អន្តរជាតិ
ពូទីនរិះគន់អាមេរិកនិងណាតូ ដែលជម្លៀសក្រុមសកម្មប្រយុទ្ធអាហ្វហ្កានីស្ថាន ទៅកាន់អាស៊ីកណ្ដាល
23, Aug 2021 , 9:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ។ រូបថតវេបសាយប្រធានាធិបតីរុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ។ រូបថតវេបសាយប្រធានាធិបតីរុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២២ ខែសីហាបានរិះគន់ចំៗទៅកាន់ អាមេរិក និងសម្ពន្ធណាតូ (NATO) ពីការជម្លៀសក្រុមសកម្មប្រយុទ្ធអាហ្វហ្កានីស្ថាន ក្រោមឈ្មោះជាជនភៀសខ្លួនស្របច្បាប់ ទៅកាន់ប្រទេសជិតខាងអាហ្វហ្កានីស្ថាននៅ តំបន់អាស៊ីកណ្ដាល។ ការណ៍នេះលោកពូទីនយល់ឃើញថា អាចបង្កអសន្តិសុខដល់ ប្រទេសខ្លួន ដែលមានព្រំដែនជាប់ជាមួយប្រទេសជិតខាងទាំងនោះ។


«តើនោះមានន័យថា ជនភៀសខ្លួនអាហ្វហ្កានីស្ថានទាំងនោះត្រូវបានបញ្ជូនដោយគ្មាន ទិដ្ឋាការច្បាស់លាស់ទៅកាន់ប្រទេសប្រទេសជិតខាងរបស់យើង ខណៈដែលពួកគេផ្ទាល់ (លោកខាងលិច) មិនចង់យកជនភៀសខ្លួនដោយគ្មានទិដ្ឋាការ?»។  លោកពូទីន បានប្រាប់បែបនេះទៅកាន់ថ្នាក់ដឹកនាំគណបក្សរួបរួមរុស្ស៊ី។ នេះបើយោង តាមទីភ្នាក់ងារ ព័ត៌មានរុស្ស៊ី TASS។ 
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី Ria Novosti លោកពូទីនអះអាងថាការជម្លៀស ប្រជាជនអាហ្វហ្កានីស្ថានដោយគ្មានទិដ្ឋាការអាចប៉ះពាល់ដល់សន្តិសុខប្រទេសទាំងនោះនឹងរុស្ស៊ីផងដែរ ព្រោះក្រុមសកម្ម ប្រយុទ្ធអាហ្វហ្កានីស្ថានអាចបន្លំខ្លួនក្រោមឈ្មោះជន ភៀសខ្លួនស្របច្បាប់។ លោក ពូទីនក៏បានបន្ថែមថា បញ្ហាជនភៀសខ្លួនមកពីអាហ្វ ហ្កានីស្ថាននឹងក្លាយបញ្ហាចម្បងមួយដែលរដ្ឋាភិបាលរុស្ស៊ីត្រូវដោះស្រាយ។
 
កាលពីថ្ងៃទី២១ ខែសីហា ប្រធានាធិបតីរុស្ស៊ីរូបនេះ បានជួបប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយសមភាគី ប្រធានាធិបតីកាហ្សាក់ស្ថាន លោក​ Kassym-Zhomart Tokayev អំពីវិបត្តិនៅអាហ្វហ្កានីស្ថានផងដែរ។ បន្ថែមពីនេះលោក ពូទីន បានបញ្ជាក់ថា លោកនឹងលើកឡើងពីបញ្ហានេះលើតុពិភាក្សា កិច្ចប្រជុំកំពូលរបស់អង្គការ​សន្ធិសញ្ញា​សន្តិ​ សុខ​សមូហភាព (CSTO) នៅថ្ងៃទី២៣ ខែសីហា។
 
ទន្ទឹមគ្នានេះ បណ្តាប្រទេសអាស៊ីកណ្តាលមួយចំនួនរួមមាន អ៊ូសបេគីស្ថាន តាហ្ស៊ីគីស្ថាន និងតួកម៉េនីស្ថាន ដែលមានព្រំប្រទល់ជាប់ជាមួយអាហ្វហ្កានីស្ថានព្រួយបារម្ភអំពីការ ហូរចូលនៃជនភៀសខ្លួនដែលត្រូវរត់គេចពីរបបតាលីបង់។ ប្រទេសទាំងនោះក៏ព្រួយ បារម្ភដែរពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម  និងអ្នកជ្រុលនិយមខាងសាសនាដែលអាចបន្លំ ធ្វើជាជនភៀសខ្លួន ហើយអាចបង្កអសន្តិសុខក្នុងប្រទេសពួកគេ។
 
គួរបញ្ជាក់ថា ខណៈពេលដែលបណ្តាប្រទេសលោកខាងលិចមួយចំនួនព្យាយាមជម្លៀស ប្រជាជនចេញពីអាហ្វហ្កានីស្ថាន ទីក្រុងមូស្គូបានកោតសរសើរដល់ពួកតាលីបង់ដែលបាន ស្តារសណ្តាប់ធ្នាប់ឡើងវិញបន្ទាប់ពីឡើងកាន់កាប់ប្រទេស។ ជាមួយគ្នានេះ លោក ពូទីន បានហៅជ័យជម្នះរបស់ក្រុមតាលីបង់ជាតថភាពថ្មីដែល ពិភពលោកត្រូវទទួលយក ហើយលោកខាងលិចមិនគួរលូកដៃចូលរឿងនយោបាយអាហ្វហ្កានីស្ថានទៀតឡើយ៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com