ជាតិ
កញ្ញា សួង ស្រីរ័ត្ន នឹងយកចំណេះតន្ត្រីបុរាណខ្មែរ ទៅបង្រៀនសិស្សនៅកម្ពុជាក្រោម
15, Aug 2021 , 10:35 am        
រូបភាព
កញ្ញា សួង ស្រីរ័ត្ន អង្គុយដេញតាខេ ក្នុងឱកាសប្រឡងបញ្ចប់ស្នាដៃថ្នាក់បរិញ្ញាបត្រ នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
កញ្ញា សួង ស្រីរ័ត្ន អង្គុយដេញតាខេ ក្នុងឱកាសប្រឡងបញ្ចប់ស្នាដៃថ្នាក់បរិញ្ញាបត្រ នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ភ្នំពេញ៖ កញ្ញា សួង ស្រីរ័ត្ន គឺជានារីខ្មែរកម្ពុជាក្រោយមួយរូប ដែលទទួលបានអាហារូបករណ៍ សិក្សាឯកទេសឧបករណ៍ភ្លេងតាខេ ពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ស្រីរ័ត្ន ដែលចេះលេងឧបករណ៍ភ្លេងពិណមួយមុខទៀតនោះ ប្ដេជ្ញាចិត្តថានាងនឹងយកចំណេះ ជំនាញដែលខ្លួនមាន ទៅបើកថ្នាក់បង្រៀនបន្តដល់ ក្មេងៗក្នុងភូមិរបស់នាង។



មានវ័យ២៤ឆ្នាំ កញ្ញា សួង ស្រីរ័ត្ន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភ្លេង ឯកទេសឧបករណ៍តាខេ ក្នុងឆ្នាំ២០២១នេះ។ មកពីខេត្តព្រះត្រពាំង ទឹកដីខ្មែរកម្ពុជាក្រោយ ស្រីរ័ត្ន បានចាប់ផ្ដើមរៀនឧបករណ៍ភ្លេងតាខេ ក្នុងឆ្នាំ២០១៧។ 
 
ដោយក្ដីស្រឡាញ់ឧបករណ៍ភ្លេងបុរាណខ្មែរផង និងមានបំណងចង់ថែរក្សាវប្បធម៌ អត្តសញ្ញាណជាតិផង ស្រីរ័ត្ន ទទួលបានការជ្រោមជ្រែងពីព្រះសង្ឃខ្មែរកម្ពុជាក្រោម ដើម្បីទទួលបានអាហារូបករណ៍នៅលើទឹកដីកម្ពុជាកណ្ដាលនេះ។


កញ្ញា សួង ស្រីរ័ត្ន នារីខ្មែរកម្ពុជាក្រោម ដែលរៀនឯកទេសឧបករណ៍តាខេ ថ្នាក់បរិញ្ញាបត្រ នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ 

នារីដែលបានរៀនអក្សរខ្មែរពីសាលាក្នុងវត្តរូបនេះ បញ្ជាក់បន្ថែមដូច្នេះ៖«ព្រះសង្ឃនៅកម្ពុជាក្រោមបានដឹកនាំក្មេងស្រីឱ្យលេងភ្លេងពិណពាទ្យ ហើយខ្ញុំបានចូលលេងភ្លេងប្រហែល៥ឆ្នាំ។ ព្រះអង្គឃើញខ្ញុំចូលចិត្តមើលពីតន្ត្រីបុរាណ ព្រះអង្គសួរខ្ញុំថាតើចង់ទៅរៀននៅភ្នំពេញទេ? ខ្ញុំថាចង់។ ព្រះអង្គក៏ទំនាន់ទំនងអ្នកនៅកម្ពុជាដើម្បីរកអាហារូបករណ៍ឱ្យខ្ញុំរៀន»។ 
 
ស្រីរ័ត្ន ដែលជាកូនពៅក្នុងចំណោមបងប្អូនប្រាំនាក់បន្ថែមថា នាងមានបំណងទៅបើកថ្នាក់បង្រៀនភ្លេង នៅស្រុកកំណើត ក្រោយពីនាងរៀនចប់ ប៉ុន្តែជាអកុសលព្រះសង្ឃ ដែលបានជ្រោមជ្រែងនាងឱ្យរៀនដល់ថ្នាក់បរិញ្ញាបត្រនោះបានសុគត ហើយជំងឺកូវីដ-១៩ ក៏រាលដាលខ្លាំង ធ្វើឱ្យនាងស្ទាក់ស្ទើរ។
 
ទោះជាយ៉ាងណាក៏ដោយ និស្សិតដែលមានម្ដាយឪពុកជាកសិកររូបនេះ នៅតែប្ដេជ្ញាចិត្តថា នាងនឹងទៅ ស្រុកកំណើតឯកម្ពុជាក្រោមវិញ ហើយបើកថ្នាក់បង្រៀនភ្លេងក្រោយពេលជំងឺកូវីដ-១៩ ស្រាកស្រាន្ត។
 
ស្រីរ័ត្ន ដែលបានរៀនភាសាបាលី ថ្នាក់បាលីរង ក្នុងសាលាវត្តដែលមានកម្រិតប្រហែលថ្នាក់ទី១០នៃសាលារដ្ឋនោះ លើកទឹកចិត្តយុវជនយុវតី មិនថាកម្ពុជាកណ្ដាល ឬកម្ពុជាក្រោម កុំបោះបង់ក្ដីស្រមៃរបស់ខ្លួន និងត្រូវប្រឹងប្រែងរកជំនាញពិតប្រាក់ដក ដើម្បីជួយអភិវឌ្ឍន៍ភូមិស្រុក។ ពិសេសនាងស្នើដល់យុវជនទាំងអស់ ត្រូវថែរក្សាវប្បធម៌ និងប្រពៃណីរបស់ខ្មែរ ក៏ដូចជាខ្មែរកម្ពុជាក្រោម។


កញ្ញា សួង ស្រីរ័ត្ន ដេញពិណដែលនាងទទួលបានអាហារូបករណ៍រៀនរយៈពេល២ឆ្នាំ 

 «ខ្ញុំឃើញថាសម្ទុះនៃការរៀនភ្លេងសម័យច្រើនជាងបុរាណ។ វង់ភ្លេងមហោរី និងពិណពាទ្យ មិនសូវមានអ្នកចូលចិត្តរៀនទេ។ យើងត្រូវតែរួមគ្នាអភិរក្សនិងអភិវឌ្ឍន៍ភ្លេងបុរាណខ្មែរយើងបន្ត ដើម្បីកុំឱ្យបាត់បង់អត្តសញ្ញាណជាតិ»។ នេះជាការយល់ឃើញរបស់កញ្ញា សួង ស្រីរ័ត្ន។ 
 
លោក ហង្ស រិទ្ធីរ៉ាវុធ ព្រឹទ្ធបុរសរងមហាវិទ្យាល័យតូរ្យតន្ត្រី នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបញ្ជាក់ថា ការចាប់ឯកទេសឧបករណ៍ភ្លេងបុរាណ សម្បូរតែនិស្សិតប្រុសៗ ដោយខ្សត់និស្សិតស្រីណាស់។ ព្រឹទ្ធបុរសរងរូបនេះ ថានារីមានលក្ខណៈពិសេសជាងបុរស នៅពេលលេងភ្លេង ព្រោះនាងមានភាពអត់ធ្មត់ខ្ពស់ និងមានភាពទាក់ទាញពីកំណើត។ 
 
លោក ហង្ស រិទ្ធីរ៉ារុធ ពន្យល់៖«សិស្សស្រីគឺខ្សត់តែម្ដងរឿងរៀនភ្លេង ពិសេសភ្លេងបុរាណ។ ឆ្នាំនេះនៅថ្នាក់មូលដ្ឋានមាននិស្សិតស្រី២នាក់ដែរ ម្នាក់រៀនរនាត ម្នាក់ទៀតរៀនឃឹម ប៉ុន្តែមិនដឹងថារៀនដល់ចប់ឆ្នាំឬអត់ទេ។ បើនិយាយពីទឹកដៃបច្ចេកទេសភ្លេង ស្ត្រីមិនទាន់ដល់បុរសទេ តែស្ត្រីមានភាពទាក់ទាញជាបុរស»។


 កញ្ញា សួង ស្រីរ័ត្ន នារីខ្មែរកម្ពុជាក្រោយ ដែលទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រឯកទេសឧបករណ៍ភ្លេងតាខេ ពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ 

ការរៀនជំនាញពាក់ព័ន្ធនឹងសិល្បៈ មានតន្រ្តី ចម្រៀង និងរបាំជាដើមក្ដីនោះ ទាក់តែអ្នកមានទេពកោសល្យខ្ពស់ពីកំណើត និងមានសេចក្ដីស្រឡាញ់ជំនាញនោះខ្លាំងផង ទើបការរៀនមានភាពរីកចម្រើនទៅមុខលឿន៕
 

Tag:
 សិល្បៈ
  វប្បធម៌
  តន្ត្រី
  ភ្លេង
  តាខេ
© រក្សាសិទ្ធិដោយ thmeythmey.com