ជាតិ
វារីវប្បកម្មផលិតផលជាង ១៥ម៉ឺនតោន ខណៈជួបបញ្ហាទីផ្សារ និងតម្លៃ
25, Aug 2021 , 8:59 am        
រូបភាព
កសិករ ប្រមូលផលត្រីរបស់ខ្លួន។ រូបភាពពី គណនីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។
កសិករ ប្រមូលផលត្រីរបស់ខ្លួន។ រូបភាពពី គណនីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។
ភ្នំពេញ៖ រយៈពេល៨ ខែ ឆ្នាំ២០២១ ផលវារីវប្បកម្មរបស់កសិករក្នុងប្រទេសផលិតបានជាង ១៥ម៉ឺនតោន ខណៈតម្រូវការត្រីសាច់ក្នុងស្រុកមានការធ្លាក់ចុះ។ បញ្ហានេះ បណ្ដាលមកពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, បញ្ហាទីផ្សារ, កង្វះត្រីពូជមានគុណភាព, ការកែច្នៃ និងពិពិធកម្មមានកម្រិត, ចំណីត្រី និងវត្ថុធាតុដើមឡើងថ្លៃ។


តម្លៃ និងទីផ្សារវារីវប្បកម្មនៅកម្ពុជា នៅតែជួបបញ្ហា ដែលមិនអាចប្រកួតប្រជែងជាមួយការនាំចូលត្រីពីប្រទេសជិតខាង។ បញ្ហានេះ បានធ្វើឱ្យវារីវប្បករមួយចំនួនបោះបង់ការចិញ្ចឹម ខណៈដែលវិស័យឯកជនមួយចំនួននឿយណាយ និងពន្យាពេលក្នុងការដាក់កូនត្រីពូជចិញ្ចឹមបន្ត។
 
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងក្នុងគណនីហ្វេសប៊ុកថា វារីវប្បកម្មកម្ពុជា នៅតែមានបញ្ហាលើហេដ្ឋារចនាសម្ព័ន្ធរឹង-ទន់ និងការគ្រប់គ្រងទីផ្សារត្រី ដែលពុំទាន់មានលក្ខណៈរៀបរយលើការចិញ្ចឹម ផ្សារបោះដុំ-ចែកចាយ និងបានគ្រប់គ្រងដោយឈ្មួញនាំចូល។ ការណ៍នេះ ធ្វើឱ្យការផលិតត្រីពិបាករកទីផ្សារ ពិបាកប្រកួតប្រជែងជាមួយត្រីនាំចូល និងទីផ្សារលក់គ្មានស្ថេរភាព រួមទាំងការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធរឹងមាំគាំទ្រ។ លើសពីនេះ វាបណ្ដាលឱ្យការផ្គត់ផ្គង់ត្រីមានការជន់ជោរតាមរដូវ។


លោក ថាយ សុមុនី (នៅកណ្ដាល លើកដៃស្ដាំ) ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល។ 

ជាមួយគ្នានេះ ផលប៉ះពាល់លើវិស័យវារីវប្បកម្មមួយផ្នែកទៀត រួមមាន ការផលិតត្រីពូជមានគុណភាពសម្រាប់វារីវប្បកម្ម នៅមិនទាន់បំពេញតម្រូវការរបស់វារីវប្បករ, ការកែច្នៃ, ការធ្វើពពិធកម្មផលវារីវប្បកម្មនៅមានកម្រិត, ចំណីត្រីសម្រេច និងវត្ថុធាតុដើមថ្លៃ។ ក្រៅពីបញ្ហាមួយចំនួនខាងលើ ជំងឺកូវីដ-១៩ ក៏ជាមូលហេតុមួយ ដែលធ្វើឱ្យតម្រូវការត្រីក្នុងស្រុកធ្លាក់ចុះ ដោយសារការបិទនូវសកម្មភាពជួបជុំ កន្លែងទេសចរណ៍ និងភោជនីយដ្ឋាន។ 
 
ជុំវិញបញ្ហាក្នុងវិស័យវារីវប្បកម្មនៅកម្ពុជានេះ លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល ប្រាប់សារព័ត៌មានថ្មីៗ២៥ តាមខ្សែទូរសព្ទថា ក្នុងរយៈពេលជាង ៧ខែក្នុងឆ្នាំ ២០២១នេះ ផលវារីវប្បកម្មក្នុងប្រទេស មានការថយចុះជាងឆ្នាំ២០២០កន្លងទៅ ប្រមាណជា ១៥ភាគរយ ទៅ២០ភាគរយ។ ការថយចុះបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩ ធ្វើឱ្យតម្រូវការក្នុងប្រទេសធ្លាក់ចុះ។
 
ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មរូបនេះ បន្ថែមដូច្នេះថា៖ «ដោយសារបញ្ហានេះ(ការថយចុះផលវារីវប្បកម្ម) អ្នកចិញ្ចឹមត្រូវខ្នាតធំកាត់បន្ថយការចិញ្ចឹមរបស់ពួគគេ ប៉ុន្តែអ្នកផលិទ្រង់ទ្រាយតូច និងមធ្យម នៅដំណើរការធម្មតា និងមើលឃើញថាមានតម្រូវការកើនឡើងក្នុងមូលដ្ឋានរបស់ពួគគាត់»។
 
យ៉ាងណាមិញ ក្រសួងកសិកម្ម ក៏បានដាក់ចេញនូវគោលនយោបាយមួយចំនួន ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ដែលវារីវប្បកម្មកំពុងប្រឈម។ ក្នុងនោះក្រសួងបានដាក់ចេញនូវ វិធានការគោលនយោបាយជំរុញវារីវប្បកម្មកម្ពុជា ក្នុងគោលបំណងបង្កើនផលិតភាពវារីវប្បកម្មក្នុងស្រុក និងប្រសិទ្ធភាពក្នុងការប្រកួតប្រជែងផលិតផលនាំចូល និងបង្កើនតម្លៃបន្ថែម។
 
ក្រសួងកសិកម្ម ក៏បានបង្កើតគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា និងការជួបជុំវារីវប្បករ អាជីវករ ក្នុងការជំរុញអភិវឌ្ឍន៍វារីវប្បកម្ម និងស្វែងរកដំណោះស្រាយ។ បន្ថែមលើនេះ ក្រសួង ក៏បង្កើតក្រុមការងារទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនផលិតផលនាំចេញ-ចូល គ្មានការអនុញ្ញាត ដោយសំដៅកាត់បន្ថយ និងកំណត់ការនាំចូល ជំនួសដោយការទិញត្រីតាមកសិដ្ឋាន ស្រះ និងតាមថង់ប្លាស្ទិកក្នុងស្រុក ដែលកកស្ទះ។
  

រូបភាពពី គណនីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។

ក្រៅពីដំណោះស្រាយចំពោះមុខបន្ទាន់នោះ ក្រសួងកសិកម្ម ក៏បានដាក់ចេញនូវគោលនយោបាយ រយៈពេលមធ្យម និងវែង ដើម្បីស្រាវជ្រាវវារីវប្បកម្ម។ បច្ចុប្បន្នវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើការបំប៉នមេពូជត្រី, បង្កាត់ភ្ញាស់មួយចំនួន និងរៀបចំប្រព័ន្ធធុងបង្កាត់ភ្ញាស់បង្កងទឹកសាប។ ចំពោះមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបវិញ កំពុងធ្វើការបំប៉នត្រីមេពូជ សម្រាប់គាំទ្រដល់ការផលិតកម្មកូនត្រីពូជ ការពិសោធន៍ និងការសិក្សាស្រាវជ្រាវ។ មជ្ឈមណ្ឌលនេះផលិតបានកូនត្រី កូនបង្កង និងកង្កែបពូជចំនួន ៦,៦៤៤,០០០កូន និងបានសាកល្បងបង្កាត់ភ្ញាស់ត្រីពោ ដោយបានកូនត្រិម្សៅចំនួន ១០,០០០ក្បាល។
 
រីឯមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រវិញ កំពុងធ្វើការបំប៉នត្រីមេពូជ សម្រាប់ការងារបង្កាត់ភ្ញាស់ និងស្រាវជ្រាវ។ មជ្ឈមណ្ឌល ក៏បានបំប៉នកូនត្រីឆ្ពង់សម្រាប់ធ្វើមេពូជបម្រុង និងចិញ្ចឹមចំណីរស់ ជាចំណីសម្រាប់កូនត្រីពូជ។ មួយវិញទៀត មជ្ឈមណ្ឌល ក៏បានពិសោធន៍ និងស្រាវជ្រាវលើការផលិតក្ដាមសេះ ត្រីតុកកែ ត្រីឆ្ពង់ និងការចិញ្ចឹមចំណីរស់ ជាពិសេសតាមដាន គ្រប់គ្រង ការពារ និងព្យាបាលជំងឺវារីសត្វ និងកំណត់ប្រភេទប៉ារ៉ាស៊ីត បាក់តេរី និងវីរុស ដែលបង្កលើកូនត្រីឆ្ពង់។
 
យោងតាមការចេញផ្សាយរបស់រដ្ឋមន្ត្រីកសិកម្ម ចាប់តាំងតាំងពីខែមករា ឆ្នាំ២០២១មក ផលវារីវប្បកម្មមានចំនួន ១៥១,៤៥៧.២៨តោន និងកូនពូជវារីសត្វគ្រប់ប្រភេទចំនួន ២៣៨,៧៥៩,៩៥២កូន។ ផលសរុបនេះ គឺបានមកពីវារីវប្បកម្មទឹកសាបរួមមាន ត្រីប្រា ត្រីទីពោ ត្រីឆ្ដោ ត្រីរ៉ស់ ត្រីឆ្ពិន ត្រីព្រលូង ត្រីក្រាញ់ ត្រីអណ្ដែង ត្រីទីឡាព្យា ត្រីច្រមុះ កង្កែប កន្ធាយ បង្កងទឹកសាប បង្កងអូស្រ្តាលី អន្ទង់ទឹកសាបជាដើម និងវារីវប្បកម្មសមុទ្ររួមមាន ត្រីឆ្ពង់ ត្រីតុកកែ បង្គា ក្ដាមថ្ម គ្រែងឈាម សារាយសមុទ្រ គ្រំចំពុះទា ត្រីផ្ទក់សមុទ្រ និងគ្រែងឈាម៕
 
 
 
 
 

Tag:
 ThmeyThmey25
  វារីវប្បកម្ម
  វេង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com