ជាតិ
លោក យាន រស្មី រៀនថ្នាក់អនុបណ្ឌិតនៅបរទេស ដោយគ្មានបរិញ្ញាបត្រ
14, Aug 2021 , 5:59 pm        
រូបភាព
 លោក យាន រស្មី ដែលចប់ថ្នាក់អនុបណ្ឌិត ជំនាញប្រវត្តិសិល្បៈអាស៊ី ពីក្រៅប្រទេស
លោក យាន រស្មី ដែលចប់ថ្នាក់អនុបណ្ឌិត ជំនាញប្រវត្តិសិល្បៈអាស៊ី ពីក្រៅប្រទេស
ភ្នំពេញ៖ លោក យាន រស្មី ជោគជ័យក្នុងការបញ្ចុះបញ្ចូលសកលវិទ្យាល័យ៣នៅបរទេស ដើម្បីអាចចូលរៀនថ្នាក់អនុបណ្ឌិត ទាំងខ្លួនឯងគ្មានបរិញ្ញាបត្រត្រឹមត្រូវ។ បើតាម រស្មី សាលាទាំងនោះ មិនចង់ទទួលយកលោកឡើយ ព្រោះលោកមិនបានទទួលការបណ្ដុះបណ្ដាលចេញពីសាលាតាមស្ដង់ដា ដែលគេបានកំណត់។ ទោះជាយ៉ាងណា លោកនៅតែអាចបញ្ចុះបញ្ចូលសាលាទាំងនោះបាន តាមរយៈការបង្ហាញពីសមត្ថភាពរបស់ខ្លួន។



បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅឆ្នាំ២០០៩ យាន រស្មី មិនបានឈានទៅបញ្ចប់ថ្នាក់បរិញ្ញាបត្រមួយកម្រិតទៀតឡើយ។ ដ្បិតគ្មានបរិញ្ញាបត្រក្តី ប៉ុន្តែ រស្មី អាចទៅរៀនថ្នាក់អនុបណ្ឌិត ដែលមនុស្សផ្សេងទៀត មិនអាចធ្វើបាន។ ផ្ទុយពីរបៀបសិក្សាតាមឋានុក្រមពីថ្នាក់តូចទៅធំនោះ រស្មី បែរជាប្រើប្រាស់ជំនាញបញ្ចុះបញ្ចូលសាកលវិទ្យាល័យនៅបរទេស សុំអាហារូបករណ៍ថ្នាក់អនុបណ្ឌិត ទាំងខ្លួនគ្មានបរិញ្ញាបត្រទៅវិញ។ 
 
ការបញ្ចុះបញ្ចូលទៅអ្នកគ្រប់គ្រងសាកលវិទ្យាល័យទាំងនោះ ភាគច្រើន រស្មី ទទួលបានជោគជ័យជានិច្ច គ្រាន់តែប្រើពេលវេលាយូរប៉ុណ្ណោះ។ រំឭករឿងរ៉ាវប្រាប់សារព័ត៌មានថ្មីៗ លោក យាន រស្មី បានអះអាងថា ខ្លួនធ្លាប់បានទទួលអាហារូបករណ៍ទៅសិក្សានៅសកលវិទ្យាល័យ SOAS, University of London នៃចក្រភពអង់គ្លេស ថ្នាក់ក្រោយបរិញ្ញាបត្រ ជំនាញប្រវត្តិសាស្ត្រសិល្បៈអាស៊ីគ្នេយ៍ចិននិងឥណ្ឌា កាលពីឆ្នាំ២០១៤ ក្រោមអាហារូបករណ៍ Alphawood Scholarships ។ មួយឆ្នាំក្រោយមក ពោលគឺឆ្នាំ២០១៧ លោកទៅសិក្សានៅប្រទេសថៃ ក្នុងសកលវិទ្យាល័យ Chiang Mai University ក្នុងនាមជាសិស្សផ្លាស់ប្ដូរបទពិសោធ ជំនាញប្រវត្តិសិល្បៈអាស៊ីដូចគ្នា។ 
 
ក្នុងពេលជាមួយគ្នា នៅឆ្នាំ២០១៧ដដែលនេះ លោកបានបញ្ចុះបញ្ចូលស្ថានទូតអូស្ត្រាលី ក៏ដូចជាសកលវិទ្យាល័យមួយនៅប្រទេសអូស្ត្រាលី ដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិត ដោយគ្មានបរិញ្ញាបត្រផងដែរ។ ដោយឡែកឆ្នាំ២០១៨ លោកបានទៅសិក្សាថ្នាក់អនុបណ្ឌិត នៅសកលវិទ្យាល័យ LASALLE College of the Arts នៃប្រទេសសិង្ហបុរី ជំនាញប្រវត្តិសិល្បៈអាស៊ី។ ក្រៅពីនោះ លោក យាន រស្មី នៅទទួលបានអាហារូបករណ៍ជាច្រើនទៀត ដើម្បីទៅសិក្សានៅក្រៅប្រទេស ក៏ដូចជាសិក្សានៅក្នុងប្រទេសកម្ពុជា។ 
 
រូបភាពជាការបញ្ចុះបញ្ចូល ប៉ុន្តែទុកដូចជាការតវ៉ាដែរ ព្រោះលោក យាន រស្មី មិនព្រមបោះបង់ការព្យាយាមបង្ហាញប្រាប់សកលវិទ្យាល័យខាងលើ ថាលោកពិតជាមានចំណេះដឹងគ្រប់គ្រាន់ ដែលអាចមានតម្លៃស្មើនឹងការសិក្សាថ្នាក់បរិញ្ញាបត្រចេញពីសាលាដែរ។


 
ផ្ដើមចេញពីការសុំអាហារូបករណ៍ ទៅសិក្សានៅចក្រភពអង់គ្លេស ថ្នាក់ក្រោយបរិញ្ញាបត្រ បុរសដែលមានបទពិសោធធ្វើការក្នុងវិស័យសិល្បៈ ប្រមាណជា៧ឆ្នាំរូបនេះ ថាលោកចំណាយពេលប្រហែលជាមួយខែ ក្នុងការឆ្លើយឆ្លងអ៊ីមែល ជាមួយគណៈគ្រប់គ្រងសាលា និងអ្នកមានសិទ្ធិសម្រេចផ្ដល់អាហារូបករណ៍ ដើម្បីបញ្ជាក់ពីគុណសម្បត្តិរបស់លោក ។
 
សម្រាប់ រស្មី ដំណើរការចរចាជាមួយសាលា នៅចក្រភពអង់គ្លេស ពុំមានអ្វីលំបាកឡើយ ដោយលោកគ្រាន់តែបង្ហាញពីបទពិសោធការងារ ជំនឿចិត្ត និងសៀវភៅដែលលោកធ្លាប់បានអាន ពាក់ព័ន្ធនឹងជំនាញដែលលោកចង់សិក្សា។ 
 
«ខ្ញុំប្រាប់ពីបញ្ហាប្រឈមរបស់ខ្ញុំ ប្រាប់ពីការងាររបស់ខ្ញុំកន្លងមក និងបង្ហាញសៀវភៅដែលខ្ញុំបានអាន។ ខ្ញុំប្រាប់គេថានៅស្រុកយើងមិនមានមុខវិជ្ជាដែលខ្ញុំចង់រៀនទេ។ ខ្ញុំតែងនិយាយពាក្យមួយថា អ្វីដែលខ្ញុំបានធ្វើទាំងអស់កន្លងមក ខ្ញុំជឿជាក់ថាវាមានតម្លៃអាចជំនួសចំណេះដឹងចេញពីសាលាបាន។ ប្រហែលជាបែបនោះហើយមើលទៅ ទើបបានជាគេជ្រើសរើសយកខ្ញុំ។ ទៅអង់គ្លេសខ្ញុំគិតថាជាសំណាង ប៉ុន្តែទៅថៃនិងសិង្ហបុរី ទើបត្រូវការពេលចរចារច្រើន»។ នេះបើតាមបុរសវ័យ៣០ឆ្នាំរូបនេះ។
 
បុរសដែលជាអតីតបុគ្គលិកក្នុងអង្គការហ្វារពន្លឺសិល្បៈប្រមាណ៣ឆ្នាំរូបនេះ បញ្ជាក់ថា បើទោះបីជាលោកទទួលបានសញ្ញាបត្រ ថ្នាក់ក្រោយបរិញ្ញាបត្រ នៅចក្រភពអង់គ្លេសហើយក៏ពិតមែន ក៏សកលវិទ្យាល័យនៅប្រទេសថៃ និងនៅសិង្ហបុរី ពុំព្រមទទួលយកលោកឱ្យសិក្សាក្នុងសាលារបស់គេដែរ។ ពុំព្រមទទួលយក ក៏ព្រោះថា លោកពុំបានរៀនថ្នាក់បរិញ្ញាបត្រនោះឯង។

 
បានដឹងច្បាស់ពីសមត្ថភាពរបស់ខ្លួន លោក រស្មី មិនព្រមបោះបង់ចោលឱកាសឡើយ ក្នុងការពន្យល់ ផ្ដល់ភស្ដុងតាង និងបញ្ចុះបញ្ចូលសាលាឱ្យព្រមទទួលយកលក្ខខណ្ឌរបស់ខ្លួន បើទោះបីជាលោកត្រូវការពេលយូរក៏ដោយ។
 
បុរសដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ក្នុងអំឡុងឆ្នាំ២០០៩រូបនេះ បានអះអាងថា ខ្លួនបានជំរុញអាហារូបករណ៍(SEAsia scholar award) ដែលស្ថិតក្នុងគម្រោងនៅឡើយនោះ ឱ្យចេញជារូបរាង ហើយលោកគឺជាសិស្សដំបូងគេ ដែលទទួលបានអាហារូបករណ៍នោះ ពីសាលា LASALLE College of the Arts នៃប្រទេសសិង្ហបុរី។
 
បុរសសម្បុរខ្មៅស្រអែម សក់វែងក្រញ៉ាញ់រូបនេះ បាននិយាយថា៖ «គេថាគេមិនអាចឱ្យខ្ញុំរៀនបានទេ ព្រោះខ្ញុំមិនបានរៀនតាមស្ដង់ដាដែលគេបានកំណត់។ ខ្ញុំថាខ្ញុំមានសញ្ញាបត្រពីអង់គ្លេសខ្ពស់ហើយ ហេតុអ្វីមិនអាចរៀនបាន? គេឱ្យខ្ញុំបញ្ជាក់។ ខ្ញុំបានសុំសាលានៅអង់គ្លេសបញ្ជាក់ឱ្យខ្ញុំ។ គេសម្ភាសខ្ញុំ ហើយគេឱ្យខ្ញុំសរសេរអត្ថបទ។ សាលាចង់បានអ្វី គឺខ្ញុំផ្ដល់ឱ្យគេទាំងអស់។ ក្រោយពីខ្ញុំបានចូលរៀនហើយ ទើបខ្ញុំដឹងពីអ្នកធ្វើការក្នុងសាលាម្នាក់ ថាតាមពិតសាលាមិនចង់បានខ្ញុំទេ ប៉ុន្តែមានអ្នកគ្រប់គ្រងសាលាម្នាក់ បានឃើញពីសក្ដានុពលរបស់ខ្ញុំ ហើយគាត់ជំនះ ទើបគេព្រមយកខ្ញុំ»។
 
ជាងនោះទៅទៀត បុរសមកពីខេត្តបាត់ដំបងរូបនេះ ក៏ធ្លាប់បានតវ៉ាជាមួយស្ថានទូតអូស្ត្រាលី និងអ្នកគ្រប់គ្រងអាហារូបករណ៍ Australian Award ដើម្បីបើកផ្លូវឱ្យខ្លួនអាចមានលទ្ធភាព សុំអាហារូបករណ៍បានដោយជោគជ័យផងដែរ។ អ្វីដែលលោកតវ៉ានោះគឺ ដើម្បីឱ្យស្ថានទូតអូស្ត្រាលី និងអ្នកគ្រប់គ្រងអាហារូបករណ៍ Australian Award បង្កើតករណីពិសេសសម្រាប់លោក ព្រោះគោលការចាស់របស់អាហារូបករណ៍ ទាល់តែសិស្សមានបរិញ្ញាបត្រទើបអាចដាក់ពាក្យស្នើសុំបាន។

«ខ្ញុំមិនមានបរិញ្ញាបត្រ ទោះទៅដាក់ពាក្យក៏មិនជាប់ដែរ ទើបខ្ញុំព្យាយាមបើកផ្លូវឱ្យខ្លួនឯង តាមរយៈការតវ៉ាឱ្យដូរច្បាប់និងគោលការហ្នឹងចេញសិន ទើបខ្ញុំដាក់ទៅមានសង្ឃឹមជាប់»។ នេះជាការពន្យល់របស់លោក រស្មី។


 
ការជជែកចរចាដើម្បីបានអាហារូបករណ៍ ទៅរៀននៅប្រទេសអូស្ត្រាលីនេះ ក៏រឹតតែមានរយៈពេលយូរ និងត្រូវខិតខំប្រឹងប្រែងខ្លាំង។ លោក រស្មី បានផ្ដល់ឯកសារគ្រប់យ៉ាង ដែលខាងស្ថានទូតត្រូវការ ដើម្បីបញ្ជាក់ពីការសិក្សា និងបទពិសោធរបស់លោកកន្លងមក រហូតស្ថានទូតអូស្ត្រាលីប្ដូរពីពាក្យថា ទាល់តែមានសញ្ញាបត្របរិញ្ញា មកជាមានសញ្ញាបត្របរិញ្ញាបត្រ ឬមានតម្លៃស្មើ។
 
ទោះជាយ៉ាងនេះក៏ដោយ ស្ថានទូតអូស្ត្រាលី បានឱ្យ រស្មី ទាក់ទងទៅសាលាដែលលោកចង់រៀនដោយខ្លួនឯង ដើម្បីបញ្ចុះបញ្ចូលឱ្យគេព្រមទទួលយកលោក។  
លោក រស្មី បញ្ជាក់៖«ខ្ញុំទាក់ទងទៅសកលវិទ្យាល័យ The University of SYDNEY ដើម្បីសុំការអនុញ្ញាតឱ្យខ្ញុំចូលរៀន។ ខ្ញុំយកអ៊ីមេលហ្នឹងទៅឱ្យខាង Australian Award និងស្ថានទូតអូស្ដ្រាលី ដើម្បីឱ្យគេឃើញថា សាលានោះព្រមទទួលយកខ្ញុំ។ នៅពេលដែលគេឃើញខ្ញុំ យកការអនុញ្ញាតឱ្យចូលរៀនពីសកលវិទ្យាល័យធំ នៅអូស្ត្រាលី គេភ្ញាក់ផ្អើលខ្លាំងមែនទែន។ អ៊ីចឹងហើយបានជាក្នុងឆ្នាំ២០១៧ គេបានប្ដូរពីពាក្យ ទាល់តែសិស្សមានបរិញ្ញាបត្រ មកសិស្សមានបរិញ្ញាបត្រឬក៏តម្លៃស្មើ»។ ជាទូទៅស្ថានទូត ឬអ្នកកាន់អាហារូបករណ៍ គេទាក់ទងទៅសាលាឱ្យសិស្ស ប៉ុន្តែសម្រាប់ខ្ញុំខុសគេ ព្រោះខ្ញុំអត់មានបរិញ្ញាបត្រដូចសិស្សទូទៅទេ ដូច្នេះខ្ញុំត្រូវទាក់ទងទៅសាលាខ្លួនឯង»។

ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនៃការចរចាជាមួយស្ថានទូតនៅអូស្ត្រាលី លោក យាន រស្មី បានជាប់អាហារូបករណ៍ទៅសិក្សាក្នុងប្រទេសមួយផ្សេងទៀត ទាំងដែលលោកពុំទាន់ទទួលបានចម្លើយពីខាងស្ថានទូតអូស្រ្តាលី។


 
ខ្ញុំមិនបានដឹងថា ស្ថានទូតនៅអូស្ត្រលីបានកែច្បាប់ តាមអ្វីដែលខ្ញុំស្នើសុំទេ។ តាមពិតគេកែតាំងពីខ្ញុំបានរកហេតុផលឱ្យគេ ប៉ុន្តែមិនមានអ្នកណាផ្ដល់ដំណឹងនោះដល់ខ្ញុំ។ 

ទើបខ្ញុំទៅរៀនសាលាក្នុងប្រទេសមួយផ្សេងទៀត។ កាលនោះឯកអគ្គរាជទូតអូស្រ្តាលីខឹងខ្ញុំមែនទែន ព្រោះគាត់ខំស្ដាប់ ហើយទទួលយកហេតុផលខ្ញុំ តែពេលគេដូរគោលការ ដើម្បីអនុញ្ញាតឱ្យខ្ញុំដាក់ពាក្យបាន ខ្ញុំបែរជាមិនដាក់ពាក្យទៅវិញ»។​ នេះជាការបញ្ជាក់របស់លោក រស្មី។
 
និយាយពីដំណើរជីវិត ក្នុងអំឡុងពេលសិក្សានៅប្រទេសសិង្ហបុរី របស់លោក យាន រស្មី។ ទៅសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំកន្លះ ដោយទទួលបានប្រាក់អាហារូបករណ៍សម្រាប់តែថ្លៃបង់សាលា ប៉ុន្តែការស្នាក់នៅ អាហារ និងការចំណាយផ្សេងៗ លោកត្រូវចំណាយដោយខ្លួនឯង។ 
 
ត្រូវចំណាយពេលស្នាក់នៅ និងរៀនសូត្រក្នុងប្រទេសសិង្ហបុរីរយៈពេលមួយឆ្នាំកន្លះ ប៉ុន្តែលោក យាន រស្មី មានប្រាក់ចំណាយតែត្រឹម៣ខែប៉ុណ្ណោះ។ បើទោះបីជារៀនបណ្ដើរ ហើយភ័យបណ្ដើរ ខ្លាចគ្មានប្រាក់នៅរៀនបន្តក៏ពិតមែន ប៉ុន្តែលោក រស្មី មិនដែលមានគំនិតថានឹងបោះបង់ចោលការសិក្សាម្ដងណាឡើយ។
 
«ខ្ញុំសុំលុយមិត្តនៅអូស្ត្រាលីផង មិត្តនៅស្រុកខ្មែរផង ដើម្បីទិញសំបុត្រយន្តហោះ និងការស្នាក់នៅ ពួកគាត់តែងតាមជួយខ្ញុំ។ ខ្ញុំមានពេលតែ១៥ថ្ងៃគត់ ដើម្បីរកប្រាក់ទៅរៀន។ មករៀនស្រុកគេមានលុយតែ៣ខែ តែត្រូវរៀនដល់១ឆ្នាំកន្លះ តើបានលុយឯណារស់នៅបន្ត បង់ថ្លៃអាហារនិងផ្ទះស្នាក់?ម្ដងទៀតមិនដឹងជាសំណាងឬយ៉ាងណា ខាងអាមេរិកគេថាម្ដេចមិនដាក់ទៅខាងគេ គេមានកញ្ចប់លុយខាងហ្នឹងដែរ គ្រាន់តែឮភ្លាមខ្ញុំសប្បាយចិត្តចង់ងាប់។ ខ្ញុំក៏ដាក់ទៅ ហើយបានលុយពី Asian Cultural Council  ដើម្បីរៀនមួយឆ្នាំ ហើយគេឱ្យលុយមកលើសទៀត ខ្ញុំសប្បាយចិត្តមែនទែន ព្រោះលែងគិតពីរឿងលុយទៀតហើយ»។ នេះបើតាម រស្មី។
 
បុរសដែលអាចប្រើភាសាអង់គ្លេសបានល្អ រួមទាំងចេះភាសាបារាំងនិងថៃខ្លះផងរូបនេះ អះអាងថា ការសិក្សា ផ្ដល់ឱ្យលោកនូវបទពិសោធជីវិត ជំនាញសង្កេត ជំនាញសរសេរ ការស្វែងយល់ពីវប្បធម៌ប្រវត្តិសាស្ត្រ សាសនា ប្រពៃណី និងទំនៀមទម្លាប់តាំងពីបុរាណដល់បច្ចុប្បន្ន ពិសេសធ្វើឱ្យគំនិតលោកបើកទូលាយ ។


 
ក្រោយបញ្ចប់ការសិក្សាជំនាញប្រវត្តិសិល្បៈ៣តំបន់ធំៗ គឺចិន ឥណ្ឌា និងអាស៊ីអាគ្នេយ៍ លោក យាន រស្មី បានត្រឡប់មកកម្ពុជាវិញ ហើយបង្កើតវិចិត្រសាលសិល្បៈ “ត្រជាក់ភ្នែក” និងសហបង្កើតបណ្ណាល័យ “ទីទុយ” ដែលមានទីតាំងជិតស្ថានទូតរូស្សី ក្នុងឆ្នាំ២០២១នេះ។ វិចិត្រសាល ដែលទទួលបានការជួយឧបត្ថមពីមហាជននោះ មិនមែនជាកន្លែងរកប្រាក់ចំណូលផ្ទាល់ខ្លួនទាំងស្រុងឡើយ តែប្រាក់កម្រៃនឹងយកទៅបម្រើក្នុងវិចិត្រសាលវិញ។
 
ជាកូនច្បងក្នុងគ្រួសារ ដែលបានរៀនខ្ពស់ជាងគេ រស្មី បានដឹងយ៉ាងច្បាស់ថា ម្ដាយឪពុកមិនអាចមានលទ្ធភាពបញ្ជូនខ្លួន ឱ្យទៅរៀននៅសាលាល្អឯក្រៅប្រទេសបាននោះ បានព្យាយាមរកឱកាសសម្រាប់ខ្លួនឯង។ 
 
រស្មី ចែករំលែកវិធីស្នើសុំអាហារូបករណ៍ដូច្នេះ៖«សម្រាប់ខ្ញុំ ការសុំអាហារូបករណ៍ ដូចមិនមានអ្វីលំបាកទេ ដូចជាសំណាងខ្ញុំដែរ ព្រោះខ្ញុំចរចារជាមួយគេចេះតែត្រូវ គ្រាន់តែត្រូវការពេលបង្ហាញទៅគេយូរបន្តិច ថាខ្ញុំជាសិស្សដែលអាចមានសក្ដានុពល។ ពេលសរសេរលិខិតទៅគេ ខ្ញុំតែងត្អូញត្អែរថាខ្ញុំមិនមានបរិញ្ញាបត្រ ព្រោះខ្ញុំមិនមានលុយរៀន ដូច្នេះសូមអង្វរ សូមជួយខ្ញុំផង។ វាដូចជាការហែកខ្លួនឯងឱ្យគេឃើញ ហើយខ្ញុំគិតថាកន្លែងនេះ ប្រហែលជាមនុស្សមួយចំនួនមិនហ៊ានធ្វើ ព្រោះដូចជាដាក់ខ្លួនឯងទាបបន្តិច»។



រស្មី បន្ថែមថា ៖ប្រហែលជាគេជឿទៅលើទស្សនវិស័យរបស់ខ្ញុំ ការប្ដេជ្ញាចិត្តរបស់ខ្ញុំ  ជឿលើការងារដែលខ្ញុំបានធ្វើកន្លងមក ជឿថាអ្វីទាំងអស់នោះនឹងជួយខ្ញុំឱ្យសម្រេចគោលដៅ ទើបគេផ្ដល់ឱកាសនោះដល់ខ្ញុំ។ រាល់ពេលខ្ញុំផ្ញើអ៊ីមេលទៅគេ ខ្ញុំតែងតែបង្ហាញពីជំនឿចិត្តរបស់ខ្ញុំ ថាខ្ញុំមានសក្ដានុពល ហើយសាលាត្រូវតែយកខ្ញុំ។ 

នេះមិនមែនជាគំរូអស្ចារ្យអ្វីទេ ប៉ុន្តែវាអាចជាគំនិតតូចមួយសម្រាប់ក្មេងៗ ដើម្បីឱ្យគាត់យល់ថា បើគាត់ជឿលើខ្លួនគាត់ នោះគាត់នឹងអាចរកឱកាសណាមួយ ដើម្បីទៅរៀនដោយមិនចាំបាច់ឆ្លងកាត់អាហារូបករណ៍ល្បីៗមួយចំនួន ដែលគេដាក់ទៅគ្រប់គ្នា។ យើងអាចរកច្រកផ្លូវមួយសម្រាប់ខ្លួនឯង ដែលផ្លូវហ្នឹងអាចជួយយើងឱ្យទៅដល់គោលដៅដូចគ្នា គ្រាន់តែចំណាយពេលយូរជាងគេបន្តិច»។

ក្នុងឆ្នាំ២០១៧ សកលវិទ្យាល័យ Cornell University នៅសហរដ្ឋអាមេរិក បានអញ្ជើញលោកជាផ្លូវការចំនួន៣ដង ដើម្បីឱ្យលោករៀនថ្នាក់បណ្ឌិតនៅក្នុងសាលានោះ ប៉ុន្តែលោកមិនបានទទួលយក ដោយសារលោកពុំទាន់បានត្រៀមខ្លួន ម្យ៉ាងលោកក៏មិនទុកចិត្តលើសមត្ថភាពរបស់ខ្លួនផងដែរ។ បន្ថែមពីនោះក្នុងឆ្នាំដដែល បណ្ឌិតមួយរូប ដែលកាន់កម្មវីធីសិក្សាអាស៊ីអាគ្នេយ៍ ក្នុងសកលវិទ្យាល័យ SYDNEY ក៏ចង់ឱ្យលោកដាក់ពាក្យរៀនបណ្ឌិតក្នុងសាលារបស់គេដែរ តែគេមិនអញ្ជើញជាផ្លូវការឡើយ។
 
រស្មី ដែលចូលរៀនថ្នាក់បរិញ្ញាបត្របាន៣ខែ តែក៏ឈប់រៀនវិញនេះ បច្ចុប្បន្នកំពុងបន្តការសិក្សាក្នុងមហាវិទ្យាល័យច្បាប់សាធារណៈអន្តរជាតិ កម្រិតអនុបណ្ឌិត ក្នុងប្រទេសកម្ពុជា។ បុរសដែលមិនឆ្អែតនឹងការសិក្សារៀនសូត្ររូបនេះ នៅមានបំណងបន្តការសិក្សាទៅមុខឆ្ងាយទៀត។

ខាងក្រោមនេះគឺជាអាហារូបករណ៍ ដែលលោក យាន រស្មី ទទួលបាន។

2021 Scholarship (for Public International Law at Rule), SokSiphana&associates. 
2021 International Master of Laws Program Scholarship, Royal University of Law and Economics.
2019 Mandarin Oriental Arts Fellow, Asian Cultural Council, New York.
2018 South East Asia (SEAsia) Scholars Award, LASALLE College of the Arts, Singapore.
2017 Institute of Southeast Asian Affairs Scholarship, Chiang Mai University, Thailand.
2017 Cambodian Living Arts Scholarship, Cambodian Living Arts (CLA), Cambodia.
2016 Cambodian Living Arts Scholarship, Cambodian Living Arts (CLA), Cambodia.
2016 Vice-Chancellor Scholarship, University of the Arts London (UAL), United Kingdoms.
2014 Alphawood Scholarship, SOAS, University of London, United Kingdoms៕


 






 

Tag:
 សិល្បៈ
  អប់រំ
  អាហារូបករណ៍
  បរិញ្ញាបត្រ
  យាន រស្មី
© រក្សាសិទ្ធិដោយ thmeythmey.com