ជាតិ
ជំងឺដុំពកស្បែកគោ-ក្របី កំពុងរាតត្បាតក្នុងខេត្តពោធិ៍សាត់ ខណៈមិនទាន់មានថ្នាំព្យាបាល
16, Aug 2021 , 3:43 pm        
រូបភាព
 ភ្នាក់ងារសុខភាពសត្វភូមិ ចុះព្យាបាលគោមានជំងឺដុំពកលើស្បែកគោក្របី ក្នុងភូមិសំរោងយា ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ រូបភាពពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។
ភ្នាក់ងារសុខភាពសត្វភូមិ ចុះព្យាបាលគោមានជំងឺដុំពកលើស្បែកគោក្របី ក្នុងភូមិសំរោងយា ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ រូបភាពពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។
ជំងឺដុំពកលើស្បែកសត្វគោ-ក្របី កំពុងឆ្លងរាលដាល ក្នុងខេត្តពោធិ៍សាត់ ដែលបង្កជាក្ដីបារម្ភដល់ពលរដ្ឋ ខណៈបច្ចុប្បន្នពុំទាន់មានថ្នាំការពារជំងឺនេះ។ ក្នុងខេត្តពោធិ៍សាត់ រកឃើញសត្វគោជិត ៤០០ក្បាល ដែលកើតជំងឺដុំពកលើស្បែកនេះ។

 
លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តពោធិ៍សាត់ បាននិយាយថា មូលហេតុដែលនាំឲ្យគោ-ក្របី កើតជំងឺដុំស្បែកនេះ ដោយសារបញ្ហាកង្វះអនាម័យ និងឆ្លងពីខេត្តបាត់ដំបង ដែលជាប់ព្រំដែនថៃ ។ បើតាមលោក សារុន ក្នុងខេត្តពោធិ៍សាត់ រកឃើញគោ៣៧៤ក្បាល កើតជំងឺដុំពក។ ក្នុងនោះគោ ១៦៣ក្បាល ព្យាបាលជាសះស្បើយ ខណៈគោ ៤ក្បាលបានងាប់។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥ តាមខ្សែទូរសព្ទ នៅថ្ងៃទី១៦ សីហា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តពោធិ៍សាត់ បាននិយាយដូច្នេះថា៖«យើងពិតជាព្រួយបារម្ភខ្លាំង លើជំងឺនេះពេលបច្ចុប្បន្នហ្នឹង ដែលវាប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពលរដ្ឋយើង។ ហើយយើងក៏ពិតជាសោកស្ដាយផងដែរ ដែលបច្ចុប្បន្ននៅកម្ពុជាមិនទាន់ មានថ្នាំចាក់ការពារជំងឺដុំពកលើស្បែកនេះនៅឡើយ តែយ៉ាងណាយើងនៅតែព្យាយាម បន្តសកម្មភាពព្យាបាល ជូនពលរដ្ឋបន្តទៀត»។ 


សត្វគោកើតជំងឺដុំពកលើស្បែក ក្នុងខេត្តពោធិ៍សាត់។  រូបភាពពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។ 

កាលពីពេលថ្មីៗនេះ លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម បានស្នើឱ្យអង្គការស្បៀងពិភពលោក និងកសិកម្ម នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា (FAO) ពិនិត្យលទ្ធភាពឧបត្ថម្ភថ្នាំការពារជំងឺដុំពកស្បែកគោ-ក្របី ដែលកំពុងរាតត្បាតនៅកម្ពុជានេះ។ ដោយឡែកខាងភាគី តំណាងអង្គការ FAO លោក Alexandre Huynh បានសន្យានឹងខំអស់ពីលទ្ធភាព ក្នុងការស្វែងរកថ្នាំការពារជំងឺនេះ ជូនដល់កម្ពុជា។ 
 
បច្ចុប្បន្នថ្នាំព្យាបាលជំងឺដុំពកលើស្បែកគោ-ក្របី មិនទាន់មាននៅឡើយ ដូច្នេះការព្យាបាលសត្វដែលផ្ទុកជំងឺនេះ គឺព្យាបាលទៅតាមអាការៈសត្វប៉ុណ្ណោះ។ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តពោធិ៍សាត់ លោក ផាត់ សារុន បានពន្យល់យ៉ាងដូច្នេះ៖ «ចំពោះការព្យាបាល បើសិនគោនោះមានអាការៈក្ដៅខ្លួន យើងចាក់ថ្នាំត្រជាក់ បើមានដុំពក យើងចាក់ថ្នាំបន្ថយការឈឺចុកចាប់ និងកាត់បន្ថយការហើមធំ និងចាក់ថ្នាំអង់ទីប៊ីយ្យូទិច(ថ្នាំផ្សះ)ដើម្បីការពារពីបាក់តេរីជៀតចូល»។ 


 ភ្នាក់ងារសុខភាពសត្វភូមិ ចុះព្យាបាលគោមានជំងឺដុំពកលើស្បែកគោក្របី ក្នុងភូមិសំរោងយា ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ រូបភាពពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។ 

ជាមួយគ្នានេះ លោក ផាត់ សារុន ក៏បានអំពាវនាវដល់ពលរដ្ឋ ឱ្យយកចិត្តទុកដាក់ខ្ពស់ ទៅលើការធ្វើអនាម័យលើសត្វចិញ្ចឹមរបស់ខ្លួន ដោយត្រូវរាយការណ៍ដល់អាជ្ញាធរ ឬមន្ទីរកសិកម្ម ក្នុងករណីសង្ស័យ ឬកើតជំងឺដុំពកស្បែកនេះ។ ជាពិសេសមិនត្រូវព្រលែងគោក្របី ពាសវាលពាសកាល និងធ្វើចរាចរ ឬលក់ដូរសត្វ ដែលមានផ្ទុកជំងឺនេះឡើយ។ 
 
សូមជម្រាបថា ជំងឺដុំពកស្បែកគោ-ក្របី គឺបង្កឡើងពីវីរុស ។ រោគសញ្ញាជំងឺ បានលេចចេញជាដុំពកតូចៗ ឬធំ ទៅនឹងស្បែកដងខ្លួន កញ្ចឹងក ច្រមុះ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះ និងកម្ដៅខ្លួនអាចឡើងដល់ ៤១អង្សាសេ។ ឯដុំពក នឹងក្លាយជាក្រមរ ហើយបង្កជាដំបៅ ។ បើជំងឺនេះ កើតលើសត្វឈ្មោល វាអាចបាត់បង់សមត្ថភាពបង្កកំណើត ប៉ុន្តែចំពោះសត្វញី គឺអាចរលូតកូន និងបណ្ដាលឱ្យស្លាប់បានផងដែរ។ មេរោគនេះអាចឆ្លងតាមការដឹកជញ្ជូន ចំណីសត្វ ទឹកមេជីវិត និងភ្នាក់ងារចម្លងផ្សេងៗ។ មេរោគជំងឺនេះ អាចរស់នៅក្នុងក្រមរស្បែកស្ងួតរហូតដល់ ៣ខែ៕
 
 
 
 

Tag:
 ThmeyThmey25
  ជំងឺដុំពកស្បែកគោ-ក្របី
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com