អន្តរជាតិ
អាមេរិកនិងអង់គ្លេស បញ្ជូនទ័ពទៅអាហ្វហ្កានីស្ថានដើម្បីជម្លៀសបុគ្គលិកស្ថានទូត
13, Aug 2021 , 11:59 am        
រូបភាព
ក្រុមតាលីបង់ បានបន្តជ័យជម្នះរបស់ខ្លួនថែមទៀត ដោយវាយដណ្ដើមក្ដោបក្ដាប់បានទីក្រុងធំៗ២ទៀតនៅអាហ្វហ្គានីស្ថាន។ ដោយមើលឃើញការគំរាមមកកាន់តែកៀក អាមេរិក និងចក្រ ភពអង់គ្លេស សម្រេចជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួន ហើយបញ្ជូនកងទ័ពទៅកាន់អាហ្វហ្កានីស្ថានដើម្បីការពារការជម្លៀសមនុស្សទៀតផង។ អាមេរិក ក៏ទទូចជាថ្មីឱ្យប្រជាជនខ្លួនប្រញាប់រៀបបង្វិចចេញពីប្រទេសនេះផងដែរ។

 
ការដណ្ដើមបានទីក្រុង Kandahar និង Herat ដែលទីក្រុងធំលំដាប់ទី២ និងទី៣ របស់ អាហ្វហ្កានីស្ថាន ជាជ័យជម្នះធំបំផុតរបស់ក្រុមតាលីបង់ចាប់តាំងពីពួកគេបានចាប់ផ្តើមការវាយលុក កាលពីខែឧសភា។ ឆ្លើបតបនឹងស្ថានការណ៍វិវត្តន៍នេះ មន្ទីរបញ្ចកោណបានប​ញ្ជូនកងទ័ពប្រហែល៣ ពាន់នាក់ក្នុងរយៈពេល៤៨ម៉ោងទៅអាហ្វហ្កានីស្ថានដើម្បីជួយជម្លៀសបុគ្គលិកស្ថានទូតប្រចាំទីក្រុងកាប៊ុល។
 
បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Ned Price នៅ ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ អាមេរិកនឹងរក្សាទុកតែបុគ្គលិកស្នូលនៅអាហ្វហ្គានីស្ថាន ឯស្ថានទូតនឹងមិនបិទនោះទេ។ ជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិក ក៏បានសន្យាបង្កើនល្បឿនផ្ដល់ទិដ្ឋាការអន្តោប្រវេសន៍ពិសេសសម្រាប់ ប្រជាជនអាហ្វហ្គានីស្ថានដែលបានជួយយោធាអាមេរិកនៅអាហ្វហ្គានីស្ថានជាង២០ ឆ្នាំមកនេះ។
 
ចំណែកឯចក្រភពអង់គ្លេស បានបញ្ជាក់ថា ខ្លួននឹងដាក់ពង្រាយកងទ័ពប្រហែល៦០០នាក់ដើម្បី ជម្លៀសបុគ្គលិកស្ថានទូត ប្រជាជនរបស់ខ្លួន និងអ្នកបកប្រែចេញពីអាហ្វហ្កានីស្ថានដែរ។ បុគ្គលិកសំខាន់ៗរបស់ស្ថានទូតអង់គ្លេសដូចជា​ អគ្គរាជទូត Laurie Bristow នឹងបន្តនៅទីក្រុងកាប៊ុលដដែល។  
 
ស្របពេលស្ថានការណ៍កាន់តែអាក្រក់ ប្រមុខការទូតអាមេរិក អាន់តូនី ប្លីងខិន និងរដ្ឋមន្រ្តីការពារជាតិ ឡយ អូស្ទីន បានពិភាក្សានៅថ្ងៃទី១២ ខែសីហា ជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani ។ មន្រ្តីទាំងពីរអះអាងថា អាមេរិកនឹងនៅតែជួយការពារសន្តិសុខ និងស្ថិរភាពរបស់អាហ្វហ្គានីស្ថាន ហើយប្តេជ្ញាចិត្តរកដំណោះស្រាយសម្រាប់ជម្លោះនយោបាយនេះ។
 
ក្នុងថ្ងៃទី១២ ខែសីហានេះដែរ ប្រេសិតអាមេរិក ចិន និងប្រទេសដទៃទៀត បានជួបប្រជុំគ្នានៅកាតា ជាមួយអ្នកចរចារដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងតំណាងតាលីបង់។ ប្រេសិតទាំងនោះ បានទទូចឱ្យ បញ្ឈប់អំពើហិង្សា និងការវាយប្រហារភ្លាមៗនៅក្នុងទីរួមខេត្ត និងទីក្រុងដទៃទៀត ហើយជំរុញឱ្យ ភាគីទាំងពីរចាត់វិធានការនានាដើម្បីឈានដល់ដំណោះស្រាយនយោបាយដោយសន្ដិវិធី។​
 
យ៉ាងណាមិញ ក្រុមតាលីបង់ ហាក់មិនសូវខ្វល់ខ្វាយការចរចាឡើយ ព្រោះខ្លួនកំពុងមានផលចំណេញក្នុងសមរភូមិប្រយុទ្ធ។ ក្រៅពីទីក្រុងធំៗខាងលើ ក្រុមតាលីបង់ បានកាន់កាប់ទីក្រុង Ghazni ដែលមាន ចំងាយត្រឹមតែ១៥០គីឡូម៉ែត្រពីរដ្ឋធានីកាប៊ុល ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកធ្លាប់អះអាង ថា តាលីបង់អាចកាត់ផ្តាច់ទីក្រុងកាប៊ុលក្នុងរយៈពេល៣០ថ្ងៃ ហើយអាចគ្រប់គ្រងទីក្រុងនេះបានក្នុង រយៈពេល៩០ថ្ងៃតែប៉ុណ្ណោះ៕
 

Tag:
 អាមេរិក
  អង់គ្លេស
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com