ជាតិ
តំបន់ប្រាសាទកោះកេរ ដែលកម្ពុជាសុំចុះបញ្ជីបេតិកភណ្ឌពិភពលោក នឹងត្រូវសម្រេចនៅឆ្នាំ២០២២
27, Aug 2021 , 8:59 am        
រូបភាព
ប្រាសាទកោះកេរ គឺជាអតីតទីតាំងរាជធានីខ្មែរ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ពោលគឺមានអាយុកាលជាង១ ០០០ឆ្នាំមកហើយ។
ប្រាសាទកោះកេរ គឺជាអតីតទីតាំងរាជធានីខ្មែរ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ពោលគឺមានអាយុកាលជាង១ ០០០ឆ្នាំមកហើយ។
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជូនឯកសារ ស្នើសុំចុះបញ្ជីតំបន់ប្រាសាទកោះកេរ ទៅអង្គការយូណេស្កូរួចហើយ កាលពីខែមករាឆ្នាំ២០២១។ តំបន់ប្រាសាទកោះកេរ ដែលស្នើទៅអង្គការយូណេស្កូ មានផ្ទៃដីទំហំជាង ៨,៧០០ហិកតា ស្ថិតនៅក្នុងស្រុកគូលែន ឃុំស្រយង់ ដោយគ្របដណ្ដប់ភូមិ៣ គឺភូមិរំចេក ភូមិកោះកេរ និងភូមិស្រយង់ជើង នៃខេត្តព្រះវិហារ។ នេះបើតាមលោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។


លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានប្រាប់សារព័ត៌មានថ្មីៗថា អ្នកជំនាញការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការងាររួមគ្នាជាមួយ អ្នកជំនាញការអាជ្ញាធរជាតិអប្សរា អ្នកជំនាញការអាជ្ញាធរជាតិព្រះវិហារ និងជាមួយអ្នកជំនាញការអន្តរជាតិមួយចំនួនទៀត អស់រយៈពេល៤ឆ្នាំមកហើយ ដើម្បីចងក្រងឯកសារគោលសំខាន់ៗចំនួន៣ សម្រាប់ស្នើទៅអង្គការយូណេស្ដូ។ 
 
ឯកសារគោលសំខាន់ទាំង៣នោះគឺ ទី១ ឯកសារស្នើសុំចុះបញ្ជី ដោយនិយាយអំពីតម្លៃលេចធ្លោរបស់រមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីឱ្យគណៈកម្មការវាយតម្លៃ និងចុះបញ្ជីរមណីយដ្ឋាននោះ។ ចំពោះឯកសារគោលទី២ គឺផែនការគ្រប់គ្រង។ ឯកសារនេះ បរិយាយអំពីរបៀបនៃការគ្រប់គ្រងរមណីយដ្ឋាន របៀបនៃការអភិរក្ស របៀបនៃការគ្រប់គ្រងប្រជាជន និងរបៀបនៃការគ្រប់គ្រងលើគ្រោះមហន្តរាយ ដែលអាចប៉ះពាល់ទៅលើរមណីយដ្ឋាន។
 
ចំណែកឯកសារទី៣ ពាក់ព័ន្ធនឹងផែនការមេសម្រាប់គ្រប់គ្រងទេសចរណ៍ក្នុងតំបន់នោះ ដោយបង្ហាញពីរបៀបនៃការគ្រប់គ្រងទេសចរណ៍ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីអាចទទួលភ្ញៀវទេសចរណ៍ និងដើម្បីធ្វើយ៉ាងណា មិនឱ្យទេសចរណ៍មានផលប៉ះពាល់ដល់តម្លៃរបស់ប្រាសាទ។



បើតាមលោក គង់ ពុទ្ធិការ អង្គការយូណេស្កូ នឹងមានកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកនៅប្រទេសរុស្សី ហើយតំបន់ប្រាសាទកោះកេរ នឹងដាក់ជារបៀបវីរៈមួយ ដើម្បីពិភាក្សានិងសម្រេច នៅក្នុងខែកក្កដា ឆ្នាំ២០២២ខាងមុខ។
 
អគ្គនាយកអាជ្ញាធរជាតិព្រះវិហាររូបនេះ បានពន្យល់បន្ថែមថា៖«យើងមានសង្ឃឹមថានឹងជាប់ហើយ ទើបយើងប្រឹងប្រែងអស់រយៈពេល៤ឆ្នាំមកនេះ។ ដោយសារយើងគិតថាប្រាសាទកោះកេរ មានលក្ខណៈលេចធ្លោ និងពិសេស ដែលខុសពីតំបន់អង្គរ ឬក៏ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក។ ការរៀបចំឯកសារ យើងបានគិតគូរយ៉ាងហ្មត់ចត់ យើងបានវិភាគ និងសិក្សាស៊ីជម្រៅលើតម្លៃរបស់ប្រាសាទ»។
 
លោក គង់ ពុទ្ធិការ បានអះអាងថា អ្នកជំនាញអន្តរជាតិ ក៏បានឱ្យតម្លៃលើរមណីយដ្ឋានកោះកេដែរ។«អ្នកជំនាញការអន្តរជាតិធំៗ ក៏បានវាយតម្លៃខ្ពស់ចំពោះរមណីយដ្ឋានហ្នឹងដែរ។ យើងបានសុំឱ្យមិត្តមួយចំនួននៅក្នុងអង្គការយូណេស្កូ ជួយពិនិត្យនិងវាយតម្លៃដែរ មុននឹងសម្រេចចិត្តដាក់ទៅ។ យើងមិនចង់ឱ្យពលរដ្ឋយើងខកចិត្តទេ ដូច្នេះយើងនឹងខិតខំឱ្យអស់លទ្ធភាព»។ នេះបើតាមលោក ពិទ្ធិការ។
 
ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ដោយមាន៧ជាន់ និងមានកម្ពស់៣៥ម៉ែត្រ។ លក្ខណៈពិសេសរបស់ប្រាសាទកោះកេរ គឺមានប្រាសាទពីរ៉ាមីត ដែលជាប្រាសាទល្អឯកមួយក្នុងប្រទេសកម្ពុជា។ បន្ថែមពីនោះ ចម្លាក់នៅក្នុងប្រាសាទកោះកេរគឺជាចម្លាក់ទោល មិនជាប់នឹងជញ្ជាំងប្រាសាទដូចនៅប្រាសាទអង្គរវត្តឡើយ ហើយចម្លាក់មានលក្ខណៈធំៗជាងនៅប្រាសាទអង្គរ៕
 

Tag:
 ប្រាសាទ
  យូណេស្កូ
  ក្រសួងវប្បធម៌
  បេតិកភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com