កីឡាអន្តរជាតិ
អន្តរជាតិ
បណ្តា​សណ្ឋាគារនៅហ្សាម៉ៃអ៊ីកប្រជែង​គ្នាទទួល​ស្វាគមន៍​​នារីជប៉ុនម្នាក់ដែល​ជួយបង់ថ្លៃតាក់ស៊ីដល់កីឡាករខ្លួន
24, Aug 2021 , 8:29 am        
រូបភាព
ដោយ: រួបរួម
រដ្ឋាភិបាល​ហ្សាម៉ៃអ៊ីក បាន​អញ្ជើញនារីឈ្មោះ Tijana Kawashima ទៅទស្សនា​ប្រទេសខ្លួនដែលជាកាយ​វិការ​ដើម្បី​ថ្លែងអំណរគុណចំពោះ​អ្នក​ស្ម័គ្រ​ចិត្ត​នាព្រឹត្តិការណ៍អូឡាំពិក​ក្រុងតូក្យូរូបនេះ ដែល​បានជួយ​បង់ថ្លៃ​តាក់ស៊ី ដល់អត្តពលិក Hansle Parchment រហូត​ដល់​គេ​ទៅទាន់ការប្រកួត ហើយឈ្នះមេដាយមាស​លើ​វិញ្ញាសា​រត់ឆ្លងឧបសគ្គ​ចម្ងាយ​១១០ម៉ែត្រ។

 
កាលពីពេលថ្មីៗ​កន្លងមកនេះ អ្នកស្រី Shorna-Kay M.Richards បាន​រៀបចំពិធីផ្លូវការមួយទទួល​ស្វាគមន៍​បុគ្គលិក​ស្ម័គ្រចិត្តអូឡាំពិកដែលមានឈ្មោះពេញ​ថា Tijana Kawashima Stojkovic ទៅស្ថានទូត ព្រមទាំង​ផ្ទល់វត្ថុអនុស្សាវរីយ៍មួយចំនួន ហើយ​ថែមទាំង​អញ្ជើញនាងទៅ​លេងហ្សាម៉ៃអ៊ីក​ផងដែរ។
 

 
Tijana បាន​ក្លាយជាវីរនារី​សម្រាប់ពលរដ្ឋ និងរដ្ឋាភិបាលក្រុង Kingston ដោយសារតែនាងក្លាយជាចំណែកនាំឲ្យ Parchment ឈ្នះមេដាយមាសអូឡាំពិក។ កាលពីថ្ងៃទី៥ ខែសីហា Parchment ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រវិញ្ញាសារត់ឆ្លងឧបសគ្គចម្ងាយ១១០ម៉ែត្រ។ គេស្ទើរតែខកបង្ហាញវត្តមានក្នុងការប្រកួត ដោយបានឡើងជិះរថយន្តខុស និងមានផ្លូវផ្ទុយពីទីតាំងប្រកួត។
 
តាមរយៈវីដេអូមួយ Parchment បានបង្ហាញពីទង្វើដ៏ល្អរបស់ Tijana ដែលបានបង់ថ្លៃតាក់ស៊ីជំនួសខ្លួន ដែលធ្វើឲ្យគេទៅប្រកួតទាន់ពេលវេលា។ ក្រោយទទួលបានមេដាយមាស Parchment បានវិលទៅរក Tiana ដើម្បីអរគុណ និងបង្ហាញមេដាយនាង។ ក្រៅពីយកប្រាក់សងវិញ អត្តពលិករូបនេះ ក៏បានផ្តល់អាវយឺតជាអនុស្សាវរីយ៍ផងដែរ។ 
 
នៅឯហ្សាម៉ៃអ៊ីកឯណោះវិញ  សារព័ត៌មាន The Japan News ផ្សាយឲ្យ​ដឹងថា សណ្ឋាគារ​យ៉ាងហោចណាស់​៥ប្រជែងគ្នា ត្រៀម​ស្វាគមន៍​ Tijana នៅ​ប្រទេសតំបន់ការ៉ាអ៊ីបមួយនេះ។ បន្ទប់ប្រធានាធិបតី នៅសណ្ឋាគារ Royalton Negril, បន្ទប់​ថ្លៃបំផុតនៅ Half Moon, Iberostar និង Moon Palace Ocho Rios ជាដើម សុទ្ធតែជម្រើស​ដែល​ Tijana ជ្រើស​បានគ្រប់ពេល​នាអំឡុងវត្តមាននៅហ្សាម៉ៃអ៊ីក។
 
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្សាម៉ៃអ៊ីក ដែលបានផ្ញើ​លិខិត​អញ្ជើញផ្លូវការ បានអះអាងពីការ​រាប់រងរាល់​ការចំណាយ​ទាំងអស់​សម្រាប់ Tijana ទាំងការស្នាក់នៅ ការស្វែងយល់តន្ត្រី ម្ហូបអាហារ និងរមណីយដ្ឋាននានា។ នាង​ត្រូវបាន​ចាត់ទុក​ជា «អ្នក​ស្ម័គ្រ​ចិត្ត​ប្រចាំឆ្នាំ» របស់​ហ្សាម៉ៃអ៊ីក។
 
Tijana អាយុ​២៥​ឆ្នាំ បង្ហាញពី​ក្តីរំភើប​ចំពោះ​ការផ្តល់តម្លៃ​ពីសំណាក់រដ្ឋាភិបាល​ហ្សាម៉ៃអ៊ីក ក្នុងនោះ​រួមទាំង​លោកប្រធានាធិបតី Andrew Holness ដែលចង់ជួបនាងដោយផ្ទាល់។ «កាយវិការនេះ បាន​បង្ហាញពី​ផ្លូវដ៏វិជ្ជមាន​នៃទំនាក់ទំនងមិត្តភាព និង​គុណតម្លៃ​នៃសាមគ្គីភាព»។ នាងបាន​លើកយ៉ាងដូច្នេះ ដោយអះអាងពីការទទួលយកការ​រៀបចំរបស់ហ្សាម៉ៃអ៊ីក​សម្រាប់វិស្សមកាល​៧ថ្ងៃ​របស់នាង​ទៅកាន់ទីនោះ៕
 

Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com