កីឡាអន្តរជាតិ
អន្តរជាតិ
យកមេដាយមាសទៅខាំ អភិបាលក្រុងជប៉ុនម្នាក់រងការរិះគន់ អូឡាំពិកនឹងផ្តល់មេដាយថ្មីឲ្យកីឡាការិនី
13, Aug 2021 , 10:29 pm        
រូបភាព
ដោយ: ធីតា
ការយកមេដាយទៅខាំគឺជារឿងធម្មតាសម្រាប់ម្ចាស់ជ័យលាភីអូឡាំពិក ប៉ុន្តែទង្វើរបស់អភិបាលក្រុងម្នាក់នៅជប៉ុន បែរជារងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់សាធារណជន ទៅវិញ ជាពិសេសនាអំឡុងនៃការរាលដាលកូវីដ-១៩។

 
លោក Takashi Kawamura អភិបាលក្រុង Nagoya បានដោះម៉ាស់ ហើយយកមេដាយមាសពីកីឡាការិនី Miu Goto ទៅខាំ នាអំឡុងពិធីអបអរការទទួលមេដាយមាសកីឡា Softball ពីព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុងតូក្យូ កន្លងមក។
 
កម្មវិធីអបអរ មានការផ្សាយផ្ទាល់តាមទូរទស្សន៍ ដែលធ្វើឲ្យលោក Mawamura រងនូវការរិះគន់យ៉ាងខ្លាំង។ វាបង្ហាញពីការមិនគោរពចំពោះម្ចាស់មេដាយមាស និងផ្តល់រូបភាពមិនល្អ នាអំឡុងនៃការរាតត្បាតកូវីដ-១៩ ដោយគ្មានការអនុវត្តវិធានសុខាភិបាលច្បាស់លាស់។
 
ក្រោយសកម្មភាពនេះ មន្ត្រីសាលាក្រុង Nagoya City បានថ្លែងប្រាប់ CNN ថា ក្រុងបានទទួលពាក្យបណ្តឹងជាង៨០០០ករណី ដែលក្នុងនោះមានការទាមទារឲ្យលោក Kawamura ចេញពីតំណែងផងដែរ។


 
តាមប្រភពទីភ្នាក់ងារព័ត៌មានរ៉យទ័រ គណៈកម្មការរៀបចំ Tokyo 2020 នឹងផ្តល់មេដាយមាសថ្មីមួយឲ្យ Miu Goto ជំនួសមេដាយចាស់។ «ដោយមានការគាំទ្រពីគណៈកម្មការអូឡាំពិកអន្តរជាតិ និងបំណងរបស់កីឡាការិនីផ្ទាល់ Goto នឹងទទួលបានមេដាយថ្មីជំនួសវិញ»។
 
ក្នុងសន្និសីទសារព័ត៌មានរបស់ខ្លួន លោក Kawamura បានសុំទោសចំពោះការធ្វើឲ្យខូចខាតមេដាយ ហើយលោកសន្យារ៉ាប់រាល់ការចំណាយចំពោះការធ្វើមេដាយថ្មី។ លោកបានសរសេរលិខិតទៅសុំទោស Goto និងសហព័ន្ធកីឡា Softball ជប៉ុនដោយផ្ទាល់ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com