COVID-19
អន្តរជាតិ
ការសិក្សា៖ វ៉ាក់សាំងក្រុមហ៊ុន Moderna មានប្រសិទ្ធភាពប្រឆាំងវីរុសទម្រង់ ​​ «ដែលតា»
22, Aug 2021 , 8:29 pm        
រូបភាព
វ៉ាក់សាំងក្រុមហ៊ុន Moderna។រូបភាព៖ Reuters
វ៉ាក់សាំងក្រុមហ៊ុន Moderna។រូបភាព៖ Reuters
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនModerna មានប្រសិទ្ធភាពយ៉ាងហោច​ណាស់ ៦ខែ ឬលើសពីនេះ និងអាចប្រឆាំងវីរុស​បង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី​ជាច្រើនទម្រង់ ពិសេសប្រឆាំងនឹងវីរុស​ទម្រង់ ដែលតា។ នេះបើតាមការសិក្សា​ថ្មីមួយចុះផ្សាយលើទំព័រ​សុខភាព​នៃទូរទស្សន៍ CNN នៅថ្ងៃទី១៣ ខែសីហា។

 
ក្រុមអ្នកស្រាវជ្រាវ ដឹកនាំដោយវិទ្យាស្ថានសុខភាពជាតិអាមេរិក បានរកឃើញថា វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ របស់ ក្រុមហ៊ុន Moderna មានសមត្ថភាពការពារវីរុសជាបង្ក​ជំងឺកូវីដ-១៩ គ្រប់ទម្រង់ បានរយៈពេល ៦ខែ ឬទំនងជាលើសពីរយៈពេលនេះ។ 
 
អ្វីដែលពិសេស វ៉ាក់សាំងក្រុមហ៊ុនមួយនេះ ងាយបង្កើតប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំងវីរុសទម្រង់ ដែលតា ដែលកំពុងរីករាលដាល​ខ្លាំងនៅ​ទូទាំងពិភពលោក។ ក្រុមអ្នកជំនាញ នឹងបន្តស្វែងរក​ភស្តុតាងបន្ថែម ដើម្បីបញ្ជាក់ពីរយៈពេលនៃ​ប្រសិទ្ធភាពវ៉ាក់សាំង​ផងដែរ ថាតើវាអាចប្រឆាំងនឹងជំងឺកូវីដ-១៩ បានយូរជាង ៦ខែ ឬយ៉ាងណា។
 
វីរុសបង្កជាជំងឺកូវីដ-១៩ គ្រប់ទម្រង់នេះ សំដៅទៅលើវីរុសបំប្លែងថ្មីដែលបានបញ្ចូលក្នុងការសិក្សាមានដូចជា វីរុសទម្រង់​ថ្មី B.1.1.7 (អាល់ហ្វា), B.1.351 (បែតា), P.1 (ហ្កាម៉ា), B.1.429 (អិបស៊ីឡោន) B.1.526 (លោតា) និងវីរុសស្ថិតក្នុងក្តីបារម្ភខ្លាំង B.1.617.2 (ដែលតា)។
 
ក្រុមអ្នកស្រាវជ្រាវបានធ្វើតេស្តឈាមជាច្រើនដងពីអ្នកស្ម័គ្រចិត្ត ២៤នាក់ដែលបាន​ចាក់វ៉ាក់សាំងពេញ​លេញ។ ការធ្វើតេស្តដំបូង ត្រូវបានពិនិត្យបន្ទាប់ពីចាក់វ៉ាក់សាំង Moderna ដូសទី១ ចំនួន ៤សប្តាហ៍ និង ធ្វើតេស្ត ៣ ដងទៀត បន្ទាប់ពីចាក់វ៉ាក់សាំង​បានពេញលេញ ក្នុងរយៈពេល ៦ខែ។ 
 
«បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសទី ២ ប្រព័ន្ធភាពស៊ាំរបស់បុគ្គលទាំងនោះ មានការឆ្លើយតបចំពោះវីរុសបំប្លែង​ខ្លួនថ្មីគ្រប់ទម្រង់ទាំងអស់»។ ក្រុមអ្នកស្រាវជ្រាវ បានសរសេរបែបនេះ នៅក្នុងរបាយការណ៍ខ្លួន។  អ្នកស្រាវជ្រាវទាំងនោះ​បន្តថា ពួកគេបានរកឃើញ ក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំង Moderna ដូសទី ២ គំរូឈាមទាំងអស់ មានសមត្ថភាពទប់ទល់នឹងវីរុសបង្កជាជំងឺកូវីដ-១៩ ​ក្នុងទម្រង់រៀបរាប់ខាងលើ។ 
 
ការសិក្សាដដែលនេះ បង្ហាញថា វីរុសបំប្លែងថ្មីទម្រង់ ដែលតា ឬ B.1.617.2 ដែលដែលត្រូវបានគេរកឃើញ​ដំបូងនៅឥណ្ឌា ទំនងជាមានភាពងាយស្រួលក្នុងការបង្កើតប្រព័ន្ធភាពស៊ាំ ដើម្បីទប់ទល់​ជាងបណ្តាវីរុសដទៃ។ លទ្ធផលបង្ហាញថា ៦ខែបន្ទាប់ពីចាក់វ៉ាក់សាំង​ដូសទី ២ គំរូ​សំណាកឈាមដល់ទៅ ៩៦ភាគរយ​មានអង្គ​បដិប្រាណ​ប្រឆាំង​នឹងវីរុសទម្រង់ ដែលតា នេះ។ 
 
តាមពិតទៅ ការសិក្សាខាងលើ ​ត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបណ្តាលមកពីវីរុសបំប្លែងថ្មី ពិសេសវីរុសទម្រង់ដែលតា ហើយវាក៏មានគោលដៅលើកទឹកចិត្តឱ្យប្រើប្រាស់វ៉ាក់សាំងក្រុមហ៊ុន Moderna តាមលទ្ធផលការសិក្សាដែរ។
 
សូមបញ្ជាក់ថា ការធ្វើតេស្តលើវ៉ាក់សាំងរបស់ Pfizer និង វ៉ាក់សាំង Johnson & Johnson ក៏ទទួលបាន​លទ្ធផលថា វាអាចមានប្រសិទ្ធភាព​បង្ការជំងឺកូវីដ-១៩ បាន៦ខែ និងទំនងជាយូរជាងនេះដែរ៕
 

Tag:
 វ៉ាក់សាំង
  កូវីដ-១៩
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com