ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ សម្រេចយក​ស្តង់ដា​រអន្តរជាតិ​ចំនួន២០ទៀត មក​អនុវត្ត
27, Aug 2021 , 8:59 pm        
រូបភាព
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម។
ភ្នំពេញ៖ ក្រុម​ប្រឹក្សា​ស្តង់ដា​រជាតិ​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និង​នវានុវត្តន៍ បាន​អនុម័ត​ស្តង់ដា​រអន្តរជាតិ​ ​ចំនួន២០​ទៀត មក​អនុវត្ត​ជា​ស្តង់ដារ​ជាតិ។ ការ​អនុម័ត​នេះ គឺបាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​លើក​ទី៤នៃ​ក្រុម​ប្រឹក្សា​ស្តង់ដា​ជាតិ​ នា​ថ្ងៃទី២៦សីហា តាម​ប្រព័ន្ធប្រព័ន្ធអនឡាញ(Zoom) ក្រោមវត្តមាន​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម។

 
កម្ពុជាបាន​សម្រេច​យក​ស្តង់ដារ ISO, IEC និង​ស្តង់ដារ UNECE Regulation ចំនួន២០​ទៀត មក​អនុវត្ត​ជា​ស្តង់ដារ​ជាតិ។ ស្តង់ដារ​ទាំង​នោះ មាននៅផ្នែក​ស្តង់ដា​រសំណង់ និង​សម្ភារ​សំណង់,  ផ្នែក​ស្តង់ដារ​ប្រព័ន្ធ​គ្រប់គ្រង, ផ្នែក​ស្តង់ដារ​សារធាតុ និង​ផលិតផល​គីមី, ​ផ្នែក​ស្តង់ដារ​ផលិតផល​អគ្គិសនី និង​អេឡិចត្រូនិក ព្រមទាំងផ្នែក​ផលិតផល​ស្តង់ដារ​កៅស៊ូ, ផ្នែក​ស្តង់ដារ​យានយន្ត ផ្នែក​ផលិតផល​គ្រឿង​សម្អាង និង​ផ្នែក​ស្តង់ដារ​ឌីជីថល។ នេះបើយោងតាមផ្សាយរបស់ក្រសួងឧស្សាហកម្ម។  
 
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម  បានថ្លែងនៅក្នុងកិច្ច​ប្រជុំ​លើក​ទី៤នៃ​ក្រុម​ប្រឹក្សា​ស្តង់ដា​ជាតិ​ នា​ថ្ងៃទី២៦សីហា ឆ្នាំ២០២១ ថា​ ការ​ប្រែ​ស្តង់ដារ​អន្តរជាតិ​ចំនួន២០ទៀត មក​ធ្វើ​ជា​ស្តង់ដារ​ជាតិ​នេះ បាននាំឱ្យ​កម្ពុជា ​មាន​ស្តង់ដា​រជាតិ​កើន​ដល់​ចំនួន៩៨៨ហើយ។  លោកបានបញ្ជាក់ដូច្នេះ៖ «ការ​សម្រេច​យក​ស្តង់ដា​រអន្តរជាតិ​មក​ធ្វើ​ជា​ស្តង់ដារ​ជាតិនេះ គឺ​មិនមែន​យើង​ចេះ​តែ​អនុម័ត​ហើយ​ទុក​ចោល​ទេ»។ 
 
បើតាមរដ្ឋមន្ត្រីឧស្សាហកម្មរូបនេះស្តង់ដារដែលបានអនុម័តទាំងនេះ ​គឺជា​តម្រូវ​ការ​ពិត​ប្រាកដក្នុង​ការ​អនុវត្ត ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម កិច្ច​ការពារ​សុវត្ថិភាព និង​ការ​ទាក់​ទាញ​ការ​វិនិយោគ​ដ៏​សំខាន់​សម្រាប់​ពេល​បច្ចុប្បន្ន និង​អនាគត ដូចជា ស្តង់ដារ​យានយន្ត​ប្រើ​ថាមពល​អគ្គិសនី និង​ស្តង់ដារ​ឌីជីថល គឺ​ជា​តម្រូវការ​ចាំបាច់​ចាប់​ពីបច្ចុប្បន្នរហូត​ទៅ​អនាគត។
 
លោក ចម ប្រសិទ្ធ បានបន្តរៀបរាប់ដោយសង្កត់ធ្ងន់ថា៖ «បើទោះ​ជាកម្ពុជា​មាន​ច្រក​ទីផ្សារ​នាំចេញ​ក្នុង​គោលដៅ​ច្រើន​ប្រទេស​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​ផលិតផល​របស់​កម្ពុជា​គ្មាន​ស្តង់ដា​ទេ នោះ​ទំនិញ​របស់​កម្ពុជា​ក៏​មិន​អាច​លក់ដូរ​ ឬ​នាំចេញ​ក្នុង​ឧត្តមភាព​ប្រកួតប្រជែង​ខ្ពស់​បាន​ដែរ»។ ជាមួយគ្នានេះ លោក បានស្នើ​ឱ្យ​គណៈកម្មការ​បច្ចេកទេស​ទាំង​អស់​បន្ត​ខិតខំ​ច្បិច​យក​ស្តង់ដារ​អន្តរជាតិ​សំខាន់ៗ និង​ចាំបាច់​ចំពោះ​មុខ និង​អនាគត ​មក​ធ្វើ​ជា​ស្តង់ដា​រជាតិ​ឱ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ជា​មូលដ្ឋាន​បម្រើ​ឱ្យ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល៕


កិច្ចប្រជុំលើកទី៤នៃក្រុមប្រឹក្សាស្តង់ដាជាតិ នាថ្ងៃទី២៦សីហា តាមប្រព័ន្ធប្រព័ន្ធអនឡាញ(Zoom)


Tag:
 ឧស្សាហកម្ម
  លោក ចម ប្រសិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com