កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
ប្រធានាធិបតីអ៊ូហ្កង់ដា ជូន​រថយន្ត និងផ្តល់​ប្រាក់ខែ​មួយជីវិតសម្រាប់​​ជ័យលាភី​មេដាយ​អូឡាំពិក
16, Aug 2021 , 8:19 pm        
រូបភាព
ដោយ: ធីតា
លោកប្រធានាធិបតី​អ៊ូហ្កង់ដា Yoweri Museveni បាន​ប្រកាសពី​ផ្តល់​ប្រាក់​ប្រៀវរត្សជាប្រចាំ និងជូន​រថយន្តទំនើប​ដល់​ជ័យលាភី​មេដាយអូឡាំពិ​ក​ក្រុង​តូក្យូ ដែលទទួលបានជោគជ័យ​យ៉ាង​ធំធេងជូនជាតិ បើគិតចាប់តាំងពីឆ្នាំ​១៩៥៦មក។ អ៊ូហ្កង់ដា ឈ្នះ​មេដាយ​៤ក្នុងនោះមាស​២ ប្រាក់១ និងសំរឹទ្ធ១។

 
កីឡាករ​អត្តពលកម្ម Joshua Cheptegei ទទួលបានជោគជ័យ​ដ៏ធំធេងជាងគេនៅ Tokyo 2020 ដោយទទួលបាន​មេដាយ​មាស​លើ​វិញ្ញាសារត់ចម្ងាយ​៥០០ម៉ែត្រ និងមេដាយ​ប្រាក់​ក្នុងចម្ងាយ​១០ ០០០ម៉ែត្រ។ កីឡាការិនី Peruth Chemutai បាន​មេដាយ​មាស​លើវិញ្ញាសា Women’s 3000m Steeplechase ខណៈកីឡាករ Jacop Kiplimo បានមេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​រត់ចម្ងាយ​១០ ០០០ម៉ែត្រ។
 
«ខ្ញុំត្រូវផ្តល់​ការលើកទឹកចិត្តតបទៅវិញ​សម្រាប់ជ័យ​លាភីមេដាយអូឡាំពិក នូវ​រថយន្ត និង​ប្រាក់ឧបត្ថម្ភ»។ នេះជាការ​បញ្ជាក់​របស់​លោក Museveni ដែលក្រោយមក​លោក​បាន​ចេញសេចក្តីសម្រេចភ្លាមៗពីគោលការណ៍ផ្តល់ប្រាក់បៀវរត្សសម្រាប់ជ័យលាភីមេដាយកីឡាពីព្រឹត្តិការណ៍អូឡាំពិក និងកម្រិតទ្វីប។


 
តាម​សេចក្តីសម្រេចដែល​ដក​ស្រង់ដោយ African News ម្ចាស់មេដាយមាស​នឹងទទួលបាន​ប្រាក់​បៀវត្ស១៤១៥ដុល្លារអាមេរិក មេដាយ​ប្រាក់បាន​៨៤៥​ដុល្លារអាមេរិក និងមេដាយសំរឹទ្ធ ទទួលបាន​២៨០​ដុល្លារអាមេរិក ដែលនេះជាចំនួន​ដ៏ច្រើន​សម្រាប់អ៊ូហ្កង់ដា ក្នុងនាម​ប្រទេសក្រីក្រមួយនៅលើពិភពលោក។
 
ក្រៅពី​ប្រាក់រង្វាន់ទៅ​តាមគោល​ការណ៍រដ្ឋាភិបាល ម្ចាស់មេដាយមាស Cheptegei និង Chemutai ទទួលបាន​រថយន្ត​ថ្មីទំនើប Mitsubishi Outlanders ម្នាក់មួយគ្រឿង ខណៈ Kiplimo បាន​រថយន្ត Mitsubishi L200។
 



ក្រៅពីនេះ លោក​ប្រធានាធិបតី Museveni ក៏បាន​សន្យា​​សាងសង់ផ្ទះថ្មីសម្រាប់ឪពុកម្តាយ​របស់ជ័យលាភីមេដាយមាសអូឡាំពិកទាំងពីររូបផងដែរ។
 
ប្រធានាធិបតីរូបនេះ បានអះអាងថា លោកគោរពតាមសំដី​របស់ខ្លួនដែលបាន​សន្យា​តាំងពីឆ្នាំ​២០១៣ មក។ «ពេលនេះ ខ្ញុំជាមនុស្ស​ដ៏រីករាយ​ម្នាក់ ដោយសារ​ការ​ឈ្នះមេដាយមកជូនជាតិនេះ ពួក​គេ​ត្រូវទទួលបាន​រថយន្តម្នាក់១គ្រឿងពី​ខ្ញុំ»។ លោក​បាន​រំលឹកឡើង​វិញយ៉ាងដូច្នេះ ដោយ​ច្រានចោលពាក្យរិះគន់ថា អត្តពលិក​នៃប្រទេសអាហ្វ្រិកមួយនេះ ឈ្នះមេដាយ​ដោយសារតែសំណាង៕
 



Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com