អន្តរជាតិ
និយតករឱសថអាម៉េរិក ផ្ដល់ការអនុញ្ញាតពេញលេញឱ្យវ៉ាក់សាំងកូវីដ-១៩ របស់ Pfizer
24, Aug 2021 , 11:03 am        
រូបភាព
ដបផ្ទុកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech។ រូបថត AFP
ដបផ្ទុកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech។ រូបថត AFP
រដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក (FDA) នៅថ្ងៃទី២៣ ខែសីហា បានប្រកាសអនុញ្ញាត ជាផ្លូវការឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ក្រុម មនុស្សអាយុ១៦ឆ្នាំឡើងទៅដោយពេញលេញតែម្ដង។ វ៉ាក់សាំងរបស់ Pfizer-BioNTech ជាវ៉ាក់សាំងដំបូងដែលទទួលបានការអនុញ្ញាតបែបនេះ ដែលនឹងបង្កើនទំនុកចិត្តប្រជាជនអាម៉េរិកដែលមិនចង់ ចាក់វ៉ាក់សាំង។


ជាង៨ខែក្រោយទទួលបានការទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានប្រសិទ្ធភាពជាង៩១ភាគរយរបស់ក្រុមហ៊ុន Pfizer-BioNTech ក៏ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ពេញលេញតែម្ដងពីសំណាក់រដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក។ 
 
«ការអនុញ្ញាតជាផ្លូវការនិងពេញលេញរបស់ FDA លើវ៉ាក់សាំងនេះបង្ហាញឱ្យឃើញពីជោគជ័យមួយ កម្រិតក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។» នាយិកាស្ដីទី FDA លោកស្រី Janet Woodcock លើកឡើងបែបនេះក្នុងក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃទី២៣ ខែសីហា។ លោកស្រី Woodcock បន្តថា វ៉ាក់សាំង នេះ និងវ៉ាក់សាំងដទៃទៀត បានបំពេញតាមស្តង់ដារវិទ្យាសាស្ត្រយ៉ាងតឹងរ៉ឹងរបស់ FDA សម្រាប់ការ អនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់នៅអាម៉េរិក។ 
 
អាម៉េរិក ផ្ដល់ការអនុញ្ញាតបន្ទាន់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ហើយនៅថ្ងៃទី៣០ ខែធ្នូ អង្គការសុខភាពពិភពលោក ក៏ផ្ដល់ការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំងដែលប្រើបច្ចេកវិទ្យានាំសារ mRNA នេះផងដែរ។
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក៏បានសាទរចំពោះការប្រកាសនេះ ដោយលោកចាត់ទុកជា ព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
 
យោងតាមសេចក្ដីសេចក្តីប្រកាសព័ត៌មានខាងលើ ការអនុញ្ញាតជាផ្លូវការនេះរាប់បញ្ចូលក្រុមមនុស្ស អាយុចាប់ពី១៦ឆ្នាំឡើងទៅ ចំណែកក្រុមមនុស្សអាយុ១២ឆ្នាំទៅ១៥ឆ្នាំ នៅតែអាច​ចាក់វ៉ាក់សាំងនេះ បានក្រោមការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់។ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech នឹងមានឈ្មោះក្នុងទីផ្សារថា Comirnaty ។
 
ការសម្រេចចិត្តរបស់ FDA នឹងត្រួសត្រាយផ្លូវឱ្យរដ្ឋាភិបាលអាម៉េរិកចាត់វិធានការតម្រូវឱ្យចាក់វ៉ាក់សាំង ជាផ្លូវការតាមក្រសួង ស្ថាប័នរដ្ឋាភិបាល សាលារៀន និងកន្លែងអាជីវកម្មផ្សេងៗ។ នៅថ្ងៃ២៣​​ ខែសីហា អ្នកនាំពាក្យមន្ទីរបញ្ចកោណ John Kirby បានលើកឡើងថា ឥឡូវនេះវ៉ាក់សាំងរបស់ Pfizer ត្រូវបាន អនុម័តជាផ្លូវការ ដូចច្នេះក្រសួងការពារជាតិអាមេរិកបានត្រៀមចេញសេចក្តីណែនាំថ្មីដែលតម្រូវឱ្យ បុគ្គលិកទាំងអស់ត្រូវចាក់វ៉ាក់សាំង៕
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com