កីឡាអន្តរជាតិ
អន្តរជាតិ
អាវ Messi នៅ PSG លក់ដាច់ស្តុក ទោះតម្លៃឡើងដល់២០០ដុល្លារ
12, Aug 2021 , 11:34 am        
រូបភាព
ក្រុមអ្នកគាំទ្រ Paris Saint-Germain បានសម្រុកទិញអាវរបស់ក្រុមខ្លួនតាមអ៊ីនធឺណិតរហូតដាច់ស្តុកក្រោយការមកដល់របស់ Lionel Messi ត្រឹម៣០នាទី។ អាវលេខ៣០ ដែល Messi ត្រូវពាក់លេងឱ្យ PSG លក់ដាច់ជាងគេ បើទោះតម្លៃកើនដល់២០០ដុល្លារអាមេរិកក៏ដោយ។

 
ម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យបានទៅដល់ទីក្រុងប៉ារីសដើម្បីពិនិត្យសុខភាព និងបង្ហាញមុនជាផ្លូវការនៅចំពោះមុខអ្នកគាំទ្រនៅកីឡដ្ឋាន Parc des Princes រួចរាល់ហើយ ក្រោយបញ្ចប់ការផ្ទេរដោយឥតគិតថ្លៃពី Barcelona។ 
 
Messi ដែលត្រូវពាក់អាងលេខ៣០ បានយល់ព្រមចុះកិច្ចសន្យារយៈពេល២ឆ្នាំ និងពន្យាមួយឆ្នាំទៀតឱ្យ PSG ដោយទទួលបានថ្លៃពលកម្មខ្ពស់បំផុតលើលោក ៤១លានដុល្លារក្នុងមួយរដូវកាល។
 
នៅក្រោយការបង្ហាញមុខ Messi ផ្លូវការ ត្រឹមតែ៣០នាទីប៉ុណ្ណោះ អាវរបស់ក្រុមយក្សបារាំងមួយនេះ ត្រូវបានលក់អស់ដល់ដាច់ស្តុក។ វេបសាយលក់សម្លៀកបំពាក់ផ្លូវការរបស់ PSG បង្ហាញតម្លៃអាវក្នុងដីរដូវកាលថ្មីរបស់ពួកគេដោយមានពីរជម្រើស។ ជម្រើសទី១សម្រាប់អាវអ្នកគាំទ្រតម្លៃ ១៣៥ដុល្លារ និងអាវកីឡាករថ្លៃ១៨៥ដុល្លារ។
 
យ៉ាងណាក៏ដោយ ឈុតអាវកីឡាករដែលមានឈ្មោះ Messi និងមានលេខ៣០ មានតម្លៃកើនដល់២០០ដុល្លារឯណោះ ប៉ុន្តែនៅតែត្រូវលក់ដាច់អស់គ្មានសល់។ នេះបើយោងតាមការផ្សាយរបស់កាសែត Marca។
 
លើសពីនេះទៅទៀត​ នៅតាមហាងលក់សម្លៀកផ្សេងៗ ក៏ត្រូវប្រកាសថាលក់ដាច់ស្តុកផងដែរ ដោយហាងខ្លះលក់ក្នុងតម្លៃលើសពី២០០ដុល្លារទៀតផង សម្រាប់ឈុតអាវរបស់ខ្សែបម្រើអន្តរជាតិអាហ្សង់ទីនរូបនេះ។
 
Messi វ័យ៣៤ឆ្នាំ ជាមាជិកថ្មីទី៥ ដែលអ្នកចាត់ការទូទៅលោក Mouricio Pochettino នាំទៅពង្រឹមក្រុម PSG រដូវកាល ២០២១-២២ នេះ បន្ទាប់ពីយកបានខ្សែបម្រើ Georginio Wijnaldum ខ្សែការពារ Sergio Ramos ខ្សែការពារ Achraf Hakimi និងអ្នកចាំទី Giangluigi Donnarumma៕
 


Tag:
 Paris Saint-Germain
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com