ជាតិ
ទំនិញខូចគុណភាព១តោន ត្រូវបានរឹបអូស នៅខេត្តបន្ទាយមានជ័យ និងកំពង់ធំ
18, Aug 2021 , 5:15 pm        
រូបភាព
មន្ត្រី ក.ប.ប ចុះត្រួតពិនិត្យទំនិញ ក្នុងខេត្តបន្ទាយជ័យ និងកំពង់ធំ និងេកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ជាង ១តោន។ រូបភាពពី ក.ប.ប។
មន្ត្រី ក.ប.ប ចុះត្រួតពិនិត្យទំនិញ ក្នុងខេត្តបន្ទាយជ័យ និងកំពង់ធំ និងេកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ជាង ១តោន។ រូបភាពពី ក.ប.ប។
ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ជាង ១តោន ក្នុងខេត្តបន្ទាយមានជ័យ និងកំពង់ធំ ត្រូវបានរឹបអូស ខណៈម្ចាស់អាជីវកម្ម រងការផាកពិន័យអន្តរការណ៍។ បច្ចុប្បន្នទំនិញទាំងនោះត្រូវបាន យកទៅរក្សាទុក ដើម្បីរកចាំការកម្ទេចចោល។ នេះបើតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ។


អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ នៅថ្ងៃទី១៧សីហា ឆ្នាំ២០២១ បានឱ្យដឹងថា ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ទាំងនោះ មានទម្ងន់១,០០៥គីឡូក្រាម។ ក្នុងនោះសាខាខេត្តកំពង់ធំ រកឃើញ ទំនិញខូចគុណភាព ១៩៧គីឡូក្រាម ខណៈខេត្តបន្ទាយមានជ័យចំនួន ៨០៨គីឡូក្រាម ដែលភាគច្រើនជា ភេសជ្ជៈដប និងកំប៉ុង។ 
 
បើតាមលោក សាន វិជ្ជាសារ៉ាវុធ ប្រធានអគ្គនាយកដ្ឋាន ក.ប.ប សាខាខេត្តបន្ទាយមានជ័យ ទំនិញហួសកាលបរិច្ឆេតប្រើប្រាស់ទាំងនោះ ត្រូវបានរកឃើញតាមបណ្ដាដេប៉ូលក់ទំនិញ ក្នុងក្រុងប៉ោយប៉ែត។ ក្រោយការរឹបអូសទំនិញទាំងនោះ ម្ចាស់អាជីវកម្ម រងការផាកពិន័យអន្តរការណ៍។ 
 
ជុំវិញការផាកពិន័យនេះ លោក វិជ្ជាសារ៉ាវុធ បញ្ជាក់ដូច្នេះថា៖ «ក្នុងករណីនេះ គឺជាការលួចបន្លំលក់ ដោយម្ចាស់ទីតាំង យកទំនិញ(ហួសកាលបរិច្ឆេទប្រើប្រាស់)ទាំងនោះយកមកដាក់តាំងលក់។ ដូច្នេះតាមច្បាប់គឺ ត្រូវផាកពិន័យមិនលើសពី ២០លានរៀល ទៅតាមទំហំបទល្មើសនោះ»។
 
 លោកបានបន្ថែមថា ក្នុងករណីដែលម្ចាស់អាជីវកម្ម នៅតែប្រព្រឹត្តបទល្មើសដដែលនោះ ត្រូវផាកពិន័យ និងពិចារណាតាមផ្លូវច្បាប់ប្ដឹងទៅតុលាការ ដើម្បីផ្អាកអាជីវកម្ម ឬដកអាជ្ញាប័ណ្ណអាជីវកម្មជាដើម។ 
 
ប្រធានអគ្គនាយកដ្ឋាន ក.ប.ប ខេត្តបន្ទាយមានជ័យរូបនេះ ក៏បានអំពាវនាវដល់ម្ចាស់អាជីវករទាំងអស់ ត្រូវប្រកបអាជីវកម្ម ដោយសុចរិត ជាពិសេសត្រូវត្រួតពិនិត្យទំនិញឱ្យបានត្រឹមត្រូវមុនដាក់លក់ ដើម្បីការពារសុខភាពអ្នកបរិភោគ។ ចំពោះអ្នកបរិភោគវិញ ត្រូវត្រួតពិនិត្យគ្រប់ទំនិញ ទៅលើម៉ាកយីហោ និងកាលបរិច្ឆេទត្រឹមត្រូវ មុននឹងទិញ ឬបរិភោគ៕
 

Tag:
 ThmeyThmey25
  ទំនិញខូចគុណភាព
  បន្ទាយមានជ័យ
  កំពង់ធំ
  ក.ប.ប
© រក្សាសិទ្ធិដោយ thmeythmey.com