អន្តរជាតិ
លោក បៃឌិន ជ្រើសរើសអ្នកការទូតចូលនិវត្តន៍ជាអគ្គរដ្ឋទូតអាម៉េរិកថ្មីប្រចាំចិន
21, Aug 2021 , 7:29 pm        
រូបភាព
លោក Nicholas Burns ត្រូវបានជ្រើសរើសជាអគ្គរដ្ឋទូតអាម៉េរិកប្រចាំចិន។ រូបថត AFP
លោក Nicholas Burns ត្រូវបានជ្រើសរើសជាអគ្គរដ្ឋទូតអាម៉េរិកប្រចាំចិន។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ជ្រើសរើសលោក Nicholas Burns អ្នកការទូតចូលនិវត្តន៍ជាបេក្ខភាពអគ្គរដ្ឋទូតថ្មីនៅចិន។ នេះបើតាមការប្រកាសរបស់សេតវិមាននៅថ្ងៃទី២០ ខែសីហា។ រដ្ឋបាលលោក បៃឌិន ទំនងជាចង់លើកតម្កើងតួនាទីអគ្គរដ្ឋទូតប្រចាំប៉េកាំងដើម្បីពង្រឹងទំនាក់ទំនងឡើងវិញ ស្របពេលចំណងការទូតទ្វេភាគីមិនសូវល្អ ទើបយកអ្នកជំនាញការបរទេសមកដាក់កន្លែងនេះ ដ្បិតកន្លងមក ប្រេសិតនៅប៉េកាំងច្រើនជាអ្នកនយោបាយ។

 
លោក Nicholas Burns ត្រូវបានរដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ចុចឈ្មោះជាបេក្ខជនអគ្គរដ្ឋទូតអាម៉េរិកប្រចាំរដ្ឋធានីប៉េកាំង ដែលតំណែងនេះនៅទំនេរតាំងពីខែតុលា ឆ្នាំ២០២០ ក្រោយលោក Terry Brandstad លាលែងពីតំណែង។ លោក Burns ដែលជាមន្រ្តីផ្នែកការទូតយូរឆ្នាំ ជាអនុរដ្ឋមន្រ្តីការបរទេសពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ផងដែរ។
 
បេក្ខភាពរបស់លោក Burns ត្រូវឆ្លងកាត់ការយល់ព្រមពីព្រឹទ្ធសភាសិន។ ប្រសិនបើទទួលបានការអនុម័ត អ្នកការទូតរូបនេះ នឹងត្រូវមានការងារធ្ងន់ដែលត្រូវដោះស្រាយ ខណៈទំនាក់ទំនងរវាងមហាអំណាចលេ១ និងលេខ២ របស់ពិភពលោក កំពុងធ្លាក់ចុះខ្លាំង។ បញ្ហាពាណិជ្ជកម្ម, បច្ចេកវិទ្យា, ជំងឺកូវីដ-១៩, តៃវ៉ាន់ និងសមុទ្រចិនខាងត្បូង កំពុងរង់ចាំលោក Burns សម្របសម្រួល។​ បញ្ហានៅអាហ្វហ្កានីស្ថាន ក៏ជាបញ្ហាដែរ។
 
យ៉ាងណាមិញ លោក Burns មិនមែនជាអ្នកជំនាញកិច្ចការចិន ដូចគ្នានឹងអគ្គរដ្ឋទូតមុនៗដែរ។ លោក ជាមនុស្សជំនិតម្នាក់របស់លោក បៃឌិន ដោយធ្លាប់ជាទីប្រឹក្សាយុទ្ធនាការបោះឆ្នោត ហើយក៏ធ្លាប់ធ្វើការជាមួយមនុស្សស្និទ្ធលោក បៃឌិន មួយចំនួនរាប់ទាំងរដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន អាន់តូនី ប្លីងខិន ។ លោក ចច ដាប់ប៊លយូ ប៊ូស តែងតាំងលោក Burns ជាអនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការនយោបាយដែលជាតំណែងលំដាប់ទី៣ នៅក្រសួងការបរទេស។
 
ក្នុងតំណែងតំណាងអាម៉េរិកលើឆាកអន្តរជាតិ លោក Burns ក៏ធ្លាប់ជាអគ្គរដ្ឋទូតអាម៉េរិកប្រចាំណាតូ និងក្រិក។ 
 
ចិន ក៏ទើបតែងតាំងអគ្គរដ្ឋទូតប្រចាំវ៉ាស៊ីនតោនវិញដែរ។ អគ្គរដ្ឋទូតថ្មីឈ្មោះ ឈីន កាង ក៏មិនមែនជាមនុស្សជំនាញខាងកិច្ចការអាម៉េរិកដែរ តែជាមនុស្សជំនិតរបស់ប្រធានាធិបតី ស៊ី ជិនភីង ។ លោក ឈីន នេះ ជាធ្លាប់ជាអនុរដ្ឋមន្រ្តីការបរទេសចិន និងកាន់ការងារពិធីការរបស់លោក ស៊ី ជាច្រើនឆ្នាំ៕ 

Tag:
 ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com