អន្តរជាតិ
តៃវ៉ាន់ថា ខ្លួននឹងមិនដួលរលំដូចអាហ្វហ្កានីស្ថានឡើយ ក្នុងករណីចិនវាយ
17, Aug 2021 , 8:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីតៃវ៉ាន់ Su Tseng-cheng ។ រូបថតពីវេបសាយនាយករដ្ឋមន្រ្តីតៃវ៉ាន់
នាយករដ្ឋមន្ត្រីតៃវ៉ាន់ Su Tseng-cheng ។ រូបថតពីវេបសាយនាយករដ្ឋមន្រ្តីតៃវ៉ាន់
នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់ Su Tseng-chang នៅថ្ងៃទី១៧ ខែសីហា អះអាងថា តៃវ៉ាន់ នឹងមិនដួល រលំដូចអាហ្វហ្កានីស្ថានឡើយក្នុងករណីមានការវាយប្រហារណាមួយ។ លោក Su Tseng-chang លើកឡើងបែបនេះ ដែលទំនងជាសារព្រមានដោយប្រយោលទៅកាន់ចិនដែលមានមហិច្ឆតាក្ដោប ក្ដាប់កោះតៃវ៉ាន់។ នៅថ្ងៃដដែលនេះ ចិនក៏ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរកោះតៃវ៉ាន់។

 
បរាជ័យរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានក្នុងការទប់ទល់នឹងកម្លាំងក្រុមតាលីបង់បន្ទាប់ពីអាមេរិក និង ណាតូ ដកទ័ពក៏ធ្វើឱ្យមានការពិភាក្សានៅកោះតៃវ៉ាន់ថា តើនឹងមានអ្វីកើតឡើងក្នុងករណីមានការ ឈ្លានពានពីសំណាក់ចិន? តើអាមេរិកនឹងជួយការពារតៃវ៉ាន់ឬយ៉ាងណា?
 
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters នាយករដ្ឋមន្ត្រីតៃវ៉ាន់ Su Tseng-chang បានអះអាងថា ទោះបីជាសត្រូវមកដល់ច្រកទ្វារទីក្រុងតៃប៉ិដូចក្រុមតាលីបង់ចូលដល់ច្រកទ្វារទីក្រុងកាប៊ុលក៏ដោយ មេដឹកនាំតៃវ៉ាន់ទាំងប្រធានាធិបតី ទាំងនាយករដ្ឋមន្ត្រី និងប្រជាជនតៃវ៉ាន់ នឹងមិនរត់គេច និងមិនខ្លាចការចាប់ខ្លួនឡើយ។ លោក Su បន្តថា សូម្បីក្នុងពេលតៃវ៉ាន់ស្ថិតក្រោមការដឹកនាំផ្ដាច់ការ ក៏ប្រជាជនមិនរអាដែរ។
 
«​​សព្វថ្ងៃនេះមានប្រទេសមហាអំណាចដែលចង់លេបត្របាក់ក្ដោបក្ដាប់តៃវ៉ាន់ដោយប្រើកម្លាំងយោធា ប៉ុន្ដែពួកយើងមិនខ្លាចត្រូវពួកគេសម្លាប់ ឬត្រូវឃុំខ្លួននោះទេ»។ លោក   Su Tseng-chang បានសង្កត់ ធ្ងន់បែបនេះ មុនបន្តថា តៃវ៉ាន់ត្រូវតែការពារខ្លួន និងកុំធ្វើដូចក្រុមមនុស្សខ្លះ ដែលតែងតែលើកឡើង តែពីសមត្ថភាព និងអំណាចរបស់សត្រូវ តែមិននិយាយពីសមត្ថភាពខ្លួនឯងនោះទេ។
 
សម្រាប់អ្វីដែលកើតឡើងនៅអាហ្វហ្កាននីស្ថាន នាយករដ្ឋមន្ត្រីតៃវ៉ាន់រូបនេះក៏បាន យល់ថា វាបានបង្ហាញឱ្យឃើញពីប្រទេសមួយដែលមានភាពច្របូកច្របល់ផ្ទៃក្នុងទៅហើយ នោះបើទោះមានជំនួយពី ខាងក្រៅក៏មិនអាចជួយអ្វីឡើយ។ ចំណែកឯ តៃវ៉ាន់តែងតែជឿជាក់ ថា ពួកគេអាចការពាទឹកដីរបស់ ខ្លួនបានប្រសិនបើមានសត្រូវចូលមកឈ្លានពាន។
 
ជាការផ្ញើសារទៅចិន លោក   Su Tseng-chang បន្តថា កុំមានការភ័ន្តច្រឡំអាចវាយដណ្ដើមតៃវ៉ាន់ បាន។
 
អាមេរិកដូចប្រទេសភាគច្រើនដែរ មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែជាអ្នក ផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុត។ ទាក់ទងសង្រ្គាមនៅតៃវ៉ាន់ អាមេរិកប្រកាន់គោលការណ៍មិនច្បាស់លាស់។ ពោល គឺអាមេរិកមិនប្រកាសគាំទ្រតៃវ៉ាន់ជាចំហ តែក៏មិនបដិសេធដែរ។
 
នៅថ្ងៃដដែល យោធាក៏ធ្វើសមយុទ្ធបាញ់គ្រាប់ពិតមួយនៅតំបន់ក្បែរតៃវ៉ាន់។ ទីបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន អះអាងថា​ សមយុទ្ធផ្លូវអាកាស និងផ្លូវទឹកនេះ ធ្វើឡើងដើម្បីឆ្លើយតបទង្វើបង្កហេតុក្នុងតំបន់៕

Tag:
 តៃវ៉ាន់
  អាមេរិក
  ចិន
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com