កីឡាអន្តរជាតិ
អន្តរជាតិ
Bissaka ខ្សែការពារ Man Utd ប្រឈមជាប់ទោស៦ខែ ដោយសារជិះ Lamborghini ខុសប័ណ្ណបើកបរ
× Aaron Wan-Bissaka ខ្សែការពារក្រុម Manchester United អាចនឹងត្រូវជាប់ទោស៦ខែ ឬផាកពិន័យ បន្ទាប់ពីតុលាការចោទប្រកាន់រូបគេ ពីបទបើកឡាន Lamborghini Urus តម្លៃជាង២៣ម៉ឺនដុល្លារ ដោយគ្មានការអនុញ្ញាត និងគ្មានប័ណ្ណធានារ៉ាប់រង។
ខ្សែការពារអន្តរជាតិអង់គ្លេសរូបនេះ ត្រូវបានដកសិទ្ធិបើកបរកាលពីខែមិថុនា ដោយសារតែរូបគេប្រើប្រាស់រថយន្តខុសទៅនឹងប្រភេទប័ណ្ណបើកបរ និងខុសគន្លងផ្លូវនៅទីក្រុង Greater Manchester ប្រទេសអង់គ្លេស។
ក្រៅពីនេះ Bissaka ក៏ប្រឈមនឹងការចោទប្រកាន់ ពីបទបើកបរដោយគ្មានប័ណ្ណធានារ៉ាប់រងរថយន្តផងដែរ។ ជុំវិញករណីនេះ ខ្សែការពារស្តាំក្រុមបិសាចក្រហមវ័យ២៣ឆ្នាំ ត្រូវតុលាការ Stockport Magistrates ចុះក្នុងបញ្ជីខ្លួនរួចហើយ ខណៈ Bissaka នឹងត្រូវចូលខ្លួននៅសវនាការនៅថ្ងៃទី២៣ ខែសីហានេះ។
យ៉ាងណាក៏ដោយ Bissaka មិនបានបង្ហាញខ្លួននៅតុលាការតាមកាលកំណត់លើកទី១នេះទេ ខណៈសំណុំរឿងនេះ ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី១ ខែកញ្ញា។
បើតាមការចុះផ្សាយរបស់កាសែតអង់គ្លេស The Sun អតីតសមាជិកគ្រុម Crystal Palace រូបនេះ ប្រឈមនឹងត្រូវជាប់ឃុំឃាំងរយៈពេល៦ខែ ជុំវិញការបើកបររថយន្តម៉ាក Lamborghini Urus តែខុសប័ណ្ណបើកបរ និងគ្មានធានារ៉ាប់រង។ ប៉ុន្តែក្រោមច្បាប់ប្រទេសអង់គ្លេស Bissaka អាចមានសិទ្ធិសុំនៅក្រៅឃុំបាន។
Bissaka បានផ្លាស់ចេញពី Crystal Palace ដើម្បីទៅចូលរួមជាមួយ Man Utd កាលពីឆ្នាំ២០១៩ ក្នុងតម្លៃ៦៨លានដុល្លារ៕
Tag:
Lamborghini
Aaron Wan-Bissaka
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com