ជាតិ
សេដ្ឋកិច្ច
និយ័តករមូលបត្រកម្ពុជា និង​ស្ថាប័នអយ្យការ​រួមគ្នា​ពន្លឿន​ដំណោះស្រាយសំណុំរឿង GFX
23, Aug 2021 , 10:43 am        
រូបភាព
លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។ រូបថត៖ ន.ម.ក.
លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។ រូបថត៖ ន.ម.ក.
ភ្នំពេញៈ និយ័តករ​មូលបត្រ​កម្ពុជា (ន.ម.ក.) កំពុង​ធ្វើ​នីតិវិធី​ច្បាប់​ជាមួយ​ស្ថាប័ន​អយ្យការ ដោយ​ស្នើ​ សុំ​ឱ្យ​មាន​ការ​ស៊ើបអង្កេតប​ន្ថែម​លើ​ប្រតិបត្តិការ​សង្ស័យ​របស់​ក្រុមហ៊ុន GoldFX Investment និង​ បញ្ចូល​ការ​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​ទាំង​អស់​ដែល​ប្តឹងជាមួយ​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ដែល​មាន​ការ​ពាក់​ព័ន្ធ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ន.ម.ក.។

 
ខណៈកំពុង​ធ្វើ​នីតិវិធី​ច្បាប់​ជាមួយ​ស្ថាប័ន​អយ្យការ និយ័តករ​មូលបត្រ​កម្ពុជាក៏នៅតែ​បន្ត​ទទួល​បាន ​ពាក្យ​បណ្តឹង​របស់​អតិថិជន​ក្រុមហ៊ុន GoldFX Investment ផងដែរ។ គិតត្រឹមថ្ងៃទី១៦កក្កដា ឆ្នាំ២០២១ និយ័តករមូលបត្រកម្ពុជា ទទួលបានពាក្យបណ្តឹងរហូតជិត៨០០បណ្តឹង ដែលប្តឹងទៅក្រុមហ៊ុន ​GoldFX Investment ដើម្បីទាមទារប្រាក់ដើមមកវិញ ក្រោយពីក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណ ធ្វើអាជីវកម្ម ជាឈ្មួញជើងសាឧបករណ៍និស្សន្ទពីនិយ័តករមូលបត្រកម្ពុជានេះ ធ្វើឱ្យបាត់ប្រាក់វិនិយោគរបស់ អតិថិជនប្រមាណ៣០លានដុល្លារ។ 
 
សេចក្តី​ប្រកាសព័ត៌មានរបស់និយ័តករមូលបត្រកម្ពុជាកាលពីថ្ងៃទី២០សីហាបានបញ្ជាក់ដូច្នេះ៖  «ករណី​នាំ​ឱ្យ​មាន​បណ្តឹង​ជាច្រើន​ពី​អតិថិជន GoldFX Investment នេះ បាន​នាំ​ឱ្យ ន.ម.ក. ធ្វើ​នីតិវិធីច្បាប់​លើ​ការងារ​នេះ​ជាមួយ​ស្ថាប័ន​អយ្យការ ដោយ​ស្នើ​សុំ​​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ បន្ថែម​លើ​ប្រតិបត្តិការ​សង្ស័យ​របស់​ក្រុមហ៊ុន GoldFX Investment និង​បញ្ចូល​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង​ ទាំង​អស់​ដែល​ប្តឹង​ក្រុមហ៊ុន GoldFX Investment ជាមួយ​សំណុំ​រឿង​ព្រហ្មទណ្ឌ ដែល​មាន​ការ​ពាក់​ព័ន្ធ​គ្នា​នេះ»។
 
ដើម្បី​ឱ្យ​ដំណើរការ​នីតិវិធី​មាន​ភាព​ងាយ​ស្រួល និង​ឆាប់​រហ័ស និយ័តករ​មូលបត្រ​កម្ពុជា ​ក៏​បាន​ស្នើ​ឱ្យ​សាធារណជន អតិថិជន ព្រម​ទាំងបុគ្គល​ពាក់​ព័ន្ធ​ទាំងអស់​ចូលរួម​សហការ​តាម​នីតិវិធី​ជា​ធរមាន​ផងដែរ។
 
មាត្រា ១០ នៃ​ច្បាប់​ស្តីពី​ការ​បោះផ្សាយ និង​ការ​ជួញ​ដូរ​មូលបត្រ​មហាជន និង​មាត្រា ១៦ នៃ​អនុក្រឹត្យ​ស្តី​ពី​ការ​រៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃនិយ័តករ​មូលបត្រ​កម្ពុជា មន្ត្រី​របស់ គ.ម.ក. ទទួល​នីតិសម្បទា​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ មាន​មុខងារ​ដូច​មាន​ចែង​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និង​បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាត​ចាត់​តាំង​ពី​អយ្យការអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​តាម​លិខិត​លេខ ៦៣៧ អ.យ.ក ចុះ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ ២០២១ ស.ម.ក. ត្រូវ​បន្ត​ស៊ើប​អង្កេត​លើ​ប្រតិបត្តិ ការ​សង្ស័យ និង​ពាក្យ​បណ្តឹង​របស់​អតិថិជន​ក្រុមហ៊ុន GoldFX Investment Co., Ltd.) និង​ក្រុមហ៊ុន ជីអេហ្វអិកស៍ អ៊ិនធើណេសិនណល ឯ.ក. (GFX International Co., Ltd.) ដោយ​មន្ត្រីនគរបាល​យុត្តិធម៌​របស់ ន.ម.ក. ដែល​មាន​សិទ្ធិ​អំណាច​តាម​បញ្ញត្តិ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ នេះ​បើនិយ័តករ​មូលបត្រ​កម្ពុជា។ 
 
សូមជម្រាបថា និយ័តករ​មូលបត្រ​កម្ពុជា ឱ្យអតិថិជនរបស់ក្រុមហ៊ុន GoldFX Investment អាចមកដាក់ពាក្យបណ្តឹងនៅ និយ័តករ​មូលបត្រ​កម្ពុជា ចាប់តាំងពីថ្ងៃទី៣០មីនា ឆ្នាំ២០២១មក៕ 
 

Tag:
 មូលបត្រ
  GoldFX Investment
  និយ័តករមូលបត្រកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com