អន្តរជាតិ
ទូតចិនថ្មី រំឭកអាមេរិកពីជំហររបស់ទីក្រុងប៉េកាំងទាក់ទងបញ្ហាកោះតៃវ៉ាន់
13, Aug 2021 , 9:29 pm        
រូបភាព
អនុរដ្ឋមន្រ្តីការបរទេសអាមេរិក វិនឌី ស៊ើមែន ជជែកជាមួយអគ្គរដ្ឋទូតចិន ឈីន កាង នៅក្រសួងការបរទេសអាមេរិកនៅថ្ងៃទី១២ ខែសីហា។ រូបថតពីស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន
អនុរដ្ឋមន្រ្តីការបរទេសអាមេរិក វិនឌី ស៊ើមែន ជជែកជាមួយអគ្គរដ្ឋទូតចិន ឈីន កាង នៅក្រសួងការបរទេសអាមេរិកនៅថ្ងៃទី១២ ខែសីហា។ រូបថតពីស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន
អគ្គរដ្ឋទូតចិនថ្មីប្រចាំនៅអាមេរិក ឈីន កាង បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក វិនឌី ស៊ើមែន នៅថ្ងៃទី១២ ខែសីហា ដែលជាការចាប់ផ្ដើមការងាររបស់ខ្លួន។ នាជំនួបនៅក្រសួងការបរទេសអាមេរិក លោក ឈីន បានបញ្ជាក់ជំហររបស់ទីក្រុងប៉េកាំងលើរឿងកោះតៃវ៉ាន់ ដោយលោកចាត់ទុកជាបញ្ហាសំខាន់មួយក្នុងទំនាក់ទំនងអាមេរិក-ចិន។

 
ក្នុងរបាយការណ៍ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua អំឡុងពេលជំនួបលើកដំបូង លោក ឈីន កាង និងលោកស្រី វិនឌី ស៊ើមែន បានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅលើបញ្ហាទ្វេភាគី។ ភាគីទាំងពីរ ក៏ឯកភាពគ្នាថា ទំនាក់ទំនងទ្វេភាគី មានសារសំខាន់ខ្លាំងណាស់ ហើយចាំបាច់ត្រូវ ដោះស្រាយបញ្ហាដែលកំពុងកើតមានតាមរយៈការសន្ទនា និងត្រូវស្ដារទំនាក់ទំនងឱ្យបានប្រសើរឡើង វិញដែរ។
 
ខណៈព័ត៌មានលម្អិតនៃជំនួបមិនត្រូវបានបញ្ចេញនោះ ទីភ្នាក់ងារព័ត៌មាន Xinhua រាយការណ៍ទៀតថា លោក ឈីន បានលើកយកបញ្ហាតៃវ៉ាន់ទៅជជែកជាមួយលោកស្រី ស៊ើមែន ។ អគ្គរដ្ឋទូតចិនទើបកាន់តំណែងរូបនេះ បានសង្កត់ធ្ងន់ថា រឿងកោះតៃវ៉ាន់ ជាបញ្ហាសំខាន់ និងរសើបបំផុតនៅក្នុង ទំនាក់ទំនងចិន-អាមេរិក។ ចំពោះមុខលោកស្រី ស៊ើមែន លោក ឈីន បញ្ជាក់ជំហរយ៉ាងច្បាស់ថា ចិន នៅតែចាត់ទុកថាតៃវ៉ាន់ជាដែនអធិបតេយ្យរបស់ខ្លួន។
 
ចំណែកក្រសួងការបរទេសអាមេរិកវិញ លើកឡើងថា លោកស្រី ស៊ើមែន ក៏លើកឡើងពីបញ្ហាដែលលោកស្រីបានជជែកជាមួយមន្រ្តីចិននៅក្រុងធានជីនកាលពីខែកក្កដាកន្លងទៅ។ មន្រ្តីលំដាប់ទីពីរបស់ក្រសួងការបរទេសអាមេរិករូបនេះបន្តថា អាមេរិកនៅតែចង់បន្តការសន្ទនាពីប្រធានបទដដែលទៀត។ 
 
កាលពីជំនួបនៅធានជីនក្បែររដ្ឋធានីប៉េកាំង លោកស្រី ស៊ើមែន បានជួបជាមួយសមភាគី សៀ ហ្វឹង និងប្រមុខការទូតចិន វ៉ាង យី ។ កាលនោះ អ្នកការទូតចិនទាំងពីរ សុទ្ធតែប្រើពាក្យសម្ដីធ្ងន់ៗ និងបញ្ជាក់ច្បាស់ពីជំហររបស់អាមេរិកលើបញ្ហាហុងកុង ស៊ីនជាំង និងកោះតៃវ៉ាន់ផងដែរ។ 
 
គួរបញ្ជាក់ថា ចិនទំនងកំពុងតែខឹងអាមេរិកមិនទាន់បាត់បង់ ខណៈរដ្ឋបាលលោកប្រធានាធិបតី ចូ បៃឌិន បង្កើនការគាំទ្រចំពោះកោះតៃវ៉ាន់រួមទាំងការលក់អាវុធ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដើម៕
 

Tag:
 ចិន
  អាមេរិក
  ឈីន កាង
© រក្សាសិទ្ធិដោយ thmeythmey.com