កីឡាអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្រ្តីអង់គ្លេស ផ្តល់៣២០លានដុល្លារបន្ថែមដើម្បីពង្រឹងអត្តពលិកត្រៀមអូឡាំពិកប៉ារីស
17, Aug 2021 , 9:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន នឹងផ្តល់ប្រាក់បន្ថែមចំនួន ៣២០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់អត្តពលិកខ្លួនក្នុងការហ្វឹកហាត់ត្រៀមចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ក្រុងប៉ារីសឆ្នាំ ២០២៤។


 
ប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៣២០លានដុល្លារនេះ កើនឡើងលើស៤៤ភាគរយ ដែលរដ្ឋាភិបាលអង់គ្លេសបានផ្តល់ឱ្យស្ថាប័នកីឡាខ្លួនដើម្បីទៅចូលរួមក្នុងការប្រកួតកីឡាអូឡាំតូក្យូឆ្នាំ២០២០។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ការបន្ថែមទឹកប្រាក់ដ៏ច្រើននេះ ដោយសារលោក បូរីស ចនសុន ចង់គាំទ្រដល់អត្តពលិកក៏ដូចជាគ្រូបង្វឹក និងបុគ្គលិក ដើម្បីបង្កើនការពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការប្រជែងយកមេដាយនៅកីឡារដូវក្តៅក្រុងប៉ារីស ឆ្នាំ២០២៤។ 
 
នាយករដ្ឋមន្រ្តីអង់គ្លេសនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្រុមអត្តពលិកចក្រភពអង់គ្លេស (Team GB) បានបង្ហាញទេពកោសល្យ និងភាពប៉ិនប្រសប់ដ៏អស្ចារ្យនៅតូក្យូរួចហើយ ក្រោយមានការខិតខំប្រឹងប្រែងនៅអំឡុងពេលហ្វឹកហាត់។ ហើយការបង្កើនប្រាក់ឧបត្ថម្ភនេះ ក្នុងគោលបំណងគាំទ្រដល់ Team GB ដើម្បីពង្រឹងបន្ថែមក្នុងរយៈពេល៣ឆ្នាំ មុនទៅប៉ារីស»។
ក្រុមអត្តពលោកចក្រភពអង់គ្លេសបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ក្នុងតារាងមេដាយនៅអូឡាំពិកក្រុងតូក្យូ ដោយឈ្នះមេដាយសរុបចំនួន៦៥ ក្នុងនោះមេដាយមាស២២ ប្រាក់២១ និងសំរឹទ្ធិ២២៕
 

Tag:
 Boris Johnson
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com