កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool មិនឱ្យ Salah ទៅជួយអេហ្ស៊ីបនៅវគ្គជម្រុះ World Cup
24, Aug 2021 , 9:29 pm        
រូបភាព
Liverpool មិនអនុញ្ញាតឱ្យ Mohamed Salah ចូលរួមជាមួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិអេហ្ស៊ីបសម្រាប់ការប្រកួតជម្រុះ FIFA World Cup ជាមួយក្រុមអង់ហ្គោឡានៅដើមខែកញ្ញានេះឡើយ ក្រោមហេតុផលបារម្ភពីការឆ្លងជំងឺកូវីដ-១៩។


អេហ្ស៊ីប នឹងត្រូវទទួលភ្ញៀវអង់ហ្គោឡាក្នុងជំនួបបើកឆាកវគ្គជម្រុះកីឡាបាល់ទាត់ពិភពលោកតំបន់អាហ្វ្រិកសម្រាប់ពូល F នាថ្ងៃទី២ ខែកញ្ញា មុនធ្វើដំណើរទៅប្រទេសហ្កាបុងនៅ៣ថ្ងៃបន្ទាប់។
 
យ៉ាងណា ប្រធានក្រុមអេហ្ស៊ីប Salah នឹងមិនអាចទៅជួយក្រុមបានឡើយនៅពីរប្រកួតដំបូងនេះ។ បើតាមការផ្សាយរបស់កាសែត Mirror ក្រុមហង្សក្រហមក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Jurgen Klopp បានរារាំងខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនមិនឱ្យចាកចេញពីក្រុម ដ្បិតពេលត្រឡប់មកវិញត្រូវធ្វើចត្តាឡីស័កដែលប៉ះពាល់ការប្រកួតរបស់ពួកគេ។
 
បច្ចុប្បន្ន អេហ្ស៊ីបស្ថិតនៅក្នុងបញ្ជីក្រហមរបស់រដ្ឋាភិបាលអង់គ្លេស ក្នុងចំណោមប្រទេសមួយចំនួនទៀតដែលតម្រូវឱ្យធ្វើចត្តាឡីស័កនៅពេលចូលទៅទៅដីខ្លួន។
 
Salah វ័យ២៩ឆ្នាំ ក្លាយជាប្រធានក្រុមជម្រើសជាតិអេហ្ស៊ីបនៅឆ្នាំ២០១៩។ ជាប់ជម្រើសជាតិរយៈពេល១០ឆ្នាំ អតីតកីឡការ Chelsea និង AS Roma រូបនេះ ស៊ុតបញ្ចូលទីបាន៤៥គ្រាប់ ក្នុងការបង្ហាញខ្លួន៧០លើក គិតចាប់តាំងពីឆ្នាំ២០១១មក។
 
លីគកំពូលអង់គ្លេស Premier League នៅថ្ងៃទី២៣ ខែសីហា ក៏បានប្រកាសថាបានរកឃើញកីឡាករ រួមទាំងបុគ្គលិកចំនួន១៦រូបថ្មីទៀត បានធ្វើតេសត្តចេញលទ្ធផលវិជ្ញមានជំងឺកូវីដ-១៩៕
 

Tag:
 Liverpool
  World Cup
  Mohamed Salah
© រក្សាសិទ្ធិដោយ thmeythmey.com