ជាតិ
ជ្រូកកណ្ដុរក្លាស្សេជាង៤០០គីឡូក្រាមដែលលួចនាំចូលពីថៃ ត្រូវបានអាជ្ញាធររឹបអូស សត្វជ្រូកកណ្ដុរបង្កក និងគ្រឿងក្នុង ត្រូវបានអាជ្ញាធរបង្ក្រាបបាន នៅក្នុងខេត្តកំពង់ឆ្នាំង។ រូបភាពពីគណនីហ្វេសប៊ុក លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណបសុព្យាបាល។
× មន្ត្រីនៃការិយាល័យផលិតកម្មនិងបសុព្យាបាលរបស់មន្ទីរកសិកកម្ម ខេត្តកំពង់ឆ្នាំង រឹបអូស បាន សត្វជ្រូកកណ្ដុរក្លាស្សេ(បង្កក)រួមទាំងគ្រឿងក្នុងជ្រូក ដែលនាំចូលខុសច្បាប់ពីប្រទេសថៃ បានចំនួន៤៥០គីឡូក្រាម។ បច្ចុប្បន្នទំនិញទាំងនោះ ត្រូវបានរក្សាទុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
នៅថ្ងៃទី១៥ ខែសីហានេះ មន្ត្រីអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វនិងផលិតផលមានដើមកំណើតពីសត្វ សហការនឹង មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តកំពង់ឆ្នាំងបានចុះបង្ក្រាបឡានដឹកសត្វជ្រូកកណ្ដុរបង្កកខុសច្បាប់មួយគ្រឿង នៅចំណុចភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ស្ពឺ។
បើតាមលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល ការចុះបង្ក្រាបរថយន្តនោះ គឺបានរកឃើញសត្វជ្រូកកណ្ដុរបង្កកចំនួន៦៥ក្បាល (ស្មើនឹង៤២០គីឡូក្រាម) និងគ្រឿងក្នុងជ្រូក ចំនួន៣០គីឡូក្រាម ផងដែរ។
លោក ហ៊ុន សារ៉ាត់ បានសរសេរបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ថា៖ « ទំនិញទាំងនោះ នាំចូលពីប្រទេសថៃដោយគ្មានលិខិតអនុញ្ញាត តាមច្រករបៀងក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ និងមានគោលដៅយកទៅចែកចាយនៅរាជធានីភ្នំពេញ»។ លោកបានបន្តថា៖« ក្រោយការបង្ក្រាបនេះ ទំនិញ និងជនល្មើស ត្រូវបានបញ្ជូនទៅទីតាំងចត្តាឡីស័កសត្វការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធីច្បាប់»៕
© រក្សាសិទ្ធិដោយ thmeythmey.com