ជាតិ
លោក ចេងហេង កែច្នៃមៀនប៉ៃលិន ដើម្បីជួយកសិករកំពុងជួបបញ្ហាទីផ្សារ
26, Aug 2021 , 7:59 pm        
រូបភាព
លោក អ៊ុយ ចេងហេង ស្ថាបនិកសហគ្រាសកែច្នៃផ្លែឈើស្រស់ ក្នុងខេត្តបាត់ដំបង។ រូបភាពផ្ដល់ដោយ លោក អ៊ុយ ចេងហេង។
លោក អ៊ុយ ចេងហេង ស្ថាបនិកសហគ្រាសកែច្នៃផ្លែឈើស្រស់ ក្នុងខេត្តបាត់ដំបង។ រូបភាពផ្ដល់ដោយ លោក អ៊ុយ ចេងហេង។
ភ្នំពេញ៖ លោក អ៊ុយ ចេងហេង ជាម្ចាស់អាជីវកម្មកែច្នៃផ្លែឈើស្រស់ ក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ នាពេលថ្មីៗនេះ ម្ចាស់សហគ្រាសនេះ បានកែច្នៃមៀនស្រស់ ជាមៀនក្នុងកែវ ដើម្បីចូលរួមចំណែកជួយដោះស្រាយបញ្ហាគ្មានទីផ្សារ របស់កសិករ។ បច្ចុប្បន្នផលិតផលថ្មីនេះ កំពុងទទួលបានការគាំទ្រពីអតិថិជន ខណៈគម្រោងផលិតត្រូវការមៀនស្រស់ ១តោនក្នុងមួយថ្ងៃ។


វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យកសិផលមៀនប៉ៃលិនជាប់គាំង ខណៈការនាំចេញទៅប្រទេសចិនមិនទាន់អាចសម្រេចបាន។ បញ្ហានេះ ត្រូវបានរាជរដ្ឋាភិបាល និងពលរដ្ឋមួយចំនួន បានចុះជួយប្រមូលទិញពីកសិករ។ ស្របពេលយុទ្ធនាការទិញមៀន លោក អ៊ុយ ចេងហេង បានយកផ្លែមៀន ផលិតជាមៀនក្នុងកែវផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយចាប់ផ្ដើមដាក់លក់បានជាងមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយស្រាវជ្រាវពីបច្ចេកទេសផលិត ៨ខែមក។
 
លោក អ៊ុយ ចេងហេង ស្ថាបនិកសហគ្រាសកែច្នៃផ្លែឈើស្រស់ យីហោ Navita ពន្យល់ពីការចាប់ផ្ដើមកែច្នៃមៀនដូច្នេះថា៖ «ការពិតក្រុមការងារខ្ញុំធ្វើតេស្តមៀនក្នុងកែវនេះ តាំងពីដើមឆ្នាំ[២០២១]មកម្លេះ ដោយនឹងគ្រោងដាក់លក់នៅដើមឆ្នាំ២០២២ទេ តែគាប់ជួនបច្ចុប្បន្នទីផ្សារផ្លែមៀនកំពុងជួបប្រទះបញ្ហាមិនអាចនាំចេញមៀនទៅក្រៅបាន។ ដូច្នេះហើយទើបពួកខ្ញុំចាប់ផ្ដើមបញ្ចេញលក់នៅពេលនេះ ដើម្បីចូលរួមចំណែកតូចមួយ ដល់កសិកររបស់យើង»។
  

ដំណើរការផលិតមៀន របស់សហគ្រាស់ Navita។ រូបភាពផ្ដល់ដោយ លោក អ៊ុយ ចេងហេង។

បច្ចុប្បន្នមៀនប៉ៃលិនក្នុងកែវរបស់លោក ចេងហេង មានលក់តាមប្រព័ន្ធអនឡាញ តាមបណ្ដា Mart និង ផ្សារទំនើបខ្លះក្នុងរាជធានីភ្នំពេញ។ ក្នុងសប្ដាហ៍ដំបូង នៃការបញ្ចេញលក់មៀនក្នុងកែវនេះ លោក អាចលក់បានប្រមាណ ២,៤០០កែវ ដោយប្រើប្រាស់ផ្លែមៀនស្រស់ចំនួន ១០តោន។ លោក ចេងហេង សប្បាយចិត្តដែលការបញ្ចេញលក់លើកដំបូងនេះ លក់អស់គ្មានសល់ ហើយលោកក៏នឹងពង្រីកទីផ្សាររបស់ខ្លួន បើអតិថិជននៅតែបន្តការគាំទ្រ។
 
ចំពោះមៀនប៉ៃលិនក្នុងកែវ លោក ចេងហេង ជាអ្នកផលិត និងកែច្នៃដោយខ្លួនឯង រួមនឹងប្អូនស្រី ដែលជាសហស្ថាបនិក បានបញ្ចប់ថ្នាក់វិស្វកម្មវិទ្យាសាស្ត្រចំណីអាហារ។
ស្ថាបនិកវ័យ២៨ឆ្នាំរូបនេះ អះអាងថាមៀនដែលខ្លួនផលិតនោះ មិនមានប្រើប្រាស់នូវសមាសធាតុរក្សាផលិតផលឡើយ គឺផលិតដោយបច្ចេកទេសម្យ៉ាងហៅថា Pasteurize។


ផលិតផលមៀនក្នុងកែវ របស់សហគ្រាស Navita។ រូបភាពផ្ដល់ដោយ លោក អ៊ុយ ចេងហេង។ 

«មៀនប៉ៃលិនក្នុងកែវនេះ យើងមិនប្រើប្រាស់សមាសធាតុរក្សាផលិតផលទេ គឺប្រើប្រាស់បច្ចេកទេស Pasteurize។ Pasteurize ហ្នឹង គឺយើងចំហុយមៀនឱ្យល្អហើយឆ្អិន បន្ទាប់មកយើងរក្សាទុកក្នុងកែវដោយចំហុយ តែត្រូវប្រាកដថាបិទគ្របជិត គ្មានខ្យល់ចូល»។ នេះជាការលើកឡើងរបស់ លោក ចេងហេង ដោយបន្ថែមថា តាមរយៈបច្ចេកទេសនេះ អាចរក្សាគុណភាពផលិតផលបាន៨ខែ ដែលមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
 
តាមរយៈការកែច្នៃមៀននេះ ស្ថាបនិកNavita យល់ឃើញថាវាជាការចាប់ផ្ដើមដ៏ប្រសើរមួយសម្រាប់សហគ្រាសរបស់ខ្លួន និងកសិករដាំមៀនក្នុងស្រុក។ លោក ចេងហេង រំពឹងថា ផលិតផលរបស់ខ្លួន នឹងអាចប្រកួតប្រជែងផលិតផលនាំចូលក្រៅប្រទេសផងដែរ ដោយសម្អាងលើគុណសម្បត្តិសហគ្រាសខ្លួន។ 
 
មៀន ដែលយកមកផលិតនេះ បានប្រមូលទិញពីកសិករដាំមៀន ក្នុងស្រុកសំឡូត និងស្រុករតនមណ្ឌល ក្នុងខេត្តបាត់ដំបង ខណៈបច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការនៃការចុះកុងត្រាទិញមៀន ពីសមាគមអ្នកដាំមៀនផងដែរ។ ក្រៅពីការកែច្នៃជាមៀនក្នុងកែវនេះ លោក ចេងហេង ក៏បានបង្ហើបពីគម្រោងបន្ទាប់របស់ខ្លួន ដែលយកមៀនទៅផលិតជា តំណាប់មៀន មៀនស្ងួត ម្សៅមៀន និងភេសជ្ជៈ នាពេលឆាប់ៗខាងមុខ។
 
សូមជម្រាបផងដែរថា សហគ្រាសកែច្នៃផ្លែឈើស្រស់Navita ដំណើរការចុងឆ្នាំ២០២០ ក្នុងខេត្តបាត់ដំបង។ ក្រៅពីកែច្នៃមៀន សហគ្រាសនេះ ក៏បានកែច្នៃផ្លែឈើក្នុងស្រុកមួយចំនួនទៀតផងដែរ រួមមាន ស្វាយ ម្នាស់ ស្រកានាគ និងផ្លែឈើក្នុងស្រុកមួយចំនួនទៀត និងកំពុងសិក្សាទីផ្សារនាំចេញទៅក្រៅប្រទេស៕


លោក អ៊ុយ ចេងហេង និង សហស្ថាបនិក កញ្ញា អ៊ុយ សុធារីណា។រូបភាពផ្ដល់ដោយ លោក អ៊ុយ ចេងហេង។ 
 
 

Tag:
 ThmeyThmey25
  មៀនប៉ៃលិន
  បាត់ដំបង
  អ៊ុយ ចេងហេង
  Navita
© រក្សាសិទ្ធិដោយ thmeythmey.com