អន្តរជាតិ
អាម៉េរិក ចង់ជម្លៀសប្រជាជនអាហ្វហ្កានីស្ថានទៅមូលដ្ឋានទ័ពនៅកូរ៉េខាងត្បូង
24, Aug 2021 , 5:29 pm        
រូបភាព
ទិដ្ឋភាពបន្ទាយ Osan ដែលជាមូលដ្ឋានយោធាអាម៉េរិកនៅកូរ៉េខាងត្បូង។ រូបថត AFP
ទិដ្ឋភាពបន្ទាយ Osan ដែលជាមូលដ្ឋានយោធាអាម៉េរិកនៅកូរ៉េខាងត្បូង។ រូបថត AFP
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Chung Eui-yong នៅថ្ងៃទី២៣ ខែសីហា បានបង្ហើបថា អាម៉េរិក  បានស្នើសុំកូរ៉េខាងត្បូងដើម្បីប្រើប្រាស់មូលដ្ឋានទ័ពអាម៉េរិកនៅកូរ៉េខាងត្បូងសម្រាប់ជនភៀសខ្លួន មកពីអាហ្វហ្កានីស្ថានជាបណ្ណោះអាសន្ន មុនបន្តដំណើរទៅកាន់ទឹកដីអាម៉េរិកតាមក្រោយ។ ប៉ុន្តែការ ពិភាក្សាស៊ីជម្រៅ នៅមិនទាន់មាននោះទេ ខណៈដែលប្រជាជននិងអ្នកនយោបាយកូរ៉េខាងត្បូងមួយ ចំនួនជំទាស់នឹងគំនិតនេះ។


«វាជាការពិតដែល (សម្ពន្ធមិត្តអាមេរិក) បានពិភាក្សាអំពីលទ្ធភាពមូលដ្ឋានទ័ព។ ទោះយ៉ាងណា រឿងនេះមិនត្រូវបានពិភាក្សាស៊ីជម្រៅនោះទេ។» រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Chung Eui-yong បានឆ្លើយបែបនេះក្នុងការផ្ដល់សក្ខីកម្មនៅសភាកូរ៉េខាងត្បូងនៅថ្ងៃទី២៣ ខែសីហា។ លោកបញ្ជាក់ថា ការដាក់សំណើរបស់អាម៉េរិក ធ្វើឡើងនៅកម្រិតទាបបំផុត។ 

បច្ចុប្បន្ន អាម៉េរិក កំពុងញាប់ដៃជម្លៀសពលរដ្ឋខ្លួន និងប្រជាជនអាហ្វហ្កានីស្ថានដែលធ្វើការឱ្យយោធាអាមេរិកក្រោយក្រុមតាលីបង់ក្ដាប់អំណាចជាថ្មី។ ខណៈដំណើរការផ្ដល់ទិដ្ឋាការកំពុងធ្វើឡើង អាម៉េរិកបានបញ្ជូនប្រជាជនអាហ្វហ្កានីស្ថានទៅកាន់មូលដ្ឋានទ័ពនៅតាមប្រទេសជាមិត្តនានា។ អាម៉េរិក ក៏សម្លឹងឃើញមូលដ្ឋានយោធាខ្លួននៅកូរ៉េខាងត្បូង និងជប៉ុនផងដែរ។
 
ទាក់ទងរឿងនេះ លោក  Chung ប្រាប់សមាជិកសភាថា ការប្រើប្រាស់មូលដ្ឋានទ័ពអាម៉េរិកនៅ កូរ៉េខាងត្បូងជាទីជម្រកជនភៀសខ្លួន នឹងត្រូវការការអនុញ្ញាតពីរដ្ឋាភិបាលកូរ៉េខាងត្បូងដាច់ខាត។ ចំណែកឯក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យកងទ័ពអាមេរិកនៅកូរ៉េខាងត្បូង (USFK) អះអាង ថា USFK មិនទាន់ទទួលបានការស្នើឱ្យទទួលយកជនភៀសខ្លួននៅអាហ្វហ្កានីស្ថាននៅឡើយ។ 
 
ជុំវិញផែនការរបស់អាម៉េរិកនេះ វាក៏ក្លាយជាប្រធានបទក្ដៅគគុកមួយនៅកូរ៉េខាងត្បូង ដោយមានទាំងមតិស្រប និងមតិប្រឆាំង។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap តំណាងរាស្ត្រគណបក្សយុត្តិធម៌  គណបក្សអំណាចប្រជាជន និងក្រុមពលរដ្ឋខ្លះ បានគាំទ្រ និងជំរុញរដ្ឋាភិបាលឱ្យទទួលយកជនភៀស ខ្លួន។ ប៉ុន្តែក្រុមប្រឆាំងលើកឡើងពីបញ្ហាសុវត្ថិភាព សេដ្ឋកិច្ច និងកង្វល់ផ្សេងទៀតដែលអាចកើតមាន បន្ទាប់ពីទទួលយកជនភៀសខ្លួន៕
 
 

Tag:
 អាម៉េរិក
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com