សង្គមអន្តរជាតិ​
អន្តរជាតិ
អតីត​មេដឹកនាំ​សូ​វៀត​៖ យុទ្ធនាការ​អាមេរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន បាន​បរាជ័យ​តាំងពី​ដំបូង​ម្ល៉េះ​
17, Aug 2021 , 10:23 pm        
រូបភាព
លោក Mikhail Gorbachev អតីតមេដឹកនាំសហភាពសូវៀត។ រូបភាព៖ Reuters
លោក Mikhail Gorbachev អតីតមេដឹកនាំសហភាពសូវៀត។ រូបភាព៖ Reuters
​លោក​Mikhail Gorbachev នៅ​ថ្ងៃទី​១៧ ខែសីហា បាន​លើកឡើងថា យុទ្ធនាការ​បោសសម្អាត​ក្រុម​ភេរ​វករ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​របស់​អាមេរិក និង​បក្សសម្ព័ន្ធ​យោធា​ណា​តូ បានទទួល​បរាជ័យ តាំងពី​ដើមដំបូង​មកម្ល៉េះ​។ លោក Mikhail Gorbachev គឺជា​អតីត​មេដឹកនាំ​សហភាពសូវៀត ដែល​បាន​បញ្ជា​ឱ្យ​ដកទ័ព​សូ​វៀត ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន កាលពី​ឆ្នាំ​១៩៨៩​។

 
 
​ផែនការ​ដកទ័ព​អាមេរិក និង​សម្ព័ន្ធមិត្ត​ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ ដែល​ថ្នាក់ដឹកនាំ​ប្រទេស ក្រុម​អ្នកជំនាញ និង​មនុស្ស​ផ្សេង លើកយក​ពិភាក្សា​។ បន្ទាប់ពី​ការដក​ទ័ព​របស់​អាមេរិក ក្រុម​តា​លី​បង់ ដែល​បាន​បាត់បង់​អំណាច​កាលពី​២០​ឆ្នាំមុន បាន​កាន់កាប់​អា​ហ្វ​ហ្កា​នី​ស្ថាន​ជាថ្មី​។ រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​កងជីវពល​មួយ​នេះ អាច​នឹង​បង្កើតឡើង​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ 
 
​ទាក់ទិន​នឹង​ការដក​ទ័ព​របស់​អាមេរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​នេះ អតីត​មេដឹកនាំ​សហភាពសូវៀត បាន​ហៅ​បេសកកម្ម​របស់​អាមេរិក បាន​បរាជ័យ​តាំងពី​ដើមដំបូង​មកម្ល៉េះ​។ «​ពួកគេ [​អាមេរិក និង​ណា​តូ​] គួរតែ​សារភាពថា​ពី​ភាពបរាជ័យ​នៅ​ដើមដំបូង​»​។ លោក Gorbachev បាន​សង្កត់ធ្ងន់​បែបនេះ​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី RIA ដោយ​បន្ថែមថា រឿង​ដែល​សំខាន់​នៅពេលនេះ គឺជា​មេរៀន ដែល​គួរ​ទាញយក​ពី​បញ្ហា​បានកើត​ឡើង និង​ធានាថា​បញ្ហា​ដដែល​នេះ មិនគួរ​កើតឡើង​ម្តង​ទៀតឡើយ​។ 
 
​ក្នុងន័យនេះ អតីត​មេដឹកនាំ​សូ​វៀត​រូបនេះ បាន​បន្តថា បើ​ទោះ​រុស្ស៊ី​បាន​គាំទ្រ​នៅ​ដំណាក់កាល​ដំបូង​មែន យុទ្ធនាការ​របស់​អាមេរិក​នៅតែ​បរាជ័យ​។ នៅក្នុង​ឆ្នាំ​២០០១ ក្រុមប្រឹក្សាសន្តិសុខ បាន​សេចក្តីសម្រេច​គាំទ្រ​អាមេរិក ក្នុងការ​ធ្វើសង្គ្រាម​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ដើម្បី​លុបបំបាត់​ក្រុម​ភេរ​វករ​។ បរាជ័យ​របស់​អាមេរិក​បែបនេះ ដោយសារតែ​ការ​ពន្លើស​លើ​ការគំរាមកំហែង និង​ការកំណត់​គំនិត​ភូមិសាស្ត្រ​នយោបាយ​មិនបាន​ល្អ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ក្នុង​ថ្ងៃ​ដដែល​នេះ អតីត​ប្រធានាធិបតី​អាមេរិក លោក George W Bush ដែល​បានប្រកាស​សង្គ្រាម​ប្រឆាំង​ភេរវកម្ម កាលពី​ឆ្នាំ​២០០១ និង​ជា​អ្នក​បញ្ជូនទាហាន​ទៅ​អា​ហ្វ​ហ្កា​នី​ស្ថាន បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​អាមេរិក​ជួយ​ជនភៀសខ្លួន​អា​ហ្វ​ហ្កា​នី​ស្ថាន បន្ទាប់ពី​ក្រុម​តា​លី​បង់​គ្រប់គ្រង​ប្រទេស​។ អតីត​មេដឹកនាំ​អាមេរិក​រូបនេះ ក៏បាន​បង្ហាញ​ក្តីកង្វល់​ពី​ព្រឹត្តិការណ៍​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ផងដែរ​៕
 

Tag:
 សូ​វៀត​
  អាមេរិក​
  ណា​តូ​
  អា​ហ្វ​ហ្កា​នី​ស្ថាន​
  តា​លី​បង់​
© រក្សាសិទ្ធិដោយ thmeythmey.com