អន្តរជាតិ
ប្រធានាធិបតីតៃវ៉ាន់៖ តៃវ៉ាន់ ត្រូវតែខ្លាំងខ្លួនឯង ជាជាងពឹងលើកម្លាំងប្រទេសដទៃ
19, Aug 2021 , 12:00 pm        
រូបភាព
លោកស្រី_Tsai_Ing_wen_ប្រធានាធិបតីតៃវ៉ាន់។_រូបភាព៖_Facebook_Tsai
លោកស្រី_Tsai_Ing_wen_ប្រធានាធិបតីតៃវ៉ាន់។_រូបភាព៖_Facebook_Tsai
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃទី១៨ ខែសីហា បានបង្ហាញជំហររបស់ខ្លួន ក្រោយអាមេរិកដកទ័ពនៅអាហ្វហ្កនីស្ថានថា តៃវ៉ាន់ត្រូវតែខ្លាំងខ្លួនឯងនិងរួបរួមគ្នា ជាជាងពឹងលើការការពារពីប្រទេសដទៃ។ មិនតែប៉ុណ្ណោះ មេដឹកនាំតៃវ៉ាន់រូបនេះ ក៏បានឌឺដងផ្លែផ្កាដាក់ចិន ដែលតែងគំរាមប្រើកម្លាំងទ័ព ក្តាប់យកតៃវ៉ាន់ផងដែរ។


ការដកទ័ពអាមេរិកនៅអាហ្វហ្កានីស្ថាន ត្រូវបានមនុស្សមួយចំនួនប្រដូចទៅនឹងទំនាក់ទំនងអាមេរិក និងកោះតៃវ៉ាន់។ សូម្បីតែសារព័ត៌មានចិន Global Times ក៏បានលើកពីបញ្ហានេះដែរ។ «មិ្សលមិញសៃហ្កន [វៀតណាម] ថ្ងៃនេះអាហ្វហ្កានីស្ថាន និងថ្ងៃស្អែកតៃវ៉ាន់?» Global Times បានសរសេរបែបនេះ នៅក្នុងការចុះផ្សាយមួយនៅថ្ងៃទី១៦ ខែសីហា។ 
 
ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតី លោកស្រី Tsai Ing-wen បានសរសេរលើបណ្តាញសង្គម Facebook នៅថ្ងៃទី១៨ ខែសីហាថា ការផ្លាស់ប្តូរស្ថានការណ៍នៅអាហ្វហ្កានីស្ថាន បាននាំឱ្យមានការពិភាក្សាពីបញ្ហាកោះតៃវ៉ាន់។ 
 
«ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ជម្រើសតែមួយគត់គឺ តៃវ៉ាន់ត្រូវតែធ្វើឱ្យខ្លួនឯងខ្លាំង រួបរួម និងតាំងចិត្តក្នុងការការពារខ្លួន»។ មេដឹកនាំតៃវ៉ាន់ បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា វាមិនមែនជាជម្រើសរបស់តៃវ៉ាន់ឡើយ ដែលមិនធ្វើអ្វីសោះ ហើយពឹងផ្អែកលើការពារពីសំណាក់អ្នកដទៃ។ 
 
មិនតែប៉ុណ្ណោះ លោកស្រី Tsai ក៏បានឌឺដងផ្លែផ្កាដាក់ចិនផងដែរ។ ក្នុងបណ្តាញសង្គម Facebook ដដែលនេះ មេដឹកនាំតៃវ៉ាន់ បានបន្ថែមថា រដ្ឋាភិបាលក្រុងតៃប៉ិ មិនពឹងផ្អែកលើបំណងល្អក្នុងរយៈពេលខ្លី ឬជំនួយមនុស្សធម៌ពីប្រទេសមួយ ដែលមិនបានបោះបង់ការប្រើកម្លាំងទ័ព ក្នុងការវាយប្រហារមកលើតៃវ៉ាន់ឡើយ។ 
 
មិនខុសពីលោកស្រី Tsai ឡើយ នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក Su Tseng-chang ក្នុងថ្ងៃទី១៧ ខែសីហា ក៏បានបកស្រាយការប្រៀបធៀបតៃវ៉ាន់ទៅនឹងអាហ្វហ្កានីស្ថានផងដែរ។ បើតាមលោក Su តៃវ៉ាន់ នឹងមិនដួលដូចរដ្ឋាភិបាលអាហ្វហ្កានីស្ថានឡើយ ប្រសិនបើមានការវាយប្រហារ។ មិនតែប៉ុណ្ណោះ នាយករដ្ឋមន្រ្តីតៃវ៉ាន់រូបនេះ បានបញ្ជាក់ថា ប្រជាជនតៃវ៉ាន់ រួមទាំងថ្នាក់ដឹកនាំ មិនខ្លាចពីការសម្លាប់ ឬយកទៅដាក់គុកឡើយ ហើយប្រជាជនតៃវ៉ាន់ នឹងការពារដែនកោះមួយនេះដោយខ្លួនឯង។ 
 
កន្លងមក ចិនតែងគំរាមប្រើប្រាស់កម្លាំងទ័ព ដើម្បីគ្រប់គ្រងតៃវ៉ាន់។ សូម្បីប្រធានាធិបតីចិន លោកស៊ី ជិនភីង នៅក្នុងខួបបក្សកុម្មុយនីស្តចិនរយៈពេល ១០០ឆ្នាំ បានហៅការបង្រួមបង្រួមចិន និងតៃវ៉ាន់ គឺជាបេសកកម្មប្រវត្តិសាស្រ្ត។ ចិន តែងរិះគន់អាមេរិក លើការលក់អាវុធ និងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយដែនកោះតៃវ៉ាន់ ក្រោមហេតុផលថា ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងចិន និងមិនគោរព «គោលការណ៍ចិនតែមួយ»៕

Tag:
 តៃវ៉ាន់
  ចិន
  អាមេរិក
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com