អន្តរជាតិ
អាមេរិក ចេញលក្ខខណ្ឌក្នុងការទទួលស្គាល់រដ្ឋាភិបាលថ្មីនៅអាហ្វហ្គានីស្ថាន សកម្មជនតាលីបង់ឈរយាមតាមផ្លូវក្នុងរដ្ឋធានីកាប៊ុល។ រូបថត Xinhua
× អាមេរិក នៅថ្ងៃទី១៦ ខែសីហា បានចេញលក្ខខណ្ឌសម្រាប់រដ្ឋាភិបាលថ្មីនៅអាហ្វហ្កានីស្ថានអនុវត្តតាម ដើម្បីបានការទទួលស្គាល់ពីខ្លួន។ អាមេរិក លើកឡើងពីការបង្កើតរដ្ឋាភិបាលថ្មីដែលមានគ្រប់ភាគី និងការគោរពសិទ្ធមនុស្សពេញលេញ។ បើតាមក្រសួងការបរទេសអាមេរិក អាកប្បកិរិយារបស់ក្រុមតាលីបង់លើបញ្ហាទាំងនេះ នឹងកំណត់ថា ក្រុងវ៉ាស៊ីនតោនទទួលស្គាល់រដ្ឋបាលថ្មីណាមួយនៅកាប៊ុលដែរឬអត់។
នាសន្និសីទសារព័ត៌មានថ្ងៃទី១៦ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយថា អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងឃ្លាំមើលយ៉ាងដិតដល់ពីសកម្មភាពរបស់ក្រុមតាលីបង់ បន្ទាប់ពីក្រុមនេះចូលកាន់កាប់អាហ្វហ្កានីស្ថាននៅថ្ងៃទី១៥ ខែសីហាកន្លងទៅ។ លោក Price ក៏បញ្ចេញលក្ខខណ្ឌខ្លះដែលអាមេរិកយកមកពិចារណាមុននឹងធ្វើការជាមួយក្រុមនេះទៅថ្ងៃអនាគត។
«រដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មី ដែលគាំទ្រសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនខ្លួន ដែលមិនពាក់ព័ន្ធនឹងអំពើភេរវកម្ម និងការពារសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនរួមទាំងស្ត្រីផងនោះគឺ រដ្ឋាភិបាលដែលយើងនឹងអាចធ្វើការជាមួយបាន»។ លោក Price បានបញ្ជាក់បែបនេះ ដោយព្រមានដែរថា បើធ្វើផ្ទុយពីនេះ អាមេរិកក៏នឹងធ្វើសកម្មភាពតាមនោះដែរ។
ទាំងអាមេរិក ទាំងអង្គការសហប្រជាជាតិ សុទ្ធតែព្រួយបារម្ភពីការរំលោភបំពានសិទ្ធិពលរដ្ឋ ជាពិសេសលើស្ត្រីនិងកុមារីនៅក្នុងស្ថានភាពវឹកវរនេះពីសំណាក់ក្រុមតាលីបង់ដែលល្បីខាងអនុវត្តគោលការណ៍សាសនាតឹងតែងខ្លាំង។ កន្លងមក អ្នកនាំពាក្យក្រុមតាលីបង់ ធ្លាប់ចេញសេចក្តីធានាអំពីការការពារសិទ្ធិរបស់ប្រជាជនអាហ្វហ្កានីស្ថាន និងបដិសេធលើរបាយការណ៍ដែលបង្ហាញពីការរំលោភបំពានលើស្ត្រីដោយក្រុមខ្លួន។
នៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេសលោក Price បានលើកឡើងថា អាមេរិកនឹងប្រើមធ្យោបាយការទូត និងសេដ្ឋកិច្ចរបស់ខ្លួនដើម្បីធានាថា រដ្ឋាភិបាលថ្មីនៅទីក្រុងកាប៊ុលគោរពសិទ្ធិមនុស្ស។ លើសពីនោះ អ្នកនាំពាក្យដដែល អះអាងថា ទីក្រុងវ៉ាស៊ីនតោនចង់ឃើញក្រុមតាលីបង់ធ្វើសកម្មភាពគោរពតាមការសន្យាណាមួយរបស់ខ្លួន។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី១៦ខែសីហា ក៏បានបើកការប្រជុំស្តីពីការបង្កើតរដ្ឋាភិបាលថ្មីនៅអាហ្វហ្កានីស្ថាន ក្នុងគោលបំណងនិងបញ្ចប់សង្គ្រាមដ៏យូរលង់ផងដែរ៕
Tag:
អាមេរិក
អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com