ភ្នំពេញ៖ ហ្វារពន្លឺសិល្បៈទទួលបានពានមាសចំនួន៤ជាប់ៗគ្នា ក្នុងឆ្នាំ២០២១ ពី The Stevie International Business Awards។ ពានមាសនេះត្រូវបានប្រគល់ឱ្យដល់ហ្វារ ដែលបានសម្ដែងសៀក នៅព្រឹត្តិការណ៍ មានឈ្មោះថា “ហ្វារទៅកាន់អនាគត”។
ការសម្ដែងសៀក ដែលមានសិល្បកររហូតទៅដល់៩០នាក់នោះ ធ្វើឡើងពេញ២៤ម៉ោង ប្រកបដោយជោគជ័យ កាលពីថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២១កន្លងទៅ។ ការផ្សាយផ្ទាល់នៃការសម្ដែងចុងក្រោយបង្អស់របស់ហ្វារ ក្នុងក្រុងបាត់ដំបងកាលនោះ គឺមុនពេលនៃការប្រកាសបិទការសម្ដែងនានា នៅទូទាំងប្រទេសព្រោះតែទប់ស្កាត់ការឆ្លងកូវីដ-១៩ មានអ្នកចូលទស្សនាប្រមាណកន្លះលាននាក់ តាមអនឡាញ។
លោក ឃួន ដេត សហស្ថាបនិកសមាគមហ្វារពន្លឺសិល្បៈ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ការទទួលបានពានមាសទាំង៤នេះ គឺជាកិត្តិយសយ៉ាងធំមួយរបស់ហ្វារ។ ហើយពាននេះ បានបង្ហាញថា ពិភពលោក បានទទួលស្គាល់គុណតម្លៃ និងសមត្ថភាពរបស់ហ្វារ។
ក្នុងឱកាសនៃការទទួលបានពានមាសនេះ លោក ឃួន ដេត ក៏ចង់បញ្ជាក់ប្រាប់ប្រជាជនខ្មែរដែរថា សៀកខ្មែរគឺមានតាំងពីបុរាណមកម្ល៉េះ ហើយមានភាពល្បីល្បាញផង ដោយបានឆ្លាក់នៅតាមប្រាសាទនានា ជាភស្តុតាស្រាប់។
«យើងចង់ឱ្យខ្មែរយើងចាប់អារម្មណ៍ និងឱ្យតម្លៃលើសៀកខ្មែរ បើមិនអ៊ីចឹងទេ សៀកខ្មែររបស់យើងនឹងបាត់បង់ហើយ។ គេដឹងតែថាសៀកចម្លងមកពីបរទេស តែតាមពិតខ្មែរយើងមានសៀក តាំងពីសតវត្សរ៍ទី៦ដល់សតវត្សរ៍ទី១៣ ហើយសៀកនោះល្បី។ យើងមានចម្លាក់របស់យើងជាភស្ដុតាង នៅប្រាសាទបាយ័ន នៅព្រះលានជល់ដំរី នៅប្រាសាទផ្សេងៗ គឺនិយាយអំពីសៀកនេះ។
ប៉ុន្តែការសម្ដែងកាលនោះគេមិនហៅសៀកទេ គេហៅថាមន្តអាគម។ ការបង្រៀនសត្វឱ្យចេះធ្វើអ្វីមួយ ក៏ជាផ្នែកមួយនៃសៀកដែរ ដែលគេហៅថាជាទេពកោសលរបស់មនុស្ស»។ នេះជាការពន្យល់របស់ សហស្ថាបនិកសមាគមហ្វារពន្លឺសិល្បៈ។
លោក ឃួន ដេត សង្ឃឹមថាកូវីដ-១៩ និងឆាប់បិទបញ្ចប់ ហើយហ្វារនឹងឆាប់បានបើកទទួលភ្ញៀវទេសចរណ៍ឱ្យចូលទស្សនា ដើម្បីបន្តដង្ហើមសិល្បករគ្រប់ជំនាញ។ ទោះជាយ៉ាងណាក៏ដោយ សហស្ថាបនិករូបនេះ ថាការបង្កើតព្រឹត្តិការណ៍សិល្បៈធំៗ នឹងមានបន្តទៀត អាស្រ័យលើឱកាស។
លោក ឃួន ដេត ពន្យល់បន្ថែម៖«បើមានឱកាសហ្វារមិនឆ្អែតឆ្អន់ឡើយ យើងនៅតែបន្តធ្វើសកម្មភាពរបស់ខ្លួន ដើម្បីឱ្យមានការទទួលស្គាល់កេរ្ដិ៍ឈ្មោះរបស់ហ្វារ លើឆាកអន្តរជាតិកាន់តែច្រើនឡើង។ យើងនឹងខិតខំប្រឹងប្រែង ធ្វើព្រឹត្តិការណ៍ធំៗ ទាក់ទងនឹងសិល្បៈវប្បធម៌ ឱ្យកាន់តែច្រើន»។
ពានមាសទាំង៤នោះរួមមាន ព្រឹត្តិកាដែលបង្ហាញអំពីវប្បធម៌ល្អបំផុត ឆ្នាំ២០២១ (Best Cultural Event 2021។ ព្រឹត្តិការណ៍ដ៏ល្អបំផុត ដើម្បីបុព្វហេតុមួយ ឆ្នាំ២០២១ (Best Event For A Cause 2021។ យុទ្ធនាការណ៍ទំនាន់ទំនងល្អបំផុត ដែលមិនរកប្រាក់ចំណេញ ឆ្នាំ២០២១ (Best Communications Campaign For A Non-Profit 2021។ និងព្រឹត្តការណ៍រៃអង្គាសថវិកាដ៏ល្អបំផុត ឆ្នាំ២០២១ (Best Fundraising Event 2021៕