ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
លោក ប៉ា ច័ន្ទរឿន៖«ត្រូវច្បាស់ពីគុណភាពផលិតផល ចៀសវាងជឿតែលើតារា ឬបុគ្គលល្បីផ្សព្វផ្សាយ»
× ភ្នំពេញ៖ អ្នកដែលមានបំណងទិញផលិតផលថែរក្សាសម្រស់ ឬផលិតផលថែរក្សាសុខភាព និងផលិតផលផ្សេងៗទៀត គួរស្វែងរកព័ត៌មានលម្អិត ពីគុណភាពរបស់ផលិតផលទាំងនោះឱ្យបានច្បាស់ ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន ដោយចៀសវាងការផ្ដល់ទំនុកចិត្តខ្ពស់តែទៅលើបុគ្គលល្បីៗ ដែលផ្សាយផលិតផលទាំងនោះ។ នេះជាការក្រើនរំឭករបស់លោកបណ្ឌិត ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា។
លោកបណ្ឌិត ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថា ពលរដ្ឋត្រូវជឿលើឯកសារផ្លូវច្បាប់ ដែលបញ្ជាក់ពីការទទួលស្គាល់គុណភាព របស់ផលិតផលនីមួយៗ ដែលត្រូវបានផ្សព្វផ្សាយលក់ ដោយចៀសវាងជឿតែទៅលើតារាល្បី ឬបុគ្គលមានកេរ្ដិ៍ណាមួយក្នុងសង្គម។
លោកបន្ថែមថា តារាល្បីឬបុគ្គលមានកេរ្ដិ៍ឈ្មោះត្រូវបានគេស្គាល់ខ្លះ អាចពុំបានដឹងពីគុណភាព គុណសម្បត្តិ ឬគុណវិបត្តិរបស់ផលិតផល ដែលពួកគេកំពុងផ្សព្វផ្សាយនោះ គ្រប់ជ្រុងជ្រោយក៏ថាបាន។ អ្នកវិភាគសង្គមរូបនេះព្រមានថា ការចេះតែទិញផលិតផល ដោយមិនបានពិនិត្យលើគុណភាព ឬស្គាល់ប្រភពផលិតផលច្បាស់លាស់ នោះអាចមានផលវិបាកទៅថ្ងៃក្រោយ ទាំងសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ក្នុងរយៈពេលខ្លីនិងវែង ខាតបង់ទាំងថវិកា និងខាតពេលធ្វើការងារជាដើម។
ដើម្បីជ្រាបកាន់តែច្បាស់ តទៅនេះសូមអស់លោក លោកស្រី អញ្ជើញស្ដាប់បទសម្ភាសរវាងកញ្ញា ប៉ូ សាគុន ជាមួយលោក ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ដោយក្ដីរីករាយ៖
លោក ប៉ា ច័ន្ទរឿន ក៏បានដាស់តឿនដល់តារាឬបុគ្គលសាធារណៈមួយចំនួន ដែលជាមនុស្សល្បីល្បាញមានគេស្គាល់ច្រើនថា ពួកគេគួរតែពិនិត្យមើលកម្មវិធី ឬការលក់ផលិតផលដែលខ្លួនទៅផ្សាយឱ្យនោះ ថាមានគុណភាពកម្រិតណា មានការអនុវត្តិតាមច្បាប់កម្រិតណា មុនទទួលផ្សាយឱ្យក្រុមហ៊ុនឬយកមកលក់បន្ត ព្រោះពួកគេជាមនុស្សមានឥទ្ធិពលក្នុងសង្គម។
«បើកម្មវិធីនោះល្អ ផលិតផលមានគុណភាព មិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទេ នោះមិនអីទេ ប៉ុន្តែប្រសិនបើវាប៉ះពាល់សុខភាព ឬរំលោភច្បាប់ទៀត តារាឬបុគ្គលសាធារណនោះ អាចប្រឈមមុខទាំងផ្នែកសីលធម៌ និងបញ្ហាផ្លូវច្បាប់ផងដែរ។ ពួកគាត់អាចជាអ្នកចូលរួមចំណែក ក្នុងការផ្សព្វផ្សាយ ឬលើកកម្ពស់ការលក់ផលិតផលក្លែងក្លាយ ឬសេវាកម្មដែលមិនមានគុណភាព»។ នេះជាការពន្យល់របស់លោក ច័ន្ទរឿន។
បន្ថែមពីនោះលោក ប៉ា ច័ន្ទរឿន បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ដែលធ្វើការលើការលើកកម្ពស់សុខុមាលភាពពលរដ្ឋ ត្រូវតែពិនិត្យមើល តាមដានការផលិត និងការចែកចាយផលិតផលមួយចំនួន ដែលអាចប៉ះពាល់ដល់សុខភាពរបស់ប្រជាជន រយៈពេលខ្លីនិងរយៈពេលវែង។ បើមិនដូច្នោះទេ សង្គមនឹងប្រឈមមុខទាំងការខាតបង់ផ្នែកសេដ្ឋកិច្ច រួមទាំងបាត់បង់សមត្ថភាពការងារ ដោយសារតែជំងឺដែលកើតឡើងដោយប្រការណាមួយ ពីការប្រើប្រាស់ផលិតផលក្លែងក្លាយ ទាំងបម្អូបអាហារ គ្រឿងបរិភោគផ្សេងៗ និងគ្រឿងសម្អាង ដែលមិនគោរពតាមស្ដង់ដាវេជ្ជសាស្ត្រ និងសុខសុវត្ថិភាពត្រឹមត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com