កីឡាអន្តរជាតិ
អន្តរជាតិ
អត្តពលិកកេនយ៉ាដែលឈ្នះមេដាយប្រាក់អូឡាំពិកឡើងឋានៈជាមន្ត្រីជាន់ខ្ពស់ពន្ធនាគារ
× អត្តពលិក Timothy Cheruiyot ដែលបានឈ្នះមេដាយប្រាក់អូឡាំពិកពីក្រុងតូក្យូ លើវិញ្ញាសារត់ចម្ងាយ១៥០០ម៉ែត្រ ត្រូវបានដំឡើងឋានៈ ជាអគ្គនាយកជាន់ខ្ពស់ពន្ធនាគារកេនយ៉ា (SSP)។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Standard។
Cheruiyot បានឈ្នះមេដាយប្រាក់ក្រោយប្រើថិរវេលា ៣:២៩.០១ បន្ទាប់ពីកីឡាករន័រវេស Jakob Ingebrigtsen ដែលបានឈ្នះមេដាយមាសក្នុងថិវវេលា ៣:២៨.៣២។ ក្រោមការសម្រេចរបស់លោកប្រធានាធិបតីកេនយ៉ា Uhuru Kenyatta កីឡាកររូបនេះ ត្រូវបានឡើងឋានៈពីប្រធានអធិការកិច្ច ទៅជាអគ្គនាយកជាន់ខ្ពស់ទទួលបន្ទុកពន្ធនាគារ។
Cheruiyot បានចូលបម្រើការងាររដ្ឋចាប់តាំងពីឆ្នាំ២០១៥មក តាមរយៈស្នាដៃជាបន្តបន្ទាប់ក្នុងវិស័យកីឡា។ កាលពីឆ្នាំមុន មន្ត្រីរូបនេះ បានឡើងឋានៈពីមន្ត្រីពន្ធនាគារ ទៅជាប្រធានអធិការកិច្ច។
ក្នុងព្រឹត្តិការណ៍ Tokyo 2020 កេនយ៉ាឈ្នះមេដាយចំនួន១០ ក្នុងនោះមាស៤ ប្រាក់៤ និងសំរឹទ្ធ២។ អ្នកឈ្នះមេដាយមាស បានជាង៩០០០ដុល្លារ មេដាយប្រាក់បានជាង៦៨០០ដុល្លារ និងមេដាយសំរឹទ្ធបានជាង៤៥០០ដុល្លារអាមេរិក។ មន្ត្រី និងអត្តពលិកផ្សេងទៀត ក៏បានប្រាក់លើកទឹកចិត្តម្នាក់ជាង១៨០០ដុល្លារផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com