កីឡាអន្តរជាតិ
អន្តរជាតិ
Guardiola កំណត់ពេលចាកចេញពី Man City ខណៈការចរចាយក Kane ពី Spurs បរាជ័យ
26, Aug 2021 , 11:38 am        
រូបភាព
លោក Pep Guardiola នឹងចាកចេញពីក្រុម Manchester City នៅពេលកិច្ចសន្យារបស់លោកផុតកំណត់នៅឆ្នាំ ២០២៣ ដោយដាក់គោលដៅដឹកនាំក្រុមជម្រើសជាតិវិញ។ ការបង្ហើបពីការចាកចេញនេះ ក៏ស្របពេល Man City បរាជ័យក្នុងការនាំយក Harry Kane ពី Tottenham Hotspur ផងដែរ។


«ជំហានបន្ទាប់ ខ្ញុំនឹងទៅដឹកនាំក្រុមជម្រើសជាតិប្រសិនបើមានលទ្ធភាព»។ នេះជាការបញ្ជាក់របស់លោក Guardiola ដែលត្រូវបានកាសែត Marca ដកស្រង់សម្តីចុះផ្សាយនៅថ្ងៃទី២៥ ខែសីហា មុនបន្ថែមថា៖ «បន្ទាប់ពីរយៈពេល៧ឆ្នាំនៅក្លិបអង់គ្លេសនេះ ខ្ញុំគិតថាខ្ញុំនឹងសម្រាក។ ខ្ញុំនឹងត្រូវសម្រាកបន្ទាប់ពីខ្ញុំនៅកន្លែងណាមួយច្រើនឆ្នាំ ហើយក៏ជំហ៊ានបន្ទាប់ខ្ញុំនឹងព្យាយាមរៀនសូត្រពីគ្រូបង្វឹកវិញម្តង»។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Guardiola មិនទាន់បញ្ជាក់ថានឹងដឹកនាំក្រុមជម្រើសជាតិណាមួយឡើយ ខណៈលោកអះអាងថាលោកចង់ធ្វើគ្រូបង្វឹកដើម្បីឈ្នះជើងឯកអឺរ៉ុប Euro ឬជើងឯកអាមេរិកខាងត្បូង Copa America ឬក៏ FIFA World Cup ជាដើម។
 
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ វ័យ៥០ឆ្នាំរូបនេះ ជួយក្រុមរហស្សនាមមេឃខៀវឈ្នះជើងឯកPremier League ចំនួន៣លើកក្នុងរយៈពេល៥រដូវកាល ដែលជាចំនួនច្រើនជាងក្រុមមុនៗដែលលោកធ្លាប់ដឹកនាំដូចជា Bayern Munich និង Barcelona។ យ៉ាងណា មានតែពានរង្វាន់ Champions League ប៉ុណ្ណោះ ដែល Guardiola មិនទាន់ទទួលបានជាមួយ Man City ដូចកាលលោកដឹកនាំ Barcelona។
 
ការបង្ហាញពីគម្រោងចាកចេញពី Etihad របស់ Guardiola ធ្វើឡើងបន្ទាប់ពី Man City បរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Kane ពី Spurs ទៅរួមក្រុមនៅរដូវកាលថ្មីនេះ។ ខ្សែប្រយុទ្ធឆ្នើម និងជាប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានប្រកាសហើយថារូបគេនៅបន្តស្នាក់នៅជាមួយមាន់ខ្នាយមាសបន្តទៀត ក្រោយរូបគេចង់ចាកចេញពីក្រុមកន្លងមក។
បើតាមការផ្សាយរបស់កាសែតល្បីជាច្រើន Man City និង Spurs ចរចាមិនតម្លៃតម្លៃគ្នាក្នុងការផ្ទេរ Kane ដែលជាម្ចាស់ស្បែកជើងមាសពីរដូវកាលជាប់គ្នានេះ៕
 
 

Tag:
 Manchester City
  Pep Guardiola
© រក្សាសិទ្ធិដោយ thmeythmey.com