ជាតិ
ទីផ្សារសាច់ឆ្កែ កំពុងពេញនិយម តែពលរដ្ឋភាគច្រើនមិនគាំទ្រ!
24, Aug 2021 , 8:59 am        
រូបភាព
ស្លាក«សាច់ពិសេស» ដែលគេប្រើដើម្បីលក់សាច់សុនខតាមផ្លួវ។
ស្លាក«សាច់ពិសេស» ដែលគេប្រើដើម្បីលក់សាច់សុនខតាមផ្លួវ។
សុនខ ឬឆ្កែ គឺជាសត្វមួយប្រភេទ ដែលមនុស្សភាគច្រើនចិញ្ចឹមនៅផ្ទះ ដើម្បីការពារទ្រព្យសម្បត្តិពួកគេ។ អ្នកខ្លះចាត់ទុកសត្វឆ្កែ ជាមិត្តល្អ ព្រោះវាជាប្រភេទសត្វដែលស្មោះ និងមិនបោះបង់ម្ចាស់ឡើយ។ តែគួរឲ្យសោកស្ដាយ មិត្តល្អនេះ ក៏ជាអាហារ សម្រាប់មនុស្សដែរ។


ឆ្កែ ជាមិត្តល្អផង ហើយក៏ជាអាហារដ៏ឆ្ងាញ់សម្រាប់មនុស្សមួយចំនួនផងដែរ។ ស្ថិតនៅលើកំណាត់ផ្លូវ២១៧ ក្បែរម្ដុំស្ដុប ព្រែកជ្រៃ ខណ្ឌដង្កោរ រាជធានីភ្នំពេញ គេឃើញមានកន្លែងលក់សាច់ឆ្កែ ចំនួន២ទីតាំង នៅលើតូបតូចមួយ ដោយមានដាក់ផ្លាកថា «លក់សាច់ពិសេស» សម្រាប់អ្នកនិយមពិសាសាច់ឆ្កែ។ ទីតាំងទាំងពីរនេះ ហាក់មិនសូវដាក់តាំងបង្ហាញសាច់ឆ្កែ នៅតូបជាសាធារណៈប៉ុន្មានទេ ដោយសំអាងលើផ្លាកយីហោខ្លួន។
 
ងាកចេញពីទីតាំងនេះបន្តិច មកលើផ្លូវ៥០ម៉ែត្រវិញ ដែលស្ថិតនៅក្នុងខណ្ឌដង្កោរ ដដែលនោះ ក៏មានកន្លែងលក់សាច់ឆ្កែស្រស់ៗ ៤កន្លែងទន្ទឹមគ្នាផងដែរ។ ពួកគេបានដាក់តាំងបង្ហាញសាច់ឆ្កែលក់ ក្នុងតម្លៃ ១៧០០០រៀល ក្នុង១គីឡូ ចំណែកគ្រឿងក្នុងវិញមានតម្លៃ១៣,០០០រៀល។ អាជីវករទាំងនោះ សុទ្ធតែនិយាយដូចគ្នាថា បច្ចុប្បន្នទីផ្សារសាច់ឆ្កែ កំពុងពេញនិយមណាស់ ។
 
នៅពេលសាកសួរពីអាជីវកម្មសាច់ឆ្កែនេះ អាជីវករទាំងនោះ សុំមិនផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗឡើយ។ ដោយឡែកមានតែអាជីវករម្នាក់ប៉ុណ្ណោះ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ពួកគេលក់សាច់ពី ២០គីឡូ ទៅ ៣០គីឡួ ដែលស្មើនឹង«សុនខ»ចំនួន ២ ទៅ ៣ក្បាល ក្នុងមួយថ្ងៃ។ អាជីវករដដែលនោះ បន្ថែមថា បើចុងសប្តាហ៍វិញ ពួកគេអាចលក់បានដល់៤០គីឡូ ដែលស្មើនឹងសត្វឆ្កែ ពី ៥ ទៅ៦ក្បាល។ 
 
« ការបរិភោគសាច់ពិសេសនេះ នៅតែមានការពេញនិយមសម្រាប់ប្រជាជនខ្មែរមួយចំនួន»។ នេះបើតាមប្រភពអាជីវករ ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មានថ្មីៗ២៥។
 
«សាច់ពិសេស​» «សាច់គោទ្រឹក» និង«សាច់គោតឿ» គឺជាពាក្យដែលអ្នកនិយមពិសារសាច់ឆ្កែ ប្រើសម្រាប់បន្លំ ឬបំភាន់អារម្មណ៍អ្នកដទៃ នៅពេលដែលពួកគេបបួលគ្នាទៅបរិភោគសាច់នេះ។
 
យុវជនវ័យ២០ឆ្នាំម្នាក់ ជាអ្នករស់នៅឃុំសូភី ស្រុកបាទី ខេត្តតាកែវ ជាអ្នកបរិភោគសាច់សុនខ។ យើងសុំតាំងនាមគាត់ថា «សុខ»។ លោក សុខ យល់ថា ការបរិភោគសាច់ឆ្កែនេះ អាចជួយឲ្យសុខភាពរឹងមាំ និងមានរសជាតិឆ្ងាញ់ មិនចាញ់សាច់ផ្សេងឡើយ។ ម្យ៉ាងសាច់នេះ មានតម្លៃធូរថ្លៃ សម្រាប់អ្នកមិនសូវសម្បូរថវិកាផងដែរ ។ « សាច់ឆ្កែ វាមិនខុសពីសាច់គោ សាច់ជ្រូកឡើយ ព្រោះខ្ញុំហូបអត់រើសផង។ ម្យ៉ាង ខ្ញុំគ្មានអីត្រូវតបផង។ បើខ្ញុំពាក់ខ្សែចង្កេះឬមានជំងឺអី ក៏ខ្ញុំមិនហានហូបដែរ ព្រោះខ្លាចខុសតំណម »។ នេះបើតាមលោក សុខ។


សាច់សុនខ ដែលអាជីវករលក់តាមដងផ្លូវ 

លោក សុផាត ក៏តែងហូបសាច់ឆ្កែដែរ នៅពេលដែលមិត្តភក្តិបបួលម្ដងៗ។ នៅពេលចង់ហូបសាច់ឆ្កែនោះ សុផាត និងមិត្តភក្តិ តែងតែប្រើពាក្យថា «សាច់ពិសេស»។ជាអ្នកស្រុកបាណន់ ខេត្តបាត់ដំបង សុផាត បានបន្ថែមថា៖« សម្រាប់ខ្ញុំ ខ្ញុំអត់តមទេសាច់ពិសេស ព្រោះមានហូបក៏ហូប អត់ក៏អត់ទៅ។ ពីមុន ពូខ្ញុំគាត់ប្រើឲ្យទៅទិញសាច់ហ្នឹង ហើយវាជាលើកទី១សម្រាប់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាអៀនខ្មាស់ដែរ ប៉ុន្តែយូរទៅក៏ធម្មតា»។ 
ដ្បិត សុផាត ជាអ្នកបរិភោគសាច់ពិសេសម្នាក់ក្តី តែយុវជនរូបនេះ ក៏គាំទ្រការលុបបំបាត់អំពើជួញដូរសត្វឆ្កែផងដែរ។ 
 


សាច់សុនខ ដែលអាជីវករលក់តាមដងផ្លូវ 

ចំពោះអាជីវកម្មសាច់ឆ្កែនេះ ភាគច្រើនអាជីវករបានទិញតាមភូមិស្រុកនានា ដើម្បីយកមកលក់បន្ត។ ដោយសារមានការទិញ-លក់នេះហើយ ទើបបង្កឲ្យមានករណីទាក់ឆ្កែ តាមភូមិ-ស្រុកកើតឡើង។ កាលពីពេលថ្មីៗនេះ អាជ្ញាធរមូលដ្ឋាន បានចាប់ខ្លួនអ្នកដើរទាក់ឆ្កែជាបន្តបន្ទាប់ ដោយជនសង្ស័យទាំងនោះ បានសារភាពថា ពួកគេទាក់ឆ្កែយកទៅលក់ឲ្យឈ្មួញក្នុងតម្លៃ៨ម៉ឺន ទៅ១០ម៉ឺនរៀល ក្នុងមួយក្បាល។
 
លោក ឌឹម សុវណ្ណឧត្តម ម្ចាស់ហាងកាហ្វេមួយកន្លែង នៅរាជធានីភ្នំពេញ មិនគាំទ្រការបរិភោគ និងលក់សាច់ឆ្កែឡើយ។ «ការបរិភោគនេះហើយ ជាកក្តាដែលនាំឲ្យមានករណីទាក់ឆ្កែ។
បើសិនជាយើងមិនហូប ក៏គ្មានអ្នកលក់ដែរ ព្រោះមិនដឹងលក់ឲ្យនរណា ហើយវាក៏គ្មានករណីទាក់ឆ្កែដែរ។ យើងមិនអាចទៅហាមឃាតអ្នកលក់ និងអ្នកដែលគាត់បរិភោគបានទេ ប៉ុន្តែយើងមានតែអាចចូលផ្សព្វផ្សាយដើម្បីឲ្យពួកគាត់យល់»។ នេះបើតាមលោក ឧត្តម ដែលជាអ្នកស្រលាញ់និងចូលចិត្តសត្វ «សុនខ» ដែល ប្រៀបដូចជាសមាជិកមួយរូបក្នុងគ្រួសារខ្លួន ។​
 


សាច់សុនខ ដែលអាជីវករលក់តាមដងផ្លូវ 

ម្ចាស់ហាងកាហ្វេរូបនេះ មានសត្វឆ្កែ ៤ទៅ៥ ប្រភេទ ប្រមាណ២០ក្បាល ដែលដាក់បង្ហាញនៅហាងខ្លួន សម្រាប់ឲ្យវាប្រឡែងលេងជាមួយភ្ញៀវ ដែលស្រលាញ់ និងចូលចិត្តពួកវាដែរ។​
បុរសវ័យ២៧ឆ្នាំ ដែលបានបើកហាងកាហ្វេ៨ខែមកហើយ បាននិយាយដូច្នេះ៖« អ្នកខ្លះគាត់ស្រលាញ់ឆ្កែ ប៉ុន្តែគាត់មិនអាចចិញ្ចឹមបានព្រោះឪពុកម្តាយមិនអនុញ្ញាត ហើយខ្លះទៀតគ្មានទីធ្លាចិញ្ចឹម ។ ដូច្នេះ ខ្ញុំបើកហាងនេះគឺសម្រាប់ពួកគាត់ អាចមកហូបកាហ្វេ ហើយបានលេងជាមួយឆ្កែ ដែលជាសត្វគាត់ស្រលាញ់ផង»។ 
 
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយ​ស្រី ក៏ជាបុគ្គលមួយរូប មិនគាំទ្រដាច់ខាតចំពោះការជួញដូរសត្វឆ្កែឡើយ។ លោកចាត់ទុកការបរិភោគសាច់ឆ្កែនេះ ជាទង្វើឃោឃៅមួយ។ 
 
សម្រាប់អភិបាលស្រុករូបនេះ សត្វឆ្កែជាសត្វចិញ្ចឹមមួយ ដែលជាមិត្តស្មោះត្រង់ចំពោះមនុស្ស ដូច្នេះមិនគួរយកមកបរិភោគនោះទេ។ « យើងគួរផ្តល់ការស្រលាញ់ ដោយចាត់ទុកវាជាប្រភេទសត្វស្រុក រស់នៅជាមួយយើងទាំងអស់គ្នា»។ នេះបើតាមអភិបាលស្រុកបន្ទាយស្រី ដែលបានដាក់បម្រាមហាមបរិភោគសាច់សត្វឆ្កែ និងសកម្មភាពជួញដូរនានា នៅក្នុងភូមិស្រុកខ្លួន កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១កន្លងមក។ 
 
បើតាមអភិបាលស្រុកបន្ទាយស្រី ក្នុងនាមជាស្រុកទេសចរណ៍មួយ មិនគួរបង្ហាញពីការចរាចរណ៍លក់ដូរសាច់ឆ្កែនោះឡើយ។ «អ្នកស្រុកបន្ទាយស្រី ចូលរួមលុបបំបាត់ការលក់ដូរ ការជួញដូរ និងការបរិភោគសាច់ឆ្កែ ឲ្យបានទាំងស្រុង។ យើងត្រូវបង្ហាញថា ស្រុកយើងមានការស្រលាញ់ធំទូលាយ បដិសណ្ឋារកិច្ចល្អ និងមានភាពសន្តោសចំពោះសត្វ»។ នេះជាការអំពាវនាវរបស់លោក ឃីម ហ្វីណង់។
 
បន្ថែមពីនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បាន​ប្រកាសហាមឃាត់ការធ្វើអាជីវកម្ម​ទិញ​-លក់ និង​សម្លាប់​សត្វ​ឆ្កែ​ យកទៅបរិភោគផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្កែឆ្កួត និងជំងឺផ្សេងៗទៀត ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ៕
 

Tag:
 ថ្មីៗ​
  សាច់ពិសេស
 
© រក្សាសិទ្ធិដោយ thmeythmey.com