ជាតិ
សត្វក្រៀលមួយក្បាល ត្រូវបានលែងចូលព្រៃវិញ ក្រោយសង្គ្រោះពីការជាប់មង
23, Aug 2021 , 10:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សត្វក្រៀលពេញវ័យមួយក្បាល ជាប់មងរបស់ពលរដ្ឋនៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី២១ ខែសីហា ត្រូវបានកម្មករនៅក្រុមហ៊ុនកៅស៊ូ​ជួយសង្គ្រោះ។សត្វក្រៀលនេះ ត្រូវ​បាន​លែងចូលក្នុងព្រៃវិញ ក្រោយក្រុមអ្នកជំនាញសត្វព្រៃរបស់អង្គការBirdLife និងACCB ពិនិត្យឃើញគ្មានរបួស និងបញ្ហាសុខភាព។



សត្វក្រៀលមួយក្បាលដែលជាប់មង នៅ​ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវ​បាន​ជួយ​សង្រ្គោះ និងលែង​ចូលព្រៃវិញ។ លោក ប៊ូ វរសក្ស នាយកកម្មវីធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅកម្ពុជា បានឱ្យដឹងថា សត្វក្រៀលមួយក្បាល បានដើរទៅជាប់មងរបស់ពលរដ្ឋដែលដាក់នៅក្រៅតំបន់ការពា ​នៅពេលស្វែងរកចំណីកាលពីថ្ងៃទី២១ ខែសីហា និងត្រូវបានជួយដោយកម្មករធ្វើក្រុមហ៊ុនកៅស៊ូ។
 
លោក ប៊ូ វរសក្ស រៀបរាប់ប្រាប់សារព័ត៌មាន Thmey Thmey 25 ដូច្នេះ៖«ក្រុមការងារអង្គការទទួលបានដំណឹងពីអាជ្ញាធរនៅថ្ងៃបន្ទាប់ ក៏ប្រញាប់ចុះទៅទីតាំងនោះ និងពិនិត្យមើលវា ការពិនិត្យមិនឃើញមានរបួស ឬបញ្ហាសុខភាពក៏លែងចូលព្រៃវិញ ដើម្បីកុំឱ្យវាសាំនឹងមនុស្ស»។
 
នាយកកម្មវីធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅកម្ពុជារូបនេះថា កម្រមានសត្វមានសំណាងអាចនៅមានជីវិត និងត្រូវបានជួយសង្គ្រោះណាស់នៅក្រៅតំបន់ការពារ។  លោក វរសក្ស ថា លើកនេះអាចនិយាយបានថា ពលរដ្ឋក្នុងតំបន់នោះទទួលបានចំណេះដឹងច្រើនទាក់ទងការការពារ និងអភិរក្សសត្វព្រៃក្នុងតំបន់ពួកគេរស់នៅ។ ទន្ទឹមនឹងនេះ ក្រុមការងារអភិរក្សសត្វ​ព្រៃ សាទរចំពោះសកម្មភាពនៃការចូលរួមរបស់ពលរដ្ឋក្នុងការការពារសត្វក្រៀល ជាមួយអង្គការដៃគូរួមជាមួយក្រសួងបរិស្ថាន។
  

 រូបភាពBirdLife Cambodia

បើតាម​លោក ប៊ូ វរសក្ស ក្រៀល ជាប្រភេទសត្វដែលរងការគំរាមកំហែង និងងាយរងគ្រោះដូចជាសត្វត្មាត  និងត្រយងយក្ស ដូច្នេះទាមទារឱ្យមានការយកចិត្តទុកដាក់ក្នុងការថែរក្សា និងការពារសុវត្ថិភាពក្នុងព្រៃអភិរក្ស និងក្នុងរដូវពងកូនជាដើម។ «ប្រាំឆ្នាំចុងក្រោយនេះ កំណើនសត្វមានការធ្លាក់ចុះគួរកត់សម្គាល់។ វត្ដមានពួកវា ប្រទះឃើញតែសត្វចាស់ៗ កម្រឃើញមានកូនតូចៗថ្មីណាស់នៅពេលក្រុមការងារចុះធ្វើជំរឿនប្រចាំឆ្នាំម្ដងៗ។ ខ្ញុំក៏មិនទាន់អាចបញ្ជាក់ពីមូលហេតុនៃការធ្លាក់ចុះបានទេ ព្រោះមិនបានមានការសិក្សាណាមួយច្បាស់លាស់ ប៉ុន្ដែខ្ញុំគិតថា ការបរាជ័យក្នុងការបន្តពូជនៅក្នុងរដូវពងកូននេះ អាចជាបញ្ហាមួយក្នុងចំណោមបញ្ហាផ្សេងទៀត»។ នេះជាការបញ្ជាក់របស់លោក វរសក្ស។
 
នាយកកម្មវិធីរូបនេះ សំណូមពរឱ្យពលរដ្ឋគ្រប់រូប និងអាជ្ញាធរចូលរួមការពារបក្សីនេះទាំងអស់គ្នា ដោយបញ្ឈប់ការបរបាញ់ ការចាប់យកមកចិញ្ចឹម-លួចយកពងកូន និងការទន្ទ្រានដី ដែលធ្វើឱ្យ​ប៉ះពាល់ដល់ទីជម្រក។ ជាមួយគ្នានេះ ត្រូវបន្តការចូលរួមជួយថែរក្សា និងអភិរក្ស ដើម្បីឱ្យវត្តមានសត្វនេះកាន់តែច្រើនឡើងនៅក្នុងសហគមន៍។ ទន្ទឹមនឹងនេះ លោកសង្ឃឹមថា ថ្នាក់ជាតិនឹងអាចបង្កើតក្រុមការងារមួយធ្វើការរួមគ្នាក្នុងការថែរក្សាសត្វក្រៀលដូចជាក្រុមការងារធ្វើការលើសត្វត្មាត និងត្រយងដូច្នេះដែរ៕
 
 
 
 
 
 

Tag:
 សត្វក្រៀល
  ជាប់មង
  ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com