ជាតិ
សេដ្ឋកិច្ច
កម្ពុជា នឹងសង់ផ្លូវជិត១៥០គីឡូម៉ែត្រ តម្លៃជាង៧៨លានដុល្លារ នៅខេត្តកោះកុង​
24, Aug 2021 , 7:59 am        
រូបភាព
 លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត៖ MPWT
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត៖ MPWT
ភ្នំពេញ៖​ ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងសាងសង់ផ្លូវមួយខ្សែប្រវែង១៤៨គីឡូម៉ែត្រ  ដែលមានតម្លៃជាង៧៨លានដុល្លារ នៅក្នុងខេត្តកោះកុង នាដើមខែវិច្ឆិកា ឆ្នាំ២០២១។  បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី្កក្រសួងសាធារណការ ថវិកាសម្រាប់ធ្វើផ្លូវនេះ​ គឺបានពីកម្ចីរបស់សាធារណរដ្ឋកូរ៉េ។

 
គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ដែលមានប្រវែង១៤៨គីឡូម៉ែត្រ នៅខេត្តកោះកុង ក្រសួងសាធារណការនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២១។​ ផ្លូវមួយខែ្សមួយនេះ នឹងតភ្ជាប់ពីឃុំចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ 
 
លោក ស៊ុន ចាន់ថុល  បានចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវ ដែលស្ថិតនៅក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ជាមួយតំណាងក្រុមហ៊ុនសាងសង់ និងភាគីពាក់ព័ន្ធនានា តាមប្រព័ន្ធអនឡាញ(Zoom) នាព្រឹកថ្ងៃទី២៣សីហា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ។ 
 
លោក ស៊ុន ចាន់ថុល បានបញ្ជក់ថា គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយទឹកប្រាក់សរុបប ៧៨,៣៩៨ ៧៤១.៥៣ដុល្លារអាមេរិក។ បើតាមរដ្ឋមន្រ្តីសាធារណការ ក្នុងចំណោមថវិកាទាំងនេះ មានជិត៦៦លានដុល្លារ មូលនិធិនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ច(The Economic Development Cooperation Fund-EDCF) នៃសាធារណរដ្ឋកូរ៉េ​ និងជាង១៣លានដុល្លារទៀត គឺជាថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។​ 


លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ(ឆ្វេង) កំពុងចុះហត្ថលេខាជាមួយតំណាងក្រុមហ៊ុន សាងសង់ផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង ដែលគ្រោងនឹងសាងសង់នៅថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២១។ រូបថត៖ MPWT 

លោក ស៊ុន​ ចាន់ថុល បានបន្តរៀបរាប់ថា ការសាងសង់ផ្លូវជាតិលេខ៤៨នេះ នឹងកែសម្រួលចំណុចផ្លូវប្រសព្វចំនួន៥កន្លែង ដោយនៅក្នុងនោះមានចំការហ្លួង, ស្រែអំបិល, ផ្លូវបំបែកចូលទៅគីរីសាគរ,  ផ្លូវបំបែកចូលទៅទំនប់វារីអគ្គីសនី  និងផ្លូវបំបែកចូលទៅ ព្រលានយន្តហោះ។ លើសពីនេះ គម្រោងធ្វើផ្លូវនេះ ក៏មានសាងសង់ស្ពានថ្មី, ប្រព័ន្ធបង្ហូររំដោះទឹក, បំពាក់គ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍, កំណត់ល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងកំណត់ល្បឿង៦០គីឡូម៉ែត្រក្នុងមួយម៉ោង...ជាដើម។​  ការសាងសង់ផ្លូវនេះ គឺប្រើពេល៣២ខែ ដោយគិតចាប់ថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២១ តទៅ។ នេះជាសម្តីរបស់លោក ស៊ុន ចាន់ថុល។ 
 
បើតាម រដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ  ផ្លូវមួយខ្សែនេះ គឺជាផ្នែកមួយនៃផ្លូវហាយវ៉េ( High Way) អាស៊ាន១២៣ (ASEAN Highway 123) ដែលភ្ជាប់ពីកម្ពុជាទៅប្រទេសថៃ និងភ្ជាប់ពីភាគខាងកើតទៅភាគខាងលិចនៃឧបទ្វីបឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ(Dawai) ប្រទេសភូមា៕ 
 
 
 

Tag:
 ផ្លូវ
  កោះកុង​
  លោក ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com