ជាតិ
សិល្បះ
ភាពយន្តខ្មែរនិងបរទេស ១៥រឿង ត្រូវជ្រើសយកទៅបញ្ចាំងតាមអនឡាញនៅចុងឆ្នាំ២០២១
23, Aug 2021 , 10:00 am        
រូបភាព
លោក គាំ វុត្ថា ប្រធានគ្រប់គ្រងគម្រោង នៃអង្គការភាពយន្តឈូករ័ត្ន
លោក គាំ វុត្ថា ប្រធានគ្រប់គ្រងគម្រោង នៃអង្គការភាពយន្តឈូករ័ត្ន
ដោយ:
ភ្នំពេញ៖ ភាពយន្តខ្មែរនិងបរទេស ១៥រឿង ត្រូវជ្រើសយកទៅប្រកួតតាមអនឡាញឆ្នាំ២០២១ ក្រោយពីចម្រាញ់ចេញពីភាពយន្ត២៨៥រឿង ដែលបានដាក់ប្រកួតតាំងពីខែមីនាកន្លងមក។ នេះបើតាមមហោស្រពភាពយន្តខ្លីចតុមុខ (CSFF)។

 
រឿងដែលត្រូវបញ្ចាំងតាមអនឡាញនោះ មានរឿងខ្លី ស្នាដៃកូនខ្មែរ ចំនួន៧ និងបរទេស៨រឿង ដែលគ្រោងចាក់បញ្ចាំងចាប់ពីថ្ងៃទី២៣ ដល់ទី២៧ ខែតុលាឆ្នាំ២០២១។ ក្នុងនោះមានភាពយន្តខ្លី ស្នេហ៍ឆ្លងវេហា, ប៉ាន់ក្រហម, Origami girl, ថ្ងៃនេះសម្រាប់ថ្ងៃស្អែក, មិនបោះបង់, Dream catcher និងម៉ែខ្ញុំម៉ែគេ។ ភាពយន្តទាំង៧រឿងនេះ បានចម្រាញ់ចេញពីភាពយន្តខ្មែរទាំងអស់៧២រឿង (ក្នុងនោះភាពយន្តប្រឌិតមាន៤៦រឿង)ដែលបានដាក់ប្រកួតកន្លងមក ។ 
 
ចំណែកឯ ភាពយន្តខ្លីអន្តរជាតិ មាន៨រឿងរួមមាន៖ The Hunter ,Your Kid, I’m Not Telling Anything, Just Sayin, Cloudy Days, Emil, West End Girls, The Speech, . Return to Toyama ដែលជ្រើសចេញពីភាពយន្ត២១២រឿង ក្នុងនោះភាពយន្តប្រឌិតមានរឿង១៦៥។
 
លោក គាំ វុត្ថា អ្នករើសរឿងក្នុងស្រុក បានបញ្ជាក់ថា ភាពយន្តដែលប្រកួតកន្លងមក គឺជារឿងផលិតនៅឆ្នាំ២០២០ និង២០២១ ដែលខកខានបញ្ចាំងដោយសារវិបត្តិកូវីដ-១៩។
 « ដោយសារការរើសរឿងនៅឆ្នាំទី១០ របស់មហោស្រព មានបូកបញ្ចូលឆ្នាំទី៩ ដូច្នេះ យើង ទទួលរឿងបានច្រើនសុទ្ធតែមានគុណភាព ហើយខ្លះក៏មានទាក់ទងនឹងបញ្ហាកូវីដ ដែលយើងកំពុងប្រឈម ទាំង​អស់គ្នាដែរ»។ នេះបើតាមលោក គាំ វុត្ថា ដែលបានបន្ថែមថា រាល់រឿងទាំងអស់ ដែលបានជ្រើសរើសនេះ នឹងបញ្ចាំងតាមអនឡាញ តាមរយៈ Facebook Page របស់CSFF។
 
ការជ្រើសរើសចាក់បញ្ចាំងនៅឆ្នាំនេះ មានការគាំទ្រពីស្ថាប័នក្នុងស្រុក៥គឺ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន  Sabay News, FilmTalk Cambodia និងAlien Express ហើយក្រៅស្រុក២គឺ៖ SEA Junction និងculture360៕

Tag:
 សិល្បៈ
  ភាពយន្ដខ្លីចតុមុខ
© រក្សាសិទ្ធិដោយ thmeythmey.com