អន្តរជាតិ
លោកបៃឌិន ៖ ការប្ដេជ្ញាចិត្តរបស់អាម៉េរិកចំពោះតៃវ៉ាន់​ ជប៉ុន កូរ៉េខាងត្បូង មិនដូចអាហ្វហ្កានីស្ថានទេ
20, Aug 2021 , 2:29 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ចូ បៃឌិន ។ រូបថត AFP
ប្រធានាធិបតីអាមេរិក ចូ បៃឌិន ។ រូបថត AFP
ការដកទ័ពពីអាហ្វហ្កានីស្ថានដែលនាំឱ្យប្រទេសនេះធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ធ្វើឱ្យអាម៉េរិករងការរិះគន់ខ្លាំង ហើយក៏មានការជជែកពីការប្ដេជ្ញាចិត្តរបស់អាម៉េរិកចំពោះសម្ព័ន្ធមិត្តឯទៀតក្នុងករណីមានការវាយប្រហារណាមួយ ពិសេសតៃវ៉ាន់ដែលប្រឈមមុខការគំរាមរបស់ចិន ឬកូរ៉េខាងត្បូងនៅឧបទ្វីបកូរ៉េជាដើម។ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និយាយនៅថ្ងៃទី១៩ ខែសីហាថា ការប្ដេជ្ញាចិត្តរបស់អាម៉េរិកលើសម្ព័ន្ធមិត្តរបស់ខ្លួន មិនដូចករណីអាហ្វហ្កានីស្ថានឡើយ។

 
ការប្ដេជ្ញាចិត្តផ្នែកសន្តិសុខរបស់អាម៉េរិកចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន ក្លាយជាប្រធានបទក្ដៅមួយក្រោយការដកទ័ពចេញពីអាហ្វហ្កានីស្ថាន និងការឡើងកាន់អំណាចរបស់ក្រុមតាលីបង់។ ប្រព័ន្ធផ្សព្វផ្សាយពិភពលោក ពិសេសប្រព័ន្ធផ្សព្វផ្សាយចិន សុទ្ធតែបានបកស្រាយការដកទ័ពនេះជាការផ្លាស់ប្ដូរការជំហររបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងពេលមានបញ្ហាកើតឡើង។
 
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ ABC នៅថ្ងៃទី១៩ ខែសីហា លោកប្រធានាធិបតី ចូ បៃឌិន អះអាងថា ស្ថានភាពអាហ្វហ្កានីស្ថាន មិនដូចស្ថានភាពតៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន និងសម្ព័ន្ធមិត្តណាតូឡើយ។ លោកបកស្រាយទៀតថា ប្រទេស និងតំបន់ទាំងនេះមានកិច្ចព្រមព្រៀងជាមួយអាម៉េរិកដោយផ្អែកលើគោលការណ៍រដ្ឋាភិបាលតែមួយ និងការប្រឆាំងអំពើអាក្រក់ មិនមែនដោយសារពួកគេមានសង្រ្គាមផ្ទៃក្នុងឡើយ។
 
«យើងមានការប្ដេជ្ញាចិត្ត ហើយរក្សាការប្ដេជ្ញាចិត្តនេះ។ យើងមានការប្ដេជ្ញាចិត្តតាមមាត្រា៥ ដែលចែងថា ប្រសិនមានអ្នកឈ្លានពានសម្ព័ន្ធមិត្តណាតូ យើងនឹងឆ្លើយតប។» លោក បៃឌិន និយាយបែបនេះដោយសំដៅមាត្រាចែងពីការជួយគ្នាទៅវិញទៅមករបស់ណាតូ មុនបន្តថា រឿងបែបនេះក៏ដូចគ្នាសម្រាប់ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ដែរ។
 
ក្រោយព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន ទីក្រុងវ៉ាស៊ីនតោន ប្រញាប់ប្រកាសការរក្សាជំហររបស់ខ្លួនទៅកាន់សម្ព័ន្ធមិត្តជុំវិញពិភពលោក។ នៅដើមសប្ដាហ៍នេះ ទីប្រឹក្សាសន្តិសុខជាតិ Jake Sullivan បញ្ជាក់ថា រដ្ឋបាលលោក បៃឌិន គ្មានបំណងកាត់បន្ថយទ័ពនៅកូរ៉េខាងត្បូង ឬអឺរ៉ុបឡើយ។
 
សម្រាប់អាហ្វហ្កានីស្ថាន លោក បៃឌិន បាននិយាយការពារម្ដងហើយម្ដងទៀតពីការដកទ័ពនេះ។ លោកអះអាងមិនដាច់ពីមាត់ថា អាម៉េរិកមិនអាចបន្តសង្រ្គាមបែបនេះទៀតឡើយ។ ម្យ៉ាងគោលដៅចម្បងបានសម្រេចទៅហើយ គឺការសម្លាប់មេដឹកភេរវករ អូសាម៉ា ប៊ីនឡាដិន និងការបញ្ឈប់ការគំរាមលើអាម៉េរិក។ ម្យ៉ាងអាមេរិកទៅកាន់អាហ្វហ្កានីស្ថាន ក៏មិនមែនដើម្បីទៅជួយសាងសង់អាហ្វហ្កានីស្ថានដែរ៕
 

Tag:
 អាមេរិក
  ចូ បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com