អន្តរជាតិ
ក្រុមតាលីបង់ ព្រមានពីផលវិបាក បើអាម៉េរិកពន្យារពេលដកទ័ពហួសថ្ងៃទី៣១ សីហា
24, Aug 2021 , 2:06 pm        
រូបភាព
ក្រុមតាលីបង់នៅថ្ងៃទី២៣ ខែសីហា បានព្រមានពីបញ្ហាដែលនឹងកើតឡើង ប្រសិនអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បន្តមានវត្តមាននៅអាហ្វហ្កានីស្ថានលើសពីសប្តាហ៍​ក្រោយ។ ការព្រមាននេះធ្វើឡើង ខណៈលោកខាងលិចកំពុងពិចារណាបន្តប្រតិបត្តិការជម្លៀសមនុស្សដែលនៅសេសសល់រាប់ម៉ឺននាក់ តែអាមេរិកត្រូវដកទ័ពនៅថ្ងៃទី៣១ ខែសីហា។



យុទ្ធនាការជម្លៀសពលរដ្ឋខ្លួនឯង និងប្រជាជនអាហ្វហ្កានីស្ថានដែលបម្រើការឱ្យសម្ព័ន្ធមិត្តចម្រុះ ទំនងជាមិនអាចចប់សព្វថ្ងៃត្រឹមថ្ងៃទី៣១ ខែសីហាឡើយ បើទោះជាអាម៉េរិក និងប្រទេសលោកខាងលិច កំពុងញាប់ដៃជម្លៀសក្ដី។ ការពន្យារពេលទំនងជារឿងមិនអាចចៀសផុតឡើយ ដើម្បីជម្លៀសមនុស្សឱ្យបានច្រើនតាមតែអាចធ្វើបាននោះ ខណៈជនបរទេសជាច្រើនទៀត នៅជាប់គាំងនៅក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ុល។
 
ក្រុមតាលីបង់ ដែលបានព្យាយាមបង្ហាញអាកប្បកិរិយាទន់ភ្លន់ មិនយល់ស្របលទ្ធភាព នៃការពន្យារពេលដកទ័ពដើម្បីជួយការជម្លៀសនេះឡើយ។
 
«ប្រសិនបើអាម៉េរិក ឬអង់គ្លេសពន្យារពេលវេលាដកទ័ព ដើម្បីបន្តការជម្លៀសប្រជាជននោះ ចម្លើយគឺមិនអាចទៅរួចទេ។ បើមិនដូច្នោះ អាមេរិក និងសម្ព័ន្ធមិត្តនឹងជួបផលវិបាក» ។ អ្នកនាំពាក្យក្រុមតាលីបង់ លោក Suhail Shaheen ប្រាប់ទូរទស្សន៍ Sky News បែបនេះនៅថ្ងៃទី២៣ ខែសីហា។
 
កន្លងមក កងទ័ពអាម៉េរិករាប់ពាន់នាក់ បានត្រលប់ចូលអាកាសយានដ្ឋានទីក្រុងកាប៊ុលវិញ ដើម្បីគ្រប់គ្រងភាពវឹកវរនៃការជម្លៀសជនបរទេស និងជនជាតិអាហ្វហ្កានីស្ថាន ដែលធ្លាប់ធ្វើការជាមួយប្រទេសលោកខាងលិច។ ទិដ្ឋភាពកកស្ទះនៅអាកាសយានដ្ឋាន បង្ហាញពីភាពសោកសង្រេងរបស់ប្រជាជនអាហ្វហ្កានីស្ថាន ព្យាយាមចាកចេញពីប្រទេស ក្រោយក្រុមតាលីបង់ ក្ដោបក្ដាប់ទីក្រុងកាប៊ុលឡើងវិញ។
 
ប្រធានាធិបតីអាម៉េរិក ចូ ដៃឌិន បានកំណត់យកថ្ងៃទី៣១ ខែសីហា ជាថ្ងៃដកទ័ពទាំងអស់ចេញពីទឹកដីអាហ្វហ្កានីស្ថាន និងបិទបញ្ចប់បេសកកម្មជម្លៀសប្រជាជនចេញផងដែរ។​ ប៉ុន្តែសហភាពអឺរ៉ុប និងអង់គ្លេស បានបង្ហាញការព្រួយបារម្ភថា នឹងមិនអាចជម្លៀសមនុស្សគ្រប់គ្នាឱ្យចាកចេញទាន់ពេលកំណត់នោះឡើយ។ ទាក់ទងរឿងនេះ លោក បៃឌិន ធ្លាប់បញ្ជាក់ថា​ កិច្ចពិភាក្សាកំពុងដំណើរការ ដើម្បីស្វែងយល់ពីលទ្ធភាពនៃការពន្យារពេលកំណត់ ដកទ័ពពីអាហ្វហ្កានីស្ថាន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com