ជាតិ
លោក ពន រ៉ូបាំង នៅតែបន្តដាំខ្ទឹមស្លឹក ដើម្បីផ្ដល់ការងារដល់អ្នកភូមិ ទោះខាតប្រាក់ដោយសារបញ្ហាទីផ្សារក្តី
26, Aug 2021 , 10:23 am        
រូបភាព
បាត់ដំបង៖ លោក ពន រ៉ូបាំង ជាកសិករដាំខ្ទឹមស្លឹក និងដំណាំមួយចំនួនទៀត ក្នុងខេត្តបាត់ដំបង ដែលកំពុងប្រឈមនឹងការខាតបង់ ដោយសារតម្លៃថោក និងពិបាករកឈ្មួញទិញ។ ទោះបីប្រឈមនឹងខាតបង់ តែលោក ពន រ៉ូបាំង មិនបោះបង់ការដាំឡើយ ព្រោះចង់ផ្ដល់ការងារ​ឱ្យអ្នកភូមិ និងមិនដឹងប្រកបរបរអ្វីក្រៅពីដាំខ្ទឹមស្លឹកនេះ។


លោក​ ពន រ៉ូបាំង ជាកសិករមួយរូប ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានចាប់ផ្ដើមដាំខ្ទឹមស្លឹកផ្គត់ផ្គង់លើទីផ្សារជាងមួយឆ្នាំ នៅលើផ្ទៃដីជាងមួយហិកតា។ មុខរបរនេះ មិនកបឡើយ សម្រាប់កសិកររូបនេះ ដែលត្រូវខាតបង់មួយលើកជាពីរលើក ដោយសារតម្លៃចុះថោក និងពិបាករកឈ្មួញទទួលទិញ។
 
«កាលមិនទាន់ដាំ ខ្ទឹមមួយគីឡូក្រាម ១២,០០០រៀល ទៅ ១៧,០០០រៀល អីដែរ! ហើយបើថោកណាស់ក៏ ៣,០០០រៀល ទៅ ៤,០០០រៀលដែរ។ តែដល់ពេលខ្ញុំដាំ ហើយប្រមូលផលលក់ លក់បានតែ១,៥០០រៀល ទៅ២,០០០រៀលទេ»។ នេះជាការលើកឡើងរបស់ លោក​ រ៉ូបាំង ដោយបន្ថែមថា ក្រៅពីតម្លៃថោកនេះ បច្ចុប្បន្នក៏ពិបាករកអ្នកទិញ ហើយ​ឈ្មួញធ្លាប់ទិញ ក៏លក់មិនដាច់ដូចគ្នា ដោយសារផ្សារមួយចំនួន ក្នុងខេត្តបិទបណ្ដោះអាសន្ន ព្រោះការឆ្លងរាលដាលជំងឺកូវីដ-១៩។
 
លោក រ៉ូបាំង នៅសល់ខ្ទឹមស្លឹក​ប្រមាណ ៣តោនទៀតដែលមិនទាន់ដក ខណៈស្លឹកខ្ទឹមលើផ្ទៃដីប្រមាណ ៦,៤០០ម៉ែត្រការ៉េទៀត នឹងត្រូវដកលក់បន្ទាប់ប្រមាណជា ១០ថ្ងៃ ទៅ ១៤ថ្ងៃទៀត។ កសិករវ័យ៣៦ឆ្នាំរូបនេះ ព្រួយបារម្ភលើខ្ទឹមប្រមាណ ៣តោន ដែលមិនទាន់លក់ចេញនោះ និងអាចខូចខាតបើទុកដល់ ១០ថ្ងៃទៀត។
 
កាលពីបីបួនខែមុន លោក រ៉ូបាំង បានប្រមូលផលខ្ទឹមស្លឹករបស់ខ្លួនម្ដងរួចមកហើយ ប៉ុន្តែអំឡុងការប្រមូលលើកទី១នោះ លោកដកលក់បានត្រឹមតែកន្លះហិកតាប៉ុណ្ណោះ ហើយបានខូចខាតជាងកន្លះហិកតា។ ការខាតនៅពេលនោះ ដោយសារមិនមានអ្នកទិញ ខណៈកន្លងមកស្លឹកខ្ទឹមរបស់ខ្លួន ធ្លាប់ផ្គត់ផ្គង់ដល់ឈ្មួញនៅខេត្តបាត់ដំបង កំពង់ចាម និងចែកចាយបន្តទៅកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាបជាដើម។
 
នៅលើផ្ទៃដីជាងមួយហិកតា លោក រ៉ូបាំង ចំណាយទុនអស់៥ពាន់ដុល្លារ លើថ្លៃដាំ ថ្លៃជី កម្មករថែទាំ និងចំណាយលើថ្លៃពូជស្លឹកខ្ទឹមអស់ប្រមាណ ១២លានរៀល។ ថ្វីបើការដាំខ្ទឹមស្លឹក ត្រូវចំណាយទុនក្រែល ហើយត្រូវប្រឈមខាត កសិកររូបនេះ នឹងមិនបោះបង់ការដាំឡើយ។ លោកពន្យល់ដូច្នេះថា៖ «ទោះបីប្រឈមខាត តែខ្ញុំមិនឈប់ដាំទេ ព្រោះបើឈប់ទៅខ្ញុំមិនដឹងរកអ្វី ម្យ៉ាងទៀតខ្ញុំបន្តដាំទៅ ក៏បានផ្ដល់ការងារប្រាក់ចំណូលដល់អ្នកភូមិជាង២០នាក់»។
 
ក្រៅពីដំណាំខ្ទឹមស្លឹកនេះ លោក ពន រ៉ូបាំង ក៏មានដាំបន្លែផ្សេងៗមួយចំនួនរួមមាន ស្ពៃជើងទា ស្ពៃក្ដោប ពោត និងដំឡូងជាដើម នៅលើផ្ទៃដីប្រមាណ ២៤ហិកតា។ ដំណាំទាំងនោះ ក៏ជួបបញ្ហាតម្លៃដែរ ប៉ុន្តែអាចទប់ទល់នឹងការចំណាយបាន ថ្វីបើមិនចំណេញច្រើនក៏ដោយ។
 
ជុំវិញបញ្ហានេះ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លើកឡើងថា មិនត្រឹមតែខ្ទឹមស្លឹកឡើយដែលជួបបញ្ហានេះ គឺបន្លែដទៃទៀតរបស់កសិករក្នុងខេត្តបាត់ដំបង ក៏ជួបបញ្ហាការលក់ចេញ និងតម្លៃនេះដែរ។ បញ្ហានេះ លោកប្រធានមន្ទីរកសិកម្មខេត្តថា បណ្ដាលមកពីការរាលដាល នៃជំងឺកូវីដ-១៩​ ធ្វើឱ្យផ្សារ និងភោជនីយដ្ឋាន ក្នុងខេត្តបាត់ដំបងត្រូវបិទបណ្ដោះអាសន្ន។
 
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី២៥សីហានេះ មន្ត្រីមន្ទីរកសិកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ចុះទៅទីតាំងផ្ទាល់ ដើម្បីដោះស្រាយជូនគាត់បន្តទៀត ខណៈបណ្ដាផ្សារទាំងអស់ក្នុងខេត្តបាត់ដំបង ចាប់បើកដំណើរការវិញកាលពីម្សិលមិញ។ តាមការបញ្ជាក់បន្ថែមពី លោក ឈឹម វជិរា ទោះបីកម្ពុជា ក៏ដូចជាខេត្តបាត់ដំបង កំពុងទទួលរងការគំរាមកំហែងពី​ជំងឺកូវីដ-១៩ ប៉ុន្តែសកម្មភាពផលិតកម្មកសិកម្មបន្លែចម្រុះ នៅក្នុងខេត្តបាត់ដំបងមិនមានការថយចុះនោះឡើយ។ ជារៀងរាល់ឆ្នាំ ខេត្តបាត់ដំបង មានផ្ទៃដីប្រមាណ ២,០០០ហិកតា ក្នុងការដំាំដុះបន្លែចម្រុះ សម្រាប់ការប្រើប្រាស់ក្នុងខេត្ត និងនាំចេញទៅបណ្ដារាជធានី-ខេត្តមួយចំនួន៕
 
 
 
 

Tag:
 ThmeyThmey25
  ពន រ៉ូបាំង
  អ្នកដាំខ្ទឹមស្លឹក
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com