ជាតិ
នៅកម្ពុជា ដំណាំម្រេចចាប់រីកសាយពីខេត្តកំពត ទៅកែប ព្រះសីហនុ និងតំបន់ដីក្រហម
28, Aug 2021 , 8:59 am        
រូបភាព
ខេត្តកំពត ជាខេត្តដ៏មានសក្តានុពលផ្នែកអេកូទេសចរណ៍មួយដែលមានរមណីយដ្ឋានល្បីល្បាញជាច្រើនកន្លែង រួមទាំងមានសំណង់អាគារ សល់ពីសម័យអាណានិគមជាច្រើនផងដែរ។



ភ្ញៀវទេសចរ កម្រមើលរំលងខេត្តមួយនេះណាស់ នៅថ្ងៃឈប់សម្រាករបស់ពួកគេព្រោះក្រៅពីទីតាំងកម្សាន្តច្រើន ខេត្តនេះក៏អំណោយផលផ្នែកកសិ-ទេសចរណ៍ផងដែរ។ ជាក់ស្តែង ខេត្តនេះត្រូវបានគេស្គាល់ថាជាទឹកដីកំណើតចម្ការម្រេច។ 
 
ខេត្តកំពត ស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជាដែលមានចម្ងាយ១៤៨គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ជាប់ខេត្តកំពង់ស្ពឺ ខេត្តតាកែវនិងខេត្តព្រះសីហនុ។ សៀវភៅខ្ញុំចង់ដឹង របស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា «យល់ដឹងពីភាគខាងត្បូងនិងតំបន់មាត់សមុទ្រកម្ពុជា» បានរៀបរាប់ថាខេត្តនេះមានភ្នំច្រើន ដូចជាភ្នំវល្លិ ភ្នំកំពង់ត្រាច ហើយនៅភាគខាងលិចមានជួរភ្នំដំរីនិងភ្នំកំចាយផងដែរ។ ដើម្បីទាក់ទងជាមួយខេត្តក្រុងឯទៀត កំពតមានផ្លូវជាតិលេខ៣និងផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ។ ទីក្រុងកំពតតាំងនៅមាត់ព្រែក ហើយអាចមើលឃើញភ្នំខ្ពស់ៗ។ 
 
ខេត្តកំពត ត្រូវបានគេស្គាល់ថាជាទឹកដីកំណើតចម្ការម្រេច ដោយ«ម្រេចកំពត» បានចុះបញ្ជីសម្គាល់ម៉ាកផលិតភូមិសាស្រ្តទំនិញរបស់សហភាពអឺរ៉ុបនៅឆ្នា២០១៦។ ដើមម្រេច បានត្រូវជនជាតិចិនដាំឡើងជាចម្ការនៅក្នុងខេត្តកំពតនាសតវត្សទី១៩។ ដើមម្រេចជាវល្លិ ដែលដូចដើមម្លូ ដោយគេកាត់ទងវាមកបណ្តុះលើដី ដែលគេលើកជារងត្រង់ៗវែងៗ។
ម្រេចឲ្យផ្លែ ពេលវាមានអាយុ៣ឆ្នាំ ហើយគេអាចយកផលប្រហែល៣០ឆ្នាំ។
 
នៅលើទីផ្សារគេឃើញមានលក់ម្រេចបៃតង(ម្រេចខ្ចី) ម្រេចខ្មៅ និងម្រេចស។
ដំណាំម្រេចបានរីកសាយចេញពីខេត្តកំពតចូលទៅក្រុងកែប ព្រះសីហនុនិងតំបន់ដីក្រហមនៅខេត្តកំពង់ចាម និងក្រចេះ។ ប៉ុន្តែដំណាំម្រេចជួបវិបត្តិខ្លះៗបណ្តាលមកពីតម្លែប្រែប្រួល។
 
ខេត្តកំពតមានតំបន់ទេសចរណ៍ទាក់ទាញដល់ទៅ២៥កន្លែង ដែលមានតំបន់សមុទ្រ,ទឹកធ្លាក់, ព្រៃកោងកាង និងតំបន់ព្រៃភ្នំជាដើម។ ក្នុងនោះរួមមានទឹកធ្លាក់វាលពួច, ទឹកធ្លាក់តាដា, ទឹកជ្រោះឪម៉ាល់,រមណីយដ្ឋានដូងទេរ, ភ្នំឈ្ងោក, ទឹកជ្រោះពពកវិល, វាលស្រែ៥០០, សួនមេអំបៅ, ឧទ្យានដងព្រែក, ឆ្នេរកែប និងកន្លែងជាច្រើនទៀត។
 
ក្រៅពីនេះ ក៏មានរមណីយដ្ឋានទឹកឈូដែលស្ថិតនៅ៨គីឡូម៉ែត្រពីក្រុងកំពត ដែលមានទិដ្ឋភាពជាទឹកជួរ ហូរកាត់ផ្ទាំងថ្មធំៗមុននឹងហូរដល់ក្រុងកំពត។ គេឃើញមានទឹកច្រើន ហើយហូរខ្លាំងនារដូវវស្សានិងតិចនៅរដូវប្រាំង។ ភ្ញៀវទេសចរភាគច្រើន តែងទៅទស្សនាសម្រស់ទេសភាពទឹកឈូ ងូតទឹកលេងទិញផ្លែឈើ និងមើលសត្វក្នុងសួនសត្វដែលនៅជិតនោះ។ ក្រៅពីនេះ ក៏មានរោងចក្រវារីអគ្គិសនីដែលមានអានុភាព ១៤០ ០០០ គីឡូវ៉ាត់ ស្ថិតនៅលើកន្លែងងូតទឹកបន្តិច។វាបានផ្តល់ថាមពលសម្រាប់ប្រើប្រាស់នៅខេត្តកំពត តាកែវ និងខេត្តព្រះសីហនុ។
ជាមួយគ្នានេះដែរ ខេត្តកំពតត្រូវគេបានរៀបចំស្ថានីយសម្រាក«បូកគោ» នៅឆ្នាំ១៩១៩។
 
វាស្ថិតនៅកម្ពស់ ១.០៨០ម៉ែត្រ លើគែមខាងត្បូងនៃជួរភ្នំដំរី ក្នុង«ឧទ្យានជាតិព្រះមុនីវង្សបូកគោ»។ បូកគោបានទាក់ទាញទេសចរជាតិ និងអន្តរជាតិជាច្រើនមកលេងកម្សាន្តព្រោះវាមានអាកាសតុត្រជាក់ស្រួល ទឹកធ្លាក់ពពកវិលដ៏ស្រស់ស្អាតនិងកន្លែងដែលគេអាចឈរគយគន់សម្រស់ព្រៃធម្មជាតិ៕
 

Tag:
 ថ្មីៗ២៥
  អង្គការស៊ីប៉ា
  ខ្ញុំចង់ដឹង
  កំពត
 ម្រេច
© រក្សាសិទ្ធិដោយ thmeythmey.com