ជាតិ
រថយន្ត
រថយន្តទំនើបៗ៥គ្រឿងរបស់ Messi ពេលនៅ Barcelona៖ Zonda, SLS AMG…
16, Aug 2021 , 7:39 pm        
រូបភាព
ដោយ: ធីតា
ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានបន្សល់ទុកអនុស្សាវរីយ៍ជាច្រើននារយៈពេល១៨ឆ្នាំនៅជាមួយក្លិប Barcelona មុននឹងផ្ទេទៅកាន់ Paris Saint-Germain។ នៅលើទីលាន Messi បានស៊ុតបាល់បញ្ចូលទីសរុប៦៧២គ្រាប់ក្នុង៧៧៨ប្រកួត ហើយបានលើកពាន៣៥ដង និងជាម្ចាស់ Ballon d’Or ដល់ទៅ៦លើក។ ក្រៅបាល់ទាត់ Messi ក៏ជាអ្នកចូលចិត្តប្រើប្រាស់រថយន្តទំនើបៗផងដែរ ប៉ុន្តែជាមួយនឹង ទ្រព្យសម្បត្តិប្រមាណ៤០០លានដុល្លារអាមេរិក គេមិនអាចនិយាយបានកីឡាករលំដាប់ពិភពលោករូបនេះ ជាមនុស្សសម្ភារនិយមនោះឡើយ។

 
 
សារព័ត៌មាន Lifestyle Asia បានផ្តោតជាពិសេសលើការធ្វើដំណើររបស់ Lionel Messi ជាពិសេសចាប់តាំងពីឆ្នាំ២០០៣ ដែលខ្សែប្រយុទ្ធរូបនេះ ចាប់ផ្តើមទាក់ទាញអ្នកគាំទ្ររហូតបានដល់រាប់លាននាក់។ ក្រៅពី Audi Q7, Range Rover និង Cadillac Escalade ដែលគេតែងជិះជាញឹកញាប់ ជាពិសេសក្នុងដំណើរទៅហ្វឹកហាត់ គេសង្កេតឃើញ Messi ក៏បានប្រើប្រាស់រថយន្តទំនើបលំដាប់ខ្ពស់៥ម៉ូដែលទៀតផងដែរ។
 
១. រថយន្ត Pagani Zonda៖ 
Messi ត្រូវបានរាយការណ៍ថា បានចំណាយអស់ប្រមាណ១.៥លានផោនលើការបញ្ជាទិញរថយន្តនេះ ហើយក៏អាចត្រូវបានចាត់ទុកថា ជាការចំណាយច្រើនបំផុតរបស់កីឡាករលើការទិញរថយន្ត។ ទោះបីជាយ៉ាងណាក៏ដោយ Lifestyle Asia មិនបានបញ្ជាក់ថា Messi ជាម្ចាស់រថយន្ត Zonda ម៉ូដែលមួយណាឲ្យពិតប្រាកដនោះឡើយ។


 
២. រថយន្ត Mercedes-Benz SLS AMG៖ 
ជារថយន្តបើកដំបូល ក្រោមការរចនាដ៏ពិសេស និងល្អប្រណីត Mercedes SLS AMG បង្ហាញពីជម្រើសដ៏ជឿជាក់របស់ Messi។ តម្លៃរបស់វាគឺក្នុងខ្ទង់ជិត៣៤ម៉ឺនដុល្លារអាមេរិក ប៉ុន្តែផ្អែកលើកម្លាំងម៉ាស៊ីន ល្បឿន និងការរចនាផ្សេងៗ វាពិតជាសក្តិសមណាស់ដែល Messi បញ្ជាវានៅលើផ្លូវ។
 


៣. រថយន្ត Maserati Granturismo S
តាមពិតទៅ Messi មាន Maseratis ពីរគ្រឿង ដែលបង្ហាញថា គេពិតជាស្រឡាញ់ម៉ូដែលរថយន្តទំនើបៗអ៊ីតាលីខ្លាំង។ ជាប្រភេទរថយន្តដែលអាចបើកបរក្នុងល្បឿន៣០៣គីឡូម៉ែត្រក្នុង១ម៉ោង ហើយវាមានតម្លៃប្រមាណ២៧ម៉ឺនដុល្លារអាមេរិក។ 
 


៤. រថយន្ត Audi R8 Spyder
ក្នុងនាមជាទូតសុច្ឆន្ទៈមួយរូបរបស់ក្រុមហ៊ុន Audi គេធ្លាប់ឃើញ Messi ប្រើប្រាស់រថយន្ត RSG6, Q8, A7 រួមទាំង R8 Spyder ដ៏ទំនើបផងដែរ។ ផ្ទៃក្នុង និងក្រៅរថយន្តត្រូវបានរចនាយ៉ាងល្អប្រណីត ដែលសក្តិសមនឹងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនយានយន្តអាល្លឺម៉ង់។ 
 


៥. រថយន្ត Ferrari F430 Spider
ក្នុងយានដ្ឋានរថយន្តរបស់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ គេក៏ឃើញវត្តមានរថយន្ត Ferrari F430 Spider មួយគ្រឿងផងដែរ។ វត្តមាននេះ មានតម្លៃខ្ទង់ជាង២៣ម៉ឺនដុល្លារអាមេរិក៕


 

Tag:
 Messi
© រក្សាសិទ្ធិដោយ thmeythmey.com