ជាតិ
តំបន់ខ្លះនៅភ្នំគូលែន ខ្វះទឹកប្រើប្រាស់
22, Aug 2021 , 9:29 am        
រូបភាព
ព្រៃឈើត្រូវបានដាំស្តារឡើងវិញនៅផ្នែកខ្លះនៃភ្នំគូលែន ដែលអាជ្ញាធរអះអាងថាជាដំណោះស្រាយដើម្បីស្រូបទឹកភ្លៀង។ រូបភាពផ្តល់ដោយ លោក សាឃឿន សក្ដា ប្រធានការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តសៀមរាប​
ព្រៃឈើត្រូវបានដាំស្តារឡើងវិញនៅផ្នែកខ្លះនៃភ្នំគូលែន ដែលអាជ្ញាធរអះអាងថាជាដំណោះស្រាយដើម្បីស្រូបទឹកភ្លៀង។ រូបភាពផ្តល់ដោយ លោក សាឃឿន សក្ដា ប្រធានការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តសៀមរាប​
សៀមរាប៖ ទោះបីសព្វថ្ងៃនេះ ចូលរដូវវស្សាហើយក៏ដោយ តែគេមើលឃើញថា របបទឹកភ្លៀងហាក់នៅតិច ដែលធ្វើឱ្យតំបន់ផ្ទៃរងទឹកភ្លៀងខ្លះ មិនមានទឹកនោះទេ។ ភ្នំគូលែន ដែលធ្លាប់ហូរហៀរទឹក ពិសេសក្នុងរដូវវស្សា បែរជាខ្សត់ទឹក អណ្ដូងទឹកខ្លះបានដាច់ ហើយបរិមាណទឹកតាមអូរ ក៏ខ្សត់ខ្សោយដែរ។

 
លោក ហេង ពុទ្ធា ពលរដ្ឋនៅភូមិអន្លង់ធំ បានឱ្យដឹងថា អណ្តូងទឹកតាមផ្ទះពលរដ្ឋនៅប៉ែកខាងត្បូងភូមិ បានរីងខះទឹកជាបណ្ដើរៗ ខណៈតាមក្បាលជប់ដែលធ្លាប់ជាប្រភពទឹក លែងមានទឹក។ លោកបន្តថា ឆ្នាំនេះដូចខុសប្លែកបន្ដិច ដែលរាល់ឆ្នាំក្បាលជប់ទាំងនោះធ្លាប់តែរីកទឹកនៅរដូវប្រាំង តែក្នុងរដូវវស្សាទៅហើយ នៅពុំមានទឹកទៀត។ 
 
យ៉ាងណា លោក ពុទ្ធា បញ្ជាក់ថា កង្វះទឹកនេះកើតឡើងលើពលរដ្ឋ ប្រមាណ១០គ្រួសារប៉ុណ្ណោះ។ លោកបន្ថែមថា ជាដំណោះស្រាយ ពលរដ្ឋទាំងនោះ ត្រូវចល័តទៅយកទឹកប្រើប្រាស់នៅតំបន់ផ្សេង ដែលមិនឆ្ងាយប៉ុន្មានពីផ្ទះពួកគេ។ 
 
មេភូមិអន្លង់ធំ លោក អ៊ុន អឿន ប្រាប់ថា​ បញ្ហានេះមិនចោទជាបញ្ហាខ្លាំង សម្រាប់ពលរដ្ឋក្នុងមូលដ្ឋានរបស់លោកទេ។ លោកពន្យល់ថា កង្វះទឹកក្នុងរដូវវស្សានេះមានតិចតួចប៉ុណ្ណោះ ដែលខុសពី    រដូវប្រាំង ដែលប្រភពទឹកតូចៗជាច្រើនបានដាច់ទឹក។ លោកថា បញ្ហាខ្វះទឹកតែងកើតមាននារដូវប្រាំងចាប់ពីខែ មករា ដល់ខែឧសភា ពិសេសក្បាលជប់ នៅកណ្ដាលភូមិ ដែលពលរដ្ឋប្រើប្រាស់ច្រើនជាងគេ។ 
 
យ៉ាងណាក៏ដោយមេភូមិអន្លង់ធំ បានមើលឃើញថា របបទឹកភ្លៀងឆ្នាំនេះ មិនសូវមានច្រើននោះទេ ដែលជាហេតុធ្វើឱ្យតំបន់ក្បាលជប់ និងទឹកអូរជាដើម ចង់ដាច់ទឹក ហើយទឹកវិញមានពណ៌ក្រហម ពិបាកប្រើប្រាស់ផងដែរ។ លោក អ៊ុន អឿន ព្រួយបារម្ភចំពោះបញ្ហានេះយ៉ាងដូច្នេះថា៖«បារម្ភដែរ តែខាងអាជ្ញាធរ បានបោះបង្គោលតាមចម្ការដែលមានក្បាលជប់ ការពារមិនឱ្យមានការកាប់ព្រៃបន្តទៀត វាជាមូលហេតុ»។
 
ចំណែកប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក ស៊ុន គង់ មានប្រសាសន៍ថា បញ្ហានេះកើតឡើងដោយសារពាក់ព័ន្ធនឹងការបម្រែបម្រួលអាកាសធាតុក្នុងពិភពលោក។ យ៉ាងណាលោកថា មិនទាន់មានសេចក្ដីប្រកាសព័ត៌មាន ពីបញ្ហារងឥទ្ធិពលការប្រែប្រួលអាកាសធាតុ ដែលធ្លាប់កើតមានដូចឆ្នាំទៅនោះទេ។ 
 
លោក ស៊ុន គង់ ប្រាប់ថា របបទឹកភ្លៀងនៅទាប ជាមូលហេតុដែលធ្វើឱ្យភ្នំគូលែន មិនសូវមានទឹកច្រើន តែក្នុងនោះលោកថា កម្ពស់ទឹកនៅបឹងទន្លេសាប ឡើងខ្ពស់ជាងឆ្នាំទៅមិញ ធៀបនឹងរយៈពេលដូចគ្នា គឺទឹកហាក់ឡើងលឿនជាមុនបន្ដិច។
 
ចំពោះដំណោះស្រាយកង្វះទឹកនៅភ្នំគូលែន ប្រធានមន្ទីរបរិស្ថាន ប្រាប់ថា មន្ទីរសហការជាមួយប្រជាពលរដ្ឋ អាជ្ញាធរ អង្គការ និងដៃគូរពាក់ព័ន្ធ បានខិតខំដាំស្ដារគម្របព្រៃឈើឡើងវិញ ពិសេសក្បាលទឹកជប់ដែលជាប្រភពទឹក មានតាមដងអូរជាដើម ដោយរំពឹងថា វានឹងមានទឹកឡើងវិញ។ លោកបញ្ជាក់ថា៖«កាលណាអស់ដើមឈើ លែងចេញទឹកតែម្ដង តាមការសិក្សាក្បាលទឹកជប់មានច្រើន យើងបានដាំស្ដារឡើងវិញឱ្យគាត់ចូលរួមថែរក្សា សង្ឃឹមថាភ្លៀងច្រើន ភ្នំគូលែនស្រូបទឹកបានច្រើន និងបញ្ចេញទឹកមកច្រើន»៕
 
 

Tag:
 ទឹក
  ភ្នំគូលែន
© រក្សាសិទ្ធិដោយ thmeythmey.com