អន្តរជាតិ
ចិន រិះគន់ការដកទ័ពយ៉ាងប្រញាប់ប្រញាល់របស់អាមេរិកទើបស្ថានការណ៍អាហ្វហ្កានីស្ថានយ៉ាប់យ៉ឺន
17, Aug 2021 , 10:11 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសចិន  វ៉ាង យី ។ រូបថត Xinhua
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ។ រូបថត Xinhua
រដ្ឋមន្រ្តីការបរបរទេសចិន វ៉ាង យី បានរិះគន់ការដកទ័ពយ៉ាងប្រញាប់ប្រញាល់ចេញពីអាហ្វហ្កានីស្ថាន ដែលធ្វើឱ្យស្ថានការណ៍ទៅជាយ៉ាប់យ៉ឺន។ ប៉ុន្តែលោក វ៉ាង ប្រាប់សមភាគីអាមេរិក អាន់តូនី ប្លីងខិន ក្នុងការសន្ទនាតាមទូរសព្ទនៅថ្ងៃទី១៦ ខែសីហា ថា ចិនត្រៀមខ្លួនធ្វើការជាមួយអាមេរិកដើម្បីដោះស្រាយបញ្ហានៅអាហ្វហ្កានីស្ថាន។ ចំណែកក្រសួងការបរទេសចិនវិញ អះអាងថា ចិន នឹងបន្តពង្រឹងទំនាក់ទំនងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការជាមួយអាហ្វហ្កានីស្ថានដដែល។

 
បន្ទាប់ពីចូលកាន់កាប់វិមានប្រធានាធិបតី ក្នុងក្រុងកាប៊ុលនៅថ្ងៃទី១៥ សីហា ក្រុមតាលីបង់បានប្រកាសពីជោគជ័យរបស់ខ្លួន ក្នុងការគ្រប់គ្រងប្រទេសជាថ្មី។ មេដឹកនាំរដ្ឋាភិបាលក្រុងកាប៊ុលមួយចំនួន បានភៀសខ្លួនទៅបរទេស ខណៈពេលបណ្តាប្រទេសជាច្រើនដូចជាអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ជាដើម កំពុងជម្លៀសមន្រ្តីទូតខ្លួនចេញ។ ក្រុមតាលីបង់ ក៏បានគ្រប់គ្រងប្រទេសឡើងវិញ បន្ទាប់ពីបាត់បង់អំណាចកាលពី ២០ឆ្នាំមុន។
 
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី រុញការទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងនេះលើការដកទ័ពរបស់អាមេរិកអំឡុងការសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្រ្តីការបរទេស អាន់តូនី ប្លីងខិន នៅថ្ងៃទី១៦ ខែសីហា។ លោក វ៉ាង ប្រាប់លោក ប្លីងខិន ថា​ រឿងរ៉ាវដែលកើតឡើងនៅអាហ្វហ្កានីស្ថានជាព័ស្តុតាងថា គម្រូបរទេស មិនអាចយកទៅអនុវត្តដោយបង្ខំនៅប្រទេសមួយដែលមានវប្បធម៌ និងលក្ខខណ្ឌប្រវត្តិសាស្រ្តខុសគ្នាឡើយ។ 
 
«ការប្រើកម្លាំងទ័ព និងយោធាដើម្បីដោះស្រាយបញ្ហា មានតែបង្កើនបញ្ហា។ មេរៀនពេលនេះ គួរតែមានការមើលឡើងវិញ។» លោក វ៉ាង បញ្ជាក់បែបនេះក្នុងការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV ។ ប្រមុខការទូតចិន ក៏បង្ហាញជំហរធ្វើការជាមួយអាមេរិកដើម្បីដោះស្រាយវិបត្តិអាហ្វហ្កានីស្ថាន ដែលកើតឡើងកដោយសារផលប៉ះពាល់ជាអវិជ្ជមានក្រោយការដកទ័ពទាន់ហន់របស់អាមេរិក។ តែលោក វ៉ាង ក៏ដាក់លក្ខខណ្ឌដែរថា អាមេរិកក៏មិនលូកលាន់កិច្ចការចិនដែរ។
 
នៅថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បញ្ជាក់ថា ចិននឹងបន្តអភិវឌ្ឍទំនាក់ទំនង ក្នុងនាមជាប្រទេសជិតខាងល្អ ប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយអាហ្វហ្កានីស្ថានក្រោមរដ្ឋបាលថ្មី។ លោកស្រី Hua ក៏បានបញ្ជាក់ពីសារសំខាន់នៃគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាហ្វហ្កានីស្ថាន និងស្វែងរកគោលនយោបាយមិត្តភាពជាមួយប្រជាជនប្រទេសមួយនេះផងដែរ។ 
 
ស្របពេលស្ថានទូតប្រទេសមួយចំនួនបានបិទ ស្ថានទូតចិន នៅតែបន្តធ្វើការធម្មតា។ រដ្ឋាភិបាលចិន កំពុងតាមដានស្ថានការណ៍នៅអាហ្វហ្កានីស្ថានម៉ត់ចត់។ ចិន មានព្រំដែនជាមួយអាហ្វហ្កានីស្ថានប្រមាណ ៧៦គីឡូម៉ែត្រ។ នៅខែមុន ថ្នាក់ដឹកនាំតាលីបង់ បានជួបលោក វ៉ាង ក្នុងក្រុងធានជីនក្បែររដ្ឋធានីប៉េកាំង។ 
 
សូមបញ្ជាក់ថា បន្ទាប់ពីគ្រប់គ្រងក្រុងកាប៊ុល ក្រុមតាលីបង់ បានសន្យា មិនប៉ះពាល់ ឬបង្កអសន្តិសុខចំពោះស្ថានទូតរបស់ប្រទេសណាមួយឡើយ។ កងជីវពលមួយនេះ បានធានាពីការរក្សាសន្តិសុខនៅទូទាំងប្រទេស និងត្រៀមប្រកាសរដ្ឋាភិបាលថ្មីមួយ៕
 

Tag:
 ចិន
  អាហ្វហ្កានីស្ថាន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com