កីឡាជាតិ
ជាតិ
កម្ពុជា នឹងដេញថ្លៃធ្វើម្ចាស់ផ្ទះ AFF Suzuki Cup 2020 នៅចុងឆ្នាំនេះ
18, Aug 2021 , 2:00 pm        
រូបភាព
រូបពីហ្វេសប៊ុក AFF Suzuki Cup
រូបពីហ្វេសប៊ុក AFF Suzuki Cup
ភ្នំពេញ៖ កម្ពុជា នឹងដេញថ្លៃធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួត កីឡាបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២០ (AFF Suzuki Cup 2020) ។ បើដេញថ្លៃបាននោះ កម្ពុជា នឹងរៀបចំការប្រកួតនេះ នៅអំឡុងខែធ្នូ ២០២១ ដល់ដើមខែមករា ២០២២។


 
អគ្គលេខាធិការ​គណៈកម្មា​ធិការជាតិអូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា គម្រោងនៃការដេញថ្លៃរៀបចំការប្រកួត AFF Suzuki Cup នេះ ទទួលបានការគាំទ្រ និងឯកភាពពីសំណាក់លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងសម្ដេច ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)ហើយ។
 
លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា មូលហេតុដែលកម្ពុជា ចង់ធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតនេះ ដោយសារចង់ឱ្យបង្ហាញកីឡដ្ឋានជាតិមរតកតេជោ ដែលសមិទ្ធផលថ្មី ទើបសាងសង់រួច ទៅដល់អន្តរជាតិ ឱ្យបានដឹង និងស្គាល់ រួមទាំងឱ្យកីឡាករបន្សាំខ្លួនលើទីលានថ្មីនេះ សម្រាប់ដំណើរឆ្ពោះទៅការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អគ្គលេខាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)រូបនេះ បានបញ្ជាក់ដូច្នេះថា៖«យើងបានឯកភាពគ្នា ជួយជ្រោមជ្រែង និងគាំទ្រជាគោលការណ៍ ហើយសម្ដេច ទៀ បាញ់ ក៏បានគាំទ្រជាគោលការណ៍ ហើយស្នើសុំទៅរដ្ឋាភិបាល ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួត Suzuki Cup ហ្នឹង»។
 
ក្រៅពីកម្ពុជា មានបំណងរៀបចំការប្រកួតនេះ លោក វ៉ាត់ ចំរើន ក៏មិនទាន់ដឹងថា មានភាគីប្រទេសណាខ្លះ ដាក់សំណើដេញថ្លៃធ្វើជាម្ចាស់ផ្ទះ AFF Suzuki Cup នេះដែរ។ សម្រាប់កម្ពុជា អាចមានលទ្ធភាពខ្ពស់ក្នុងការសុំធ្វើជាម្ចាស់ផ្ទះនេះ។
 
«វាមិនជាកង្វល់ប៉ុន្មាន ក្នុងការដាក់ជាបេក្ខភាពប្រកួតប្រជេងរៀបចំធ្វើជាម្ចាស់ផ្ទះនេះ ប៉ុន្មាននោះទេ ដោយសារប្រធានសហព័ន្ធបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ហ្នឹង គឺខ្មែរយើងជាប្រធាន គឺឯកឧត្តម ខៀវ សាម៉េត»។ នេះបើតាមលោក វ៉ាត់ ចំរើន ដែលបានបន្ថែមថា ការរៀបចំការប្រកួត AFF Suzuki Cup នេះ គឺគ្មានបញ្ហានោះទេ ព្រោះកម្ពុជា ធ្លាប់មានបទពិសោធន៍ដែរ។
 
តាមពិតទៅ ការប្រកួត AFF Suzuki Cup នេះ ជាតួនាទីរបស់វៀតណាមទេ ដែលត្រូវធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែដោយសារតែបញ្ហាកូវីដ-១៩ ផ្ទុះខ្លាំងនោះ ទើបប្រទេសជិតខាងកម្ពុជានេះ សម្រេចមិនទទួលការរៀបចំ។ 
 
បញ្ហាកូវីដ-១៩ នេះ វាមិនប៉ះពាល់ដល់ដំណើរការរៀបចំធ្វើជាម្ចាស់ផ្ទះ ប្រកួតបាល់ទាត់នៅកម្ពុជាឡើយ។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ដែលបានបន្ថែមថា កម្ពុជា នឹងយកបទពិសោធន៍រៀបចំការប្រកួតកីឡាអូឡាំពិក ២០២០ នៅទីក្រុងតូក្យូ កាលពីពេលថ្មីៗនេះ មកអនុវត្តនៅក្នុងការប្រកួត។
 
ត្រង់ចំណុចនេះ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានពន្យល់ត្រួសៗថា កម្ពុជានឹងរៀបចំការតាមដាន និងត្រួតពិនិត្យលើសុខភាពកីឡាករ និងមន្ត្រីពាក់ព័ន្ធ ពីបណ្ដាប្រទេស ដែលចូលរួមការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍នេះ ជាប្រចាំ។
 
បានន័យថា មុនពេលកីឡាករ និងគណៈប្រតិភូមកដល់ គឺត្រូវមានឯកសារ និងលិខិតបញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ ។ ហើយពេលមកដល់ព្រលានយន្តហោះនោះ ពួកគេទាំងនោះ ត្រូវទទួលការត្រួតពិនិត្យលម្អិតសុខភាព តាមរយៈឧបករណ៍ PCR តេស្តរកកូវីដ-១៩ ម្ដងទៀត មុននឹងរៀបចំឱ្យពួកគេ ទៅកន្លែងស្នាក់នៅ សម្រាប់ត្រៀមចូលរួមប្រកួត។ បន្ថែមពីនេះ ពួកគេ ក៏មិនត្រូវបានអនុវត្តឱ្យចេញទៅណា ក្រៅពីកន្លែងហ្វឹកហាត់ និងកន្លែងស្នាក់នៅឡើយ ដោយភ្ជាប់ជាមួយការតេស្តសុខភាពប្រចាំថ្ងៃ ។ ចំពោះកីឡាករ និងគណៈប្រតិភូណា ធ្វើខុសការណែនាំនេះ កម្ពុជាដែលជាម្ចាស់ផ្ទះ នឹងមានសិទ្ធិសម្រេចដក ឬលុបចោលការប្រកួតពួកគេ។ ដោយឡែកអ្នកចូលរួមទស្សនាវិញ គឺអាស្រ័យលើស្ថានភាពជាក់ស្ដែង។ នេះបើតាមលោក វ៉ាត់ ចំរើន។
 
ការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 ត្រូវបានពន្យារពេល មកឆ្នាំ២០២១វិញ ដោយសារវិបត្តិកូវីដ-១៩ ។ គម្រោងព្រឹត្តិការណ៍នេះ នឹងចាប់ផ្ដើមការប្រកួត ពីថ្ងៃ៥ ធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃ​​១ មករា ឆ្នាំ២០២២ ។
 
ប្រសិនបើកម្ពុជាដេញថ្លៃជោគជ័យនោះ សហព័ន្ធត្រូវរៀបចំសណ្ឋាគារយ៉ាងហោច ៣ ដើម្បីក្រុមជម្រើសជាតិ ដែលត្រូវចូលរួមព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ ។ បើតាមការគ្រោងទុកនោះ យ៉ាងហោចមានកីឡាករ និងមន្ដ្រីប្រមាណ ៥០០នាក់ ត្រូវស្នាក់នៅកម្ពុជា រយៈពេលជិត ១ខែ។ នេះបើតាមលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕
 

Tag:
 បាល់ទាត់
  AFF Suzuki Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com