អន្តរជាតិ
អនុប្រធានាធិបតីអាម៉េរិក ហារីស ទៅដល់សិង្ហបុរីក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅអាស៊ី
22, Aug 2021 , 2:52 pm        
រូបភាព
អនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស ទៅដល់សិង្ហបុរី។ រូបថត AFP
អនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស ទៅដល់សិង្ហបុរី។ រូបថត AFP
អនុប្រធានាធិបតិអាម៉េរិក កាម៉ាឡា ហារីស បានទៅដល់សិង្ហបុរីនៅថ្ងៃទី២២ ខែសីហា ដើម្បីចាប់ផ្ដើមដំណើរទស្សនកិច្ចលើកដំបូងនៅអាស៊ី។ នេះក៏ជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកស្រី ហារីស ចាប់តាំងពីក្លាយជាអនុប្រធានាធិបតីនៅខែមករាមក។ ចេញពីសិង្ហបុរី លោកស្រី ហារីស នឹងបន្តដំណើរទៅកាន់វៀតណាម។

 
យន្តហោះ Air Force Two ដែលដឹកអនុប្រធានាធិបតី កាម៉ាឡា ហារីស​ បានចុះចតនៅមូលដ្ឋានអាកាស Paya Lebar នៅថ្ងៃទី២២ ខែសីហា ហើយត្រូវបានស្វាគមន៍ដោយរដ្ឋមន្រ្តីការបរទេសសិង្ហបុរី វីវៀន បាឡាក់គ្រីស្នាន់ ។ លោកស្រី ហារីស នឹងបំពេញទស្សនកិច្ចបីថ្ងៃនៅសិង្ហបុរីតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តី លី សៀនឡុង ។​ មេដឹកនាំទាំងពីរ នឹងជួបគ្នានៅថ្ងៃទី២៣ ស្អែកនេះ។
 
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CAN ដែលផ្សាយនៅថ្ងៃទី២២ ខែសីហា​ លោក វីវៀន និយាយថា ទំនាក់ទំនងសិង្ហបុរី និងអាម៉េរិក តែងតែល្អជានិច្ចមិនថាបក្សណាកាន់អំណាចនៅសេតវិមានឡើយ។ ចំណែកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ សេដ្ឋកិច្ច និងកិច្ចការការទូត ក៏គាប់ប្រសើរ និងមានស្ថិរភាពដែរ។
 
«អាម៉េរិក នៅតែជាអ្នកវិនិយោគធំជាងនៅសិង្ហបុរី។» ប្រមុខការទូតសិង្ហបុរីបញ្ជាក់បែបនេះ មុនបន្តថា ទំហំវិនិយោគរបស់អាម៉េរិកធំជាងការវិនិយោគរបស់ចិន ឥណ្ឌា និងកូរ៉េខាងត្បូងនៅសិង្ហបុរីបញ្ចូលគ្នាទៅទៀត។ ប្រទេសទាំងពីរចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅឆ្នាំ២០០៤ ហើយទំនាក់ទំនងវិស័យការពារជាតិក៏រឹងមាំ ដោយនាវាអាម៉េរិកអាចចូលចតនៅមូលដ្ឋានយោធាសិង្ហបុរីទៀតផង។
 
លោកស្រី ហារីស នឹងចាកចេញពីសិង្ហបុរីនៅថ្ងៃទី២៤ ខែសីហា ដោយបន្តដំណើរទៅកាន់វៀតណាម។ សកម្មភាពការទូតរវាងវៀតណាម និងអាម៉េរិក មានសន្ទុះគួរឱ្យកត់សម្គាល់ ដោយវៀតណាមមានឈ្មោះក្នុងបញ្ជីទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អាម៉េរិកជារឿយៗ។ រដ្ឋមន្រ្តីការពារជាតិ ឡយ អូស្ទីន ធ្វើទស្សនកិច្ចនៅវៀតណាមកាលពីខែមុនផងដែរ៕

Tag:
 អាមេរិក
  សិង្ហបុរី
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com