កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona ជាប់បំណុល១,៥ពាន់លានដុល្លារ និងត្រៀមខ្ចី៩៣លានដុលា្លរទៀត ទុកបើកឱ្យកីឡាករ
17, Aug 2021 , 10:54 am        
រូបភាព
ក្លិប Barcelona ជាប់បំណុលរហូតដល់ ១,៥ ពាន់លានដុល្លារអាមេរិក។ លោក Joan Laporta ប្រធានក្លិបយក្សអេស្ប៉ាញប្រាប់ដូច្នេះ ដោយអះអាងថាស្ថានភាពនេះ ឈានដល់ដំណាក់កាលព្រួយបារម្ភខ្លាំង។ ប្រាក់ឈ្នួលកីឡាករបច្ចុប្បន្នមានចំនួន ១០៣ភាគរយ នៃប្រាក់ចំណូលសរុបរបស់ក្លិប។ Barca ត្រៀមខ្ចី៩៣លានដុល្លារទៀត ដើម្បីបើកឱ្យកីឡាករ។


 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Laporta បានបន្ទោសអតីតប្រធានក្លិបអ្នកមានបុណ្យ Josep Maria Bartomeu ដែលបន្សល់ទុកបំណុល ១,៥ ពាន់លានដុល្លារ។ លោក Laporta ចាត់ទុកថានេះជាមរតកបំណុលដ៏គួរឱ្យខ្លាច។ 
 
បញ្ហាបំណុលដ៏ច្រើនសន្ធឹកនេះ ទំនងជាបញ្ហាចម្បងធំដែលធ្វើឱ្យ Barcelona មិនអាចរក្សាទុក Lionel Messi បន្តទៀត បើទោះសាមីខ្លួនមិនចង់ចាកចេញ។ Messi សុខចិត្តកាត់ប្រាក់ឈ្នួលខ្លួនពាក់កណ្តាល ដើម្បីអាចស្នាក់នៅ Camp Nou បន្ត ប៉ុន្តែមិនអាចធ្វើទៅបាន ហើយតារាឆ្នើមអាហ្សង់ទីនរូបនេះ ត្រូវចាកចេញទៅចូលរួម Paris Saint-Germain។
 
ប្រធានក្លិបថ្មីសញ្ជាតិអេស្ប៉ាញរូបនេះ រៀបរាប់ថា ប្រសិនបើ Barca នៅរក្សាទុកម្ចាស់ពាន Ballon D’Or ៦សម័យកាលទៀតនោះ ក្លិបនឹងត្រូវចំណាយថ្លៃឈ្នួលសរុបលើកីឡាករទាំងអស់ ១១០ភាគរយនៃប្រាក់ចំណូលសរុបរបស់ក្លិប។ យ៉ាងណា ការចាកចេញរបស់ប្រធានក្រុមវ័យ៣៤ឆ្នាំ បានធ្វើឱ្យ Barca ថយចំណាយថ្លៃពលកម្មត្រឹម១០៣ភាគរយនៃប្រាក់ចំណូល។
 
 លោក Laporta បានប្រាប់អ្នកកាសែតក្នុងសន្និសីទថា៖ «ប្រាក់ខែរបស់យើងសម្រាប់កីឡាករសព្វថ្ងៃមានចំនួន ១០៣ភាគរយ នៃប្រាក់ចំណូលសរុបរបស់ក្លិប ដែលច្រើនជាងក្លិបគូប្រជែងរបស់យើងចន្លោះពី ២០ ទៅ ២៥ភាគរយ។ រឿងដំបូងដែលយើងត្រូវធ្វើនៅពេលនេះ គឺសុំខ្ចីលុយគេថែម ៩៤លានដុល្លារទៀត ព្រោះបើមិនដូច្នេះទេយើងមិនអាចបើកប្រាក់ខែឱ្យកីឡាករបានទេ។ លោក Bartomeu ពិតជាធ្វើបាបយើងណាស់»។
 
ស្របពេលគ្នានេះដែរ លោក Bartomeu បានការពារខ្លួននៅក្នុងលិខិតចំហមួយដែលកាសែត BBC បានចុះផ្សាយនៅថ្ងៃទី១៤ ខែសីហាថា វិធានការណ៍ហិរញ្ញវត្ថុរបស់លោកនឹងមិនធ្វើឱ្យក្លិបធ្លាក់ដល់តំណាក់កាលនេះតទេ ប្រសិនបើលោកមិនត្រូវបានបង្ខំឱ្យលាលែងពីតំណែង ហើយ Messi ក៏នៅតែស្នាក់នៅ Barcelona ដដែល៕
 

Tag:
 Barcelona
  Joan Laporta
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com