អន្តរជាតិ
អនុរដ្ឋមន្រ្តីការបរទេសអាមេរិក នឹងជួបទូតចិនថ្មីជជែកពីទំនាក់ទំនងទ្វេភាគី អគ្គរដ្ឋទូតចិនថ្មីប្រចាំអាមេរិក ឈីន កាង ។ រូបថត Xinhua
× អនុរដ្ឋមន្រ្តីការបរទេសអាមេរិក វិនឌី ស៊ើមែន នឹងជួបជាមួយអគ្គរដ្ឋទូតថ្មីរបស់ចិន ឈីន កាង ដើម្បីពិភាក្សាពីទំនាក់ទំនងប្រទេសទាំងពីរ។ អាមេរិក និងចិនជាមហាអំណាចពិភពលោកពីរ ដែល មើលមុខគ្នាមិនសូវត្រូវ។
ជំនួបរវាងអនុរដ្ឋមន្ត្រី វិនឌី ស៊ើមែន និងអគ្គរដ្ឋទូតចិន ឈីន កាង នឹងធ្វើនៅថ្ងៃទី១២ ខែសីហា នៅឯក្រសួងការបរទេសអាមេរិក។ ក្រសួងការបរទេសអាមេរិកបាន ប្រកាសបែបនេះនៅថ្ងៃទី១១ ខែសីហា។ ទំនាក់ទំនងទ្វេភាគី ទំនងជាស្ថិតក្នុងរបៀបវារៈនៃជំនួបនេះ ហើយលោក ឈីន នឹងណែនាំខ្លួនផងដែរ។
លោកស្រី ស៊ើមែន ទើបបញ្ចប់ទស្សនកិច្ចនៅអាស៊ី និងជួបរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នៅទីក្រុងធានជីនកាលពីខែកក្កដាកន្លងទៅ។ កាលនោះ មន្រ្តីចិនបានប្រកាសជំហរច្បាស់ៗទាក់ទងបញ្ហាមិនត្រូវគ្នាជាច្រើន ហើយចិនក៏ប្រាប់អាមេរិកកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួនផងដែរ។
ចំណែក លោក ឈីន កាង ក៏បានបង្ហាញសារជាវិជ្ជមានទៅភាគីអាមេរិកពេលទៅដល់ក្រុងវ៉ាស៊ីនតោន ដើម្បីកាន់តំណែង។ លោកប្រាប់អ្នកសារព័ត៌មានចិនថា ច្រកទ្វារទំនាក់ទំនងរវាងប្រទេសទាំងពីរមិន ទាន់បិទឡើយ ហើយថែមទាំងមានឱកាសសហការទ្វេភាគី និងសក្តានុពលជាច្រើនថែមទៀត។
មុនក្លាយជាប្រមុខការទូតចិនប្រចាំវ៉ាស៊ីនតោន លោក ឈីន ជាអនុរដ្ឋមន្រ្តីការបរទេសចិនដែលកាន់ កាប់កិច្ចការអឺរ៉ុប និងពិធីការ។ លោកក៏ធ្លាប់ធ្វើការជាអ្នកនាំពាក្យក្រសួងការបរទេសចិនចន្លោះពីឆ្នាំ ២០០៦ ដល់ឆ្នាំ២០១៤ ផងដែរ។ លោក ឈីន មានវ័យ ៥៥ ឆ្នាំ ត្រូវជំនួសលោក ឈួយ ធានខៃ ដែល បានប្រកាសលាឈប់នៅខែមិថុនា បន្ទាប់ពីកាន់តំណែងរហូតដល់៨ឆ្នាំ។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោនយ៉ាប់យ៉ឺនក្រោមការដឹកនាំរបស់ អតីតរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ។ ចាប់តាំងពីឡើងកាន់តំណែងកាលពីខែមករា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានរក្សាសម្ពាធលើចិន បង្កើនការដាក់ទណ្ឌកម្មលើមន្រ្តីចិន និងប្តេជ្ញាមិនឱ្យចិន ជំនួសខ្លួនដែលជាមហាអំណាចបានឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com