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមប្រព័ន្ធវីដេអូ។
ក្រៅពីព្រុយណេ កម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយប្រទេសផ្សេងៗប្រមាណ២០ប្រទេស មានទាំងនៅទ្វីបអ៊ឺរ៉ុប អាស៊ី និងអាមេរិក៕
Tag:
វប្បធម៌
សិល្បៈ
កម្ពុជា
ព្រុយណេ
© រក្សាសិទ្ធិដោយ thmeythmey.com