COVID-19
អន្តរជាតិ
នាយករដ្ឋមន្រ្តីថ្មីម៉ាឡេស៊ី៖ គ្មានតំណែងរដ្ឋមន្រ្តីសម្រាប់បក្សប្រឆាំងទេ
24, Aug 2021 , 3:24 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អ៊ីស្មាអ៊ីល សាប៊្រី យ៉ាកុប។ រូបភាពពីហ្វេសប៊ុកលោក យ៉ាកុប
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អ៊ីស្មាអ៊ីល សាប៊្រី យ៉ាកុប។ រូបភាពពីហ្វេសប៊ុកលោក យ៉ាកុប
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកអ៊ីស្មាអ៊ីល សាប៊្រី យ៉ាកុប នៅថ្ងៃទី២៣ ខែសីហា ប្រកាសថា អ្នកនយោបាយបក្សប្រឆាំងនឹងមិនត្រូវតែងតាំងជាសមាជិកគណៈរដ្ឋមន្រ្តីម៉ាឡេស៊ីថ្មីឡើយ ប៉ុន្តែអ្នកទាំងនោះអាចចូលរួមក្នុងគណៈកម្មាធិការពិសេសណាមួយដើម្បីដោះស្រាយបញ្ហាផ្សេងៗ។ មេដឹកនាំម៉ាឡេស៊ី​រូបនេះ ក៏បានបដិសេធបញ្ជីតែងតាំងសមាជិកគណៈរដ្ឋមន្រ្តី ដែលលេចចេញតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។

 
 
 
បន្ទាប់ពីត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីបន្ទាប់ពីលោកមូហ៊ីឌីន យ៉ាស៊ីន លោក អ៊ីស្មាអ៊ីល សាប៊្រី យ៉ាកុប ត្រូវរៀបចំគណៈរដ្ឋមន្រ្តីថ្មីមួយ ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩ នៅក្នុងប្រទេស។ ថ្លែងទៅកាន់សារព័ត៌មាន បន្ទាប់ពិនិត្យមើលស្ថានភាពទឹកជំនន់នៅក្នុងរដ្ឋ Kedah លោក យ៉ាកុប បានលើកឡើងថា អ្នកនយោបាយបក្សប្រឆាំង ហាក់ដូចជាឆ្លើយតបនឹងសំណើរបស់លោក ពាក់ព័ន្ធនឹងកិច្ចខិតខំសង្រ្គោះសេដ្ឋកិច្ចឡើងវិញ។ 
 
ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានទាក់ទិននឹងសមាជិកគណៈរដ្ឋមន្រ្តីថ្មី មេដឹកនាំម៉ាឡេស៊ីរូបនេះ បានអះអាងថា គ្មានឡើយរដ្ឋាភិបាលរួបរួមជាតិ ដែលមានការចូលរួមពីសមាជិកបក្សប្រឆាំង។ «កិច្ចសហការ មិនមែនមានន័យថា ពួកគេជាសមាជិគណៈរដ្ឋមន្រ្តីឡើយ»។ លោក​យ៉ាកុប បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា បើសិនបើអ្នកនយោបាយទាំងនោះ ចង់ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ម៉ាឡេស៊ី ក៏មានគណៈកម្មាធិការពិសេសលើបញ្ហាជំងឺកូវីដ-១៩ ដែលអាចផ្តល់ជាគំនិតយោបល់បាន។ 
 
លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា ភាគីទាំងពីរអាចរួមគ្នា ដោះស្រាយជំងឺកូវីដ-១៩ និងសង្រ្គោះសេដ្ឋកិច្ចប្រទេសឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។ 
 
លោក យ៉ាកុប ក៏បានប្រកាសផងដែរថា សមាជិកគណៈរដ្ឋមន្រ្តី នឹងត្រូវបង្ហាញក្នុងសប្តាហ៍នេះ ដោយបញ្ជីសមាជិករដ្ឋាភិបាល នឹងដាក់ថ្វាយមហាក្សត្រម៉ាឡេស៊ី។ លោក យ៉ាកុប ក៏បានច្រានចោលបញ្ជីគណៈរដ្ឋមន្រ្តី ដែលត្រូវបានលេចចេញលើបណ្តាញអ៊ីនធឺណិតផងដែរ។ 
 
ការតែងតាំងនាយករដ្ឋមន្រ្តីថ្មី ធ្វើឡើងស្របពេលម៉ាឡេស៊ី មានករណីឆ្លងជំងឺកូវីដ-១៩ ជាច្រើនពាន់ករណី។ នៅថ្ងៃទី២៣ ខែសីហា ម៉ាឡេស៊ីបានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៧៦៧២ករណី និងអ្នកស្លាប់មានចំនួន ១៧៤នាក់។ មកទល់ពេលនេះ ម៉ាឡេស៊ី មានករណីឆ្លងកូវីដ-១៩ សរុបចំនួន ១,៥លានករណី និងអ្នកស្លាប់មានជាង១ម៉ឺននាក់៕ 
 

Tag:
 ម៉ាឡេស៊ី
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com